បុរស​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​បាក់​ឆ្អឹង​ជំនី​៣កង់ឈឺ​ដេក​កន្ទេល​ដង្ហោយ​រក​ជំនួយ​

​​រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា បុរស​ជា​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់ឈ្មោះ​ឃុត ថន​ថេ អាយុ​៥៤​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៩ ផ្ទះ​លេខ​៦៤ ភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយ​ចង្វារ​បាន​លើក​ដៃ​សំពះ​ដង្ហោយ​រក​ជំនួយ​ បន្ទាប់​ពី​​គាត់​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃ​ទី​៨ ធ្នូ នៅ​តាម​ផ្លូវ​ជាតិ​លេខ​៥ សង្កាត់​ទួល​សង្កែ ។

តាម​ការ​ឱ្យ​ដឹង​ពី​បុរស​ខាង​លើ​បាន​ឱ្យ​ដឹង​ថា គាត់​មាន​ស្រុក​កំណើត​នៅ​ភូមិ​កំពង់​លាវ ឃុំ​ឡូ៣ ស្រុក​ព្រៃ​វែង ខេត្ត​ព្រៃ​វែង​ ​។ គាត់​ជាកូន​កំព្រា​ឪពុក​ម្តាយ មាន​បង​ប្អូន​៣នាក់​ តែ​បាន​ស្លាប់​អស់​ហើយ​តាំង​ពី​ជំនាន់​ប៉ុល​ ពត។ 

បច្ចុប្បន្ន​គាត់​ពុំ​មាន​សាច់​ញាតិ​ទេ ប្រកប​មុខ​របរ​រត់​ម៉ូតូ​ឌុប​ ហើយ​ជា​អកុសល​នៅ​យប់​ថ្ងៃ​ទី​៨ ធ្នូ គាត់​បាន​ដឹក​ស្ត្រីម្នាក់​ទៅ​ក្លិប​ លុះ​ពេល​ត្រឡប់​មក​វិញ​ស្រាប់តែ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ត្រូវ​រថ​យន្ត​គ្លីនិក​ដឹក​យក​ទៅ​ព្យាបាល​ ដោយ​គាត់​បាន​សន្លប់​អត់​ដឹង​ខ្លួន​រយៈ​ពេល​៣​ថ្ងៃ​ ។

បុរស​ខាងលើ​បន្ត​ថា ក្រោយ​មក​​គាត់​បាន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​លោក​សង្ឃ​ តែគ្រូ​ពេទ្យ​មិន​បាន​យក​ចិត្ត​ទុក​ដាក់ទេ ​ដោយ​សារ​គាត់​អត់​មាន​សាច់​ញាតិ និង​ថវិកា​ព្យាបាល​ គាត់​ក៏​សម្រេ​ចចិត្ត​ចាក​ចេញ​ពី​ពេទ្យ​នៅ​ថ្ងៃ​ទី​១៥ ធ្នូ មក​សម្រាក​នៅ​ផ្ទះ​ជួល​ដោយ​បាន​អ្នក​ជិត​ខាង និង​ម្ចាស់​ផ្ទះ​ជួល​ជួយ​យក​អសារ។

ដោយ​សារ​ជួ​ប​ការ​លំបាក​នេះ បុរស​ខាងលើ​បានអំពាវនាវ​ដល់សប្បុរស​ជន​​ ជា​ពិសេស​គាត់បាន​លើក​រូប​ថត​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ា​នី ហ៊ុន សែន សូម​ជួយ​ដល់​រូប​គាត់ផង​៕