ក្រសួងសុខាភិបាល បើកយុទ្ធនាការ ផ្សព្វផ្សាយ ផលប៉ះពាល់ នៃថ្នាំ ជក់ដល់សុខភាព

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៥នេះ បានបើកយុទ្ធនាការ ស្ដីពីផលប៉ះពាល់ នៃផលិតផលថ្នាំជក់ ដល់សុខភាព ក្រោមប្រធានបទ ថ្នាំជក់ធ្វើឲ្យទារករបស់អ្នកស្លាប់ ក្នុងគោលបំណងដាស់តឿន ដល់ប្រជាពលរដ្ឋអំពីគ្រោះថ្នាក់ នៃការស្រូបផ្សែងបារីចំពោះកុមារ ការហាមជក់បារីក្នុងកន្លែងធ្វើការ និងកន្លែងសាធារណៈ។

លោកស្រី ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិ លើកកម្ពស់សុខភាព នៃក្រសួងសុខាភិបាលបានថ្លែងថា “ការស្រូបផ្សែងបារី បង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់អ្នកមិនជក់បារី ដូច្នេះយើងត្រូវដាក់ចេញ នូវវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីបង្ការអ្នកមិនជក់បារី កុំឲ្យស្រូបផ្សែងបារីពីគេតទៅទៀត”។

ចំណែកលោក មុំ គង់ នាយកប្រតិបត្តិ នៃអង្គការចលនា ដើម្បីសុខភាពកម្ពុជាបានថ្លែងថា “គ្មាននរណាចង់ស្រូបផ្សែងបារីពីគេទេ ទោះកំពុងស្ថិតនៅទីណាក៏ដោយ ហេតុនេះហើយ ទើបមានប្រជាពលរដ្ឋរហូតដល់៨៤% កំពុងសំណូមពរ ឲ្យរាជរដ្ឋាភិបាលហាមឃាត់ការជក់បារី នៅភោជនីយដ្ឋាន ៨៥% នៅក្នុងអាគារធ្វើការ និង៨៧% នៅពេលធ្វើដំណើរតាម មធ្យោបាយធ្វើដំណើរសាធារណៈ”។

ដោយឡែកលោក  Sandra Mullin អនុប្រធានអង្គការមូលនិធិសួតពិភពលោក បានសង្កត់ធ្ងន់ថា “យើងអបអរ ចំពោះមជ្ឈមណ្ឌលជាតិ លើកកម្ពស់សុខភាព ដែលបានផ្សព្វផ្សាយយុទ្ធនាការនេះ ដែលជាយុទ្ធនាការមួយ ទទួលបានជោគជ័យនៅប្រទេសជាង២០ ។ យើងជឿជាក់ថា យុទ្ធនាការនេះ នឹងចូលរួមចំណែកជំរុញឲ្យមានការអនុម័ត នូវអនុក្រឹត្យហាមជក់បារីបានយ៉ាងឆាប់រហ័ស”។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាលើសពី ១០៤០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺ ដែលបណ្ដាលមកពីថ្នាំជក់៕