កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​ប្រកួត​កីឡា​ប៉េតង់ ជើងឯក​អាស៊ី លើក​ទី​១៩

ភ្នំពេញ: ពិធី​បើក​ការប្រកួត​កីឡា ប៉េតង់ ជើងឯក​អាស៊ី លើក​ទី​១៩ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ បាន​ប្រារព្ធ​ឡើង កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​។ ការប្រកួត​កីឡា ប៉េតង់ ជើងឯក​អាស៊ី លើក​ទី​១៩ សហការ​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ព្រមទាំង​សហព័ន្ធ​កីឡា​ប៉េតង់ ពី​ប្រទេស​ជា​មិត្ត​ក្នុង​តំបន់​អាស៊ី​។​

​នេះ​ជា​លើក​ទី​២ ហើយ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​ប៉េតង់ ជើងឯក​អាស៊ី​។ ក្នុងការ​ប្រកួត​លើក​នេះ មាន ១២ ប្រទេស ចូលរួម​។​

​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​លើកឡើងថា ដោយសារ​ប្រជាប្រិយភាព​នៃ​កីឡា​ប៉េតង់ កីឡា​នេះ ក៏ត្រូវ​បាន​បញ្ចូល​ទៅក្នុង​ការប្រកួត​កីឡា​ថ្នាក់​តំបន់ ដូចជា ការប្រកួត​កីឡា​ស៊ី​ហ្គេម​ការប្រកួត​កីឡា​អាស៊ី​ក្នុង​សាល ការប្រកួត​កីឡា​អាស៊ី​ឆ្នេរ​ខ្សាច់ និង​ការប្រកួត​កីឡា​ប៉េតង់​ជើងឯក អាស៊ីអាគ្នេយ៍ ហើយ​កីឡា​ប៉េតង់ ក៏ត្រូវ​បានដាក់​បញ្ចូល​ទៅក្នុង​ការប្រកួត​កម្រិត​ពិភពលោក​ផ្សេងៗ​ផងដែរ​៕​