តៃវ៉ាន់ អរគុណអាមេរិក ដែលលក់អាវុធឲ្យខ្លួន ចំពោះមុខការ ខឹងសម្បាររបស់ចិន

តៃប៉ិ៖ រដ្ឋាភិបាលកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ ២០១៥ នេះ បានថ្លែងអំណរ គុណចំពោះ សហរដ្ឋអាមេរិក ដែលបានសម្រេចចិត្ត លក់គ្រឿងសព្វាវុធ តាមការចង់បាន មក ដល់កោះនេះ ដែលមិនធ្លាប់ កើតមានក្នុងរយៈពេល ៤ឆ្នាំមកហើយ។ តៃវ៉ាន់ បានថ្លែង អរគុណ ចំពោះលោក អូបាម៉ា ដែលបានយកឈ្នះ ក្នុងសភា ហើយលក់អាវុធឲ្យតៃវ៉ាន់ បើទោះបីជា មានការប្រឆាំងយ៉ាងដាច់ខាត ពីប្រទេសចិន ក៏ដោយ។

ទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ នេះទៀតថា កិច្ចព្រមព្រៀងនៃ ការលក់អាវុធនេះ អាចនឹងសម្រេចក្នុងរយៈពេលមួយខែ។ វាជាលើកទីបួនសម្រាប់អាមេរិក ដែលលក់អាវុធឲ្យតៃវ៉ាន់ ក្នុងរដ្ឋបាល របស់លោកប្រធានាធិបតីតៃវ៉ាន់ ម៉ា យីងជឺ និង ជាលើក ទីបីក្នុងរដ្ឋបាលរបស់លោក បារ៉ាក់ អូបាម៉ា ដែលបាន លក់អាវុធមកឲ្យតៃវ៉ាន់។ នេះបើតាម សេចក្តីថ្លែងការណ៍ពីការិយាល័យប្រធានាធិបតី និង ក្រសួងការពារជាតិ តៃវ៉ាន់។

គួរបញ្ជាក់ថា គ្រឿងសព្វាវុធទំនើបៗ ដែលតៃវ៉ាន់ គ្រោងទិញពីអាមេរិកនោះ មានដូចជា នាវាចម្បាំងបំពាក់ប្រព័ន្ធ នាំផ្លូវគ្រាប់មីស៊ីល ចំនួនពីរគ្រឿង, អាវុធប្រយុទ្ធ និង មីស៊ីលកម្ទេច ទីតាំង ប៉ុន្តែមិនមាននាវាមុជទឹក និង យន្តហោះ ចម្បាំង ដែលតៃវ៉ាន់ចង់បានបន្ថែមនោះទេ។ សម្រាប់គ្រឿងសព្វាទាំងនេះ មានតម្លៃប្រមាណ ១,៨៣ ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ដោយឡែកសម្រាប់ប្រទេសចិន គ្រាន់តែបានដឹងពីការទិញលក់ អាវុធ រវាងតៃវ៉ាន់ និង អាមេរិក នោះ ខ្លួនបាន ចេញមុខប្រឆាំង ហើយថាវាជាទង្វើមិនត្រឹមត្រូវនោះឡើយ ដែល អាមេរិកធ្វើឡើង ព្រោះវាបានធ្វើឲ្យខូចខាត ដល់កិច្ចព្រមព្រៀង និង ការយោគយល់គ្នា កន្លង មក ដែលអាមេរិកអះអាងថា ខ្លួនគោរពអធិបតេយ្យភាព និង បូរណភាពដែនដីចិន នោះ៕

តៃវ៉ាន់ អរគុណអាមេរិក ដែលលក់អាវុធឲ្យខ្លួន ចំពោះមុខការ ខឹងសម្បាររបស់ចិន