ក្រុមតារាវិទូអូស្រ្តាលី រកឃើញភព ដែលអាចរស់នៅបាន ស្ថិតនៅក្បែរ ប្រព័ន្ធព្រះអាទិត្យ

ស៊ីដនី៖  ក្រុមតារាវិទូជនជាតិអូស្រ្តាលី បានរកឃើញភព ដែលមនុស្សអាចរស់នៅបាន នៅក្រៅប្រព័ន្ធ ព្រះអាទិត្យដែលមានទំហំតូចជាងភពផែនដី៤ដង។ នេះបើយោងតាម ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី ១៧ ខែធ្នូ ឆ្នាំ ២០១៥។

ជាមួយគ្នានេះដែរ ភពដ៏តូច និង ប្រព័ន្ធភពតូចៗដទៃទៀត ត្រូវបានក្រុមតារាវិទូដឹងថា ពួកវា ស្ថិតនៅក្នុង កាឡាក់ស៊ីរបស់យើង។ ដោយឡែក ក្រុមតារាវិទូ នៃមហាវិទ្យាល័យ New South Wales នៃប្រទេសអូស្រ្តាលី បានបង្ហាញថា ពួកគេបានរកឃើញភពចំនួន ៣ ស្ថិតនៅជុំវិញ ក្រុមផ្កាយពណ៌ក្រហមដែលមានរយៈចំងាយ ១៤ឆ្នាំពន្លឺពីប្រព័ន្ធព្រះអាទិត្យរបស់ផែនដី។

បណ្ឌិត Duncan Wright បាននិយាយថា៖  "នេះគឺជាការរកឃើញដ៏អស្ចារ្យមួយ ដែលពូកយើង អាចរកឃើញ ភពមួយក្រុមដែលស្ថិតនៅមិនឆ្ងាយពីយើង។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងចំនោមភព ទាំង៣នេះ មានភពមួយ ត្រូវបានគេរំពឹងទុកថា នឹងអាចរស់នៅបានថែមទៀត។"

ជាក់ស្តែង ភពដ៏តូចនេះ មានម៉ាសតូចជាងទំហំរបស់ផែនដី ចាប់ពី ៤,៣ ដង ទៅ ៥,២ ដង។ ទោះបីជាយ៉ាង ណាក្តី ក្រុមតារាវិទូ នៅតែត្រូវការសិក្សាបន្ថែម ដើម្បីឲ្យយល់កាន់តែច្បាស់ នៃភពដែលអាចរស់ នៅបានបន្ទាប់ ពីភពផែនដីយើងនេះ ដោយការប្រើប្រាស់កែវយឺត នៃ មន្ទីរពិសោធន៍ ភាគខាងត្បូងទំហំ ៣,៦ ម៉ែត្រស្ថិតនៅលើ វាលខ្សាច់នៃប្រទេសឈីលី៕

ក្រុមតារាវិទូអូស្រ្តាលី រកឃើញភព ដែលអាចរស់នៅបាន ស្ថិតនៅក្បែរ ប្រព័ន្ធព្រះអាទិត្យ