សមត្ថកិច្ច​ទំលាយ​ទ្វារ​ចាប់ខ្លួន មេខ្លោង​ជនជាតិ​ចិន​ម្នាក់ បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់

រាជធានី​ភ្នំពេញ ៖ លំនៅ​ឋាន​ដែល​សង្ស័យ​ថា​ជា​របស់​មេខ្លោង​បង្ខាំង​មនុស្ស​ទុក​ជំរិត​ទារប្រាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក ចុះ​ឆែកឆេរ ដោយ​វាយ​ទម្លុះ​បំបែក​កញ្ចក់​ទ្វារ ចូល​ទៅ​ឃាត់ខ្លួន​បាន​២​នាក់ ក្នុង​នោះ​មាន​បុរស​ជនជាតិ​ចិន​ម្នាក់ និង​ស្ត្រី​ខ្មែរ​ម្នាក់ ។

​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៦ ធ្នូ នៅផ្ទះ​លេខ​២ ផ្លូវ​លេខ​២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ក្រោម​ការ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ខេន សុវណ្ណ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មានការ​ដឹកនាំ សម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ មន្ត្រី​កងរាជអាវុធហត្ថ បានឱ្យ​ដឹង​ថា ការ​សម្រេចចិត្ត​ទម្លុះ​ទ្វារ​ចូល​ទៅ​ក្នុងផ្ទះ​នេះ គឺ​ដោយសារ​ជនជាតិ​ចិន​ដែល​នៅ​ក្នុង​នោះ មិន​ព្រម​បើកទ្វារ​ឱ្យ​សមត្ថកិច្ច​ចូល​ឆែកឆេរ​តាម​សម្រួល​សោះ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ Zhang Zhongcheng ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​ជនជាតិ​ចិន និង​ម្នាក់​ទៀត​ឈ្មោះ ម៉ី ដា​លី​ន ភេទ​ស្រី អាយុ​២០​ឆ្នាំ ជា​ជនជាតិ​ខ្មែរ ។ ក្រៅពី​ជនសង្ស័យ សមត្ថកិច្ច​ក៏​បាន​ដកហូត​លិខិត​ឆ្លង ដែន​៣​ក្បាល​, ប័ណ្ណបើកបរ​មួយ​សន្លឹក ,​អាយ ផេ​ត ១​គ្រឿង​, ទូរស័ព្ទ​, ឯកសារ​ពាក់ព័ន្ធ​រឿង​លុយ​មួយ​ចំនួន ព្រមទាំង​សម្ភារ​មួយ​ចំនួនទៀត ។

លោក​វរសេនីយ៍ឯក ខេន សុវណ្ណ បានឱ្យ​ដឹង​ថា ផ្ទះ​ដែល​សមត្ថកិច្ច​ឆែកឆេរ​នេះ​ជា​ផ្ទះ​មេខ្លោង​ដែល​បាន​បង្ខាំង​មនុស្ស ចាប់ជំរិត  ដែល​ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ បង្ក្រាប​បានជា​បន្តបន្ទាប់​កន្លង​មក​ថ្មី​ៗ​នេះ ចំនួន​៧​នាក់​ក្នុង​នោះ​មាន​ខ្មែរ​និង​ចិន ព្រមទាំង​ជន​រង​គ្រោះ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ ដើម្បី​សាកសួរ ។
តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា ការ​បំបែកសម្បុក​ក្រុម​ជនសង្ស័យ​ទាំងនេះ ធ្វើ​ឡើង​កាលពី​រសៀល​និង​យប់​ថ្ងៃ​ទី​១៤ ធ្នូ នៅ​ក្នុង​សង្កាត់​ចាក់​អង្រែ ខណ្ឌមានជ័យ និង​ឈាន​ទៅ​ឆែកឆេរ​នៅ​លំនៅ​ឋាន​លេខ​១១២ ផ្លូវ​លេខ​១៧៣ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន បន្ទាប់​ពី​បាន​ចាប់ខ្លួន​ជន​រង​គ្រោះ មក​បង្ខាំង​ទុក​ដើម្បី​ជំរិត​យក​ប្រាក់ ។ បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ និង​រំដោះ​ជន​រង​គ្រោះ កងរាជអាវុធហត្ថ​ក៏​ឈាន​ទៅ​ឆែកឆេរ​ផ្ទះ​មេខ្លោង នៅ​ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ឃាត់ខ្លួន​បាន​ប្រុស​ស្រី​២​នាក់​ទៀត ។ ទោះបីជា​យ៉ាងណា សមត្ថកិច្ច​ពុំ​ទាន់​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ជា​ផ្លូវការ​នៅឡើយ​ទេ ជំ​ុ​វិញ​ការ​ឃាត់ខ្លួន​ជនជាតិ​ចិន​រូប​នេះ ដែល​តាម​ការ​សន្និដ្ឋាន ក្រុម​នេះ​សង្ស័យ​ជា​ឧក្រិដ្ឋជន​ឆ្លង​ដែន ជំនាញ​ខាង​ចាប់​ចិន​គ្នា​ឯង ជំរិត​យក​ប្រាក់ ។

ជនសង្ស័យ​ខ្មែរ​-​ចិន​៧​នាក់​ពាក់ព័ន្ធ​ជួញដូរ​មនុស្សកាលពី​យប់​ថ្ងៃ​ទី​១៤ ធ្នូ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខ្មែរ​-​ចិន​ចំនួន​៧​នាក់​ជា​បន្តបន្ទាប់ ពី​បទ​ចាប់​បង្ខាំង​មនុស្ស​ខុសច្បាប់​សង្ស័យ​ពាក់ព័ន្ធ​ការ​ជួញដូរ​មនុស្ស ។

មន្ដ្រី​កងរាជអាវុធហត្ថ​បានឱ្យ​ដឹង​ជំហាន​ដំបូង​ថា ករណី​បង្ខាំង​មនុស្ស​នេះ​បាន​កើតឡើង​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ជា​កន្លែង​ដែល​កង​រាជ​អ​វុ​ធ​ហត្ថ​បង្ក្រាប​បាន​ជនសង្ស័យ ហើយ​រំដោះ​បាន​ជន​រង​គ្រោះជា​ជនជាតិ​ចិន​បី​នាក់ ។

មន្ដ្រី​ដដែល​បន្ត​ថា បន្ទាប់​ពី​មានការ​បំភ្លឺ​ពី​ជន​រង​គ្រោះ​ទើប​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែធ្នូ កម្លាំង​កងរាជអាវុធហត្ថ​ក្រោម​ការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ចែក​ឆេរ​ផ្ទះ​លេខ​១១២EH ផ្លូវ​លេខ​១៧៣ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ប៉ុន្ដែ​មិន​បាន​រក​ឃើញ​ជនសង្ស័យ​ណា​ម្នាក់​ឡើយ ។

ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា ករណី​នេះ​បាន​កើតឡើង​អូស​បន្លាយ​អស់​រយៈពេល​ជាង​២​ខែ​មក​ហើយ ដោយ​ជង​សង្ស័យ​បាន​ចាប់ខ្លួន​ជន​រង​គ្រោះ​ពី​ខេត្ត​ព្រះ​សីហ​នុម​ក​ភ្នំពេញ តែ​ទើប​នៅ​ពេល​នេះ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​បាន ។ មន្ដ្រី​កងរាជអាវុធហត្ថ​ពុំ​ទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​ពួក​គេ​នៅឡើយ​ទេ ព្រោះ​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​នៅឡើយ ។

ក្រោយ​ការ​ចាប់ខ្លួន ជនសង្ស័យ​ទាំង​៧​នាក់ ត្រូវ​បាន​នាំ​យក​ទៅ​សាកសួរ​នៅ​បញ្ជាការដ្ឋាន​កង​រាជ​អ​វុ​ធ​ហត្ថ​រាជធានី​ភ្នំពេញ ហើយ​មន្ដ្រី​កងរាជអាវុធហត្ថ​បាន​បញ្ជាក់​ថា «​អាច​ជា​ករណី​ជួញដូរ​មនុស្ស​ហើយ​កំពុង​រក​អ្នកបកប្រែ​ភាសា​ចិន​ជា​មុន​សិន​» ។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៧​នាក់​ត្រូវ​បាន​បង្វែរ​ទៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ជា​អ្នកចាត់ការ​វិញ ៕​