ស្ថានទូតកូរ៉េ នឹងរៀបចំ ព្រឹត្តិការណ៍ “Korea Day for Cambodian Friends” សម្រាប់កម្មករ កម្មការិនី បម្រើការងារឲ្យកូរ៉េ នៅកម្ពុជា

ភ្នំពេញ៖ ស្ថានទូត សាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ Korea Day for Cambodian Friends សម្រាប់កម្មករ កម្មការិនីកម្ពុជា ដែលបម្រើការងារនៅក្រុមហ៊ុន សហគ្រាស កូរ៉េ នៅក្នុងប្រទេសកម្ពុជា នាថ្ងៃអាទិត្យទី២០ខែធ្នូ ឆ្នាំ២០១៥ ចាប់ពីម៉ោង៨ព្រឹកតទៅនៅ ពហុកីឡដ្ឋាន ជាតិអូឡាំពិក ។

តាមសេចក្តីជូនដំណឹង របស់ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ថា កម្មវិធី Korea Day for Cambodian Friends បង្កើតឡើងដើម្បីផ្តល់ឱកាសដល់កម្មករ កម្មការិនី ខ្មែរដែលកំពុងបម្រើការងារ នៅក្នុងក្រុមហ៊ុនកូរ៉េនៅកម្ពុជា បានស្វែងយល់បន្ថែម ឲ្យកាន់តែច្បាស់ និងស៊ីជំរៅអំពីកូរ៉េ។ នេះជាឆ្នាំទី២ ដែលបានបង្កើតព្រឹត្តិការណ៍នេះឡើងហើយឆ្នាំនេះ ក៏ដូចជាឆ្នាំមុន ដែរ មានកម្មករកម្ពុជាប្រមាណ១.២០០នាក់ មកពី៨ក្រុមហ៊ុន បានចុះឈ្មោះចូលរួមលេងកម្សាន្ត។ ពួកគេនឹងត្រូវបែងចែកជា៨ក្រុមធំៗ ទៅតាមក្រុមហ៊ុន ដើម្បីលេងល្បែងអត្តពលកម្មដូចជា ទាញព្រ័ត្រ, រត់បណ្តាក់, បាល់ទះ, វាយបាល់ឡុង ។ល។

អ្នកចូលរួមទាំងអស់អាចរីករាយកម្សាន្តជាមួយកម្មវិធី Korea Fun Fun ដែលស្ថានទូតបានរៀបចំឡើង ដាច់ដោយឡែកមួយផ្សេងទៀត ។ នៅក្នុងកម្មវិធី Korea Fun Fun មានកម្មវិធីជាច្រើនទៀតដូចជា សួរ សំណួរអំពីកូរ៉េ, ស្លៀកសម្លៀកបំពាក់ប្រពៃណីកូរ៉េ ហាន់បុក, រីករាយជាមួយរូបភាពសិល្បៈកូរ៉េ, ភ្លក្សម្ហូប កូរ៉េ ។ល។

ក្នុងពិធីបើកព្រឹត្តិការណ៍Opening Ceremonyខាងលើនេះនឹងមានវត្តមានរបស់លោកគីម វ៉ុនជីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ, លោក អ៊ំ មាន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងលោក ផាក ចង់គឺន ប្រធានសមាគមន៍វាយនភណ្ឌកូរ៉េ (Korean Garment Manufacturers Associations in Cambodia) ចូលរួមជាភ្ញៀវកិត្តិយស។

តាមរយៈព្រឹត្តិការណ៍នេះស្ថានទូតសង្ឃឹមថា កម្មករ កម្មការិនីកម្ពុជាដែលបម្រើការងារ ឲ្យក្រុមហ៊ុន រោងចក្រកូរ៉េ ជាច្រើននឹងយល់ដឹងអំពីកូរ៉េបានកាន់តែច្បាស់ និងមានអារម្មណ៍កាន់តែស្និទ្ធស្នាល ជាមួយគ្នា ហើយចំណងមិត្តភាព ដែលផ្តើមចេញពីពួកគេនឹងធ្វើឲ្យទំនាក់ទំនងកូរ៉េ-កម្ពុជាកាន់តែរឹងមាំ ឡើងថែមទៀត។

សូមបញ្ជាក់ថា ក្នុងចំណោមកម្មវិធីជាច្រើន ដែលរៀបចំដោយស្ថានទូតក្នុងឆ្នាំ២០១៥នេះ កម្មវិធីដែល សំខាន់និងមានអត្ថន័យជាងគេគឺ Korea Day for Cambodian Friends ដែលសង្ឃឹមថានឹងទទួលបាន ចំណាប់អារម្មណ៍ខ្លាំងពីសំណាក់កម្មករកម្មការិនី ពិសេសអ្នកសារព័ត៌មាន៕

ស្ថានទូតកូរ៉េ នឹងរៀបចំ ព្រឹត្តិការណ៍ “Korea Day for Cambodian Friends” សម្រាប់កម្មករ កម្មការិនី បម្រើការងារឲ្យកូរ៉េ នៅកម្ពុជា