១២ប្រទេសចូលរួមប្រកួតប៉េតង់ជើងឯកអាស៊ីនៅកម្ពុជា

ភ្នំពេញ:     ​ភ្នំពេញ​:​លោក​ឧបនាយករដ្ឋមន្ត្រី​សុខ អាន​ប្រធាន​សហព័ន្ធ​ប៊ូល និង ប៉េតង់​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការប្រកួត​កីឡា​ប៉េតង់ ​ជើងឯក​អាស៊ី​នា​ព្រឹក​ថ្ងៃទី​១៧​ធ្នូ​នៅ​ពហុ​កី​ឡ​រ្សា​ន​ជាតិ ។​

​     ​ប្រទេស​ដែល​ចូលរួម​ប្រកួត​ជា​ផ្លូវការ​មាន​ចំនួន ១២ គឺ​កម្ពុជា​ដែលជា​ម្ចាស់ផ្ទះ ឡាវ វៀតណាម ថៃ ម៉ាឡេស៊ី​ ប្រ៊ុយណេ តៃប៉ិ ឥណ្ឌូនេស៊ី សឹង្ហ​បូរី ជប៉ុន  ម៉ុង​ហ្គោ​លី និង ឥណ្ឌា ។​

​    ​លោក​ស៊ាន បូរ៉ា​ត​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង កីឡា​មានប្រសាសន៍​ក្នុង​ពិធី​បើក​ការប្រកួត​ថា​សរុប​ ទាំង​កីឡាករ​-​កីឡាការិនី និង ប្រតិភូ​នៃ​ប្រទេស​ទាំង ១២​មាន​ចំនួន ១៩០​នាក់ ។ វិញ្ញាសា​ដែល​ដាក់​ឲ្យ​ប្រកួត​មាន​វាយ​យក​ពិន្ទុ​(Shooting) បុរស​-​នារី និង យុវជន ។​វិញ្ញាសា ៣​នាក់​ទល់ ៣​នាក់ (Triples) បុរស​-​នារី និង យុវជន ។​

​    ​លោក​សូ​ម៉ៃ សុខ​គា​ដែលជា​អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​ប៉េតង់​កម្ពុជា​បាន​ឲ្យ​ដឹង​ដែរ ​ថា​ការប្រកួត​ចាប់​​ផ្ដើម​ពីថ្ងៃ​ទី​១៧​ដល់​១៩​ធ្នូ​នៅ​ទីលាន​ប្រកួត​ ប៉េតង់​ក្នុង​កីឡដ្ឋាន​ជាតិ​អូឡាំពិក​តែម្ដង​។​លោក​បានធ្វើការ​កត់សំគាល់​ថា ​ប្រទេស​ដែល​អាចជា​ឧបសគ្គ​សម្រាប់​កម្ពុជា​នោះ​មាន​ថៃ ឡាវ វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី​ក៏​យើង​មិនអាច​មើល​រំលង​បានដែរ ។​

​    ​លោក​អ៊ិន គឹម​ស្រ៊ុន​ដែលជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៉េតង់​កម្ពុជា​មានប្រសាសន៍ថា ​កាលពី​ការប្រកួត​ លើក​ទី​១៨​នៅ​ឡាវ​ឆ្នាំ​២០១៤​មាន​ប្រទេស​ចំនួន​១២​ចូលរួម​ក្នុងចំណោម​សមាជិក ​ចំនួន ២១​ប្រទេស​នៅ​អាស៊ី​នោះ ។​លោក​ពន្យល់ថា​សម្រាប់​ប្រទេស​ដេ​ល​គេ​គ្មាន​សង្ឃឹមថា​បានទទួល​មេដាយ​ ត្រឡប់​ទៅវិញ​នោះគេ​មិន​មក​ចូលរួម​ប្រកួត​ឡើយ​កុំ​ឲ្យ​ខាត​លុយ និង ពេលវេលា ។​លោក​បន្តថា​ធ្វើជា​ម្ចាស់ផ្ទះ​គឺជា​ការបង្ហាញ​នូវ​សក្ដានុពល​របស់ខ្លួន​ ចំពោះ​ពិភព​លោក ។​

​    ​លោក​ឧបនាយករដ្ឋមន្ត្រី​សុខ អាន​មានប្រសាសន៍​ដែរ​ថា​កម្ពុជា​គឺជា​ប្រទេស​ដែលមាន​សក្ដានុពល​នៃ​កីឡា​ប៉េ​ តង់​នេះ លោក​មាន​ជំនឿ​ចិត្ត​ថា​កម្ពុជា​នឹង​ទទួលបាន​ចំណាត់​ល្អ​ពី​ការប្រកួត​នេះ​ ជាមិនខាន ។​