មន្ត្រី​មានអំណាច​និង​សមត្ថកិច្ច​ប្រដាប់អាវុធ​កំពុង​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី ឲ្យ​រលត់រលាយ​

បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ខេត្តមណ្ឌលគិរី នៅតែ​កើតមាន​យ៉ាង​ពេញបន្ទុក ជាពិសេស​ឈើ​ប្រណីត​នៅ​តំបន់​ដែន​ជម្រក​សត្វ​ភ្នំ​ព្រេច និង​តំបន់​អភិរក្ស​ជីវៈចម្រុះ​សីមា កំពុង​រង​នូវ​ការបំផ្លាញ​ស្ទើរ​វិនាស​អស់​ទៅហើយ​។ មេខ្លោង​បំផ្លាញ​ព្រៃឈើ​ធំៗ​ក្នុង​ខេត្តមណ្ឌលគិរី មាន​ជាច្រើន​នាក់​ហើយ​ក្នុងនោះ​មាន​៣​នាក់​កំពុង​បន្តសកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​ដោយមាន​ការឃុបឃិត​ពី​សមត្ថកិច្ច​ពុករលួយ​។ ជន​៣​នាក់​ដែល​កំពុង​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី​ពេលនេះ គឺ​ទី​១-​ឈ្មោះ គី ផេង មន្ត្រី​យោធា​ខេត្តក្រចេះ និង​ជា​ម្ចាស់​ហាង​ខារ៉ាអូខេ​ដាយ​មិន​ស៊ី​ធី ទី​២-​ឈ្មោះ ផ​យ ពក ជា​ម្ចាស់​ស្ថានីយ៍​ប្រេងសាំង​ដ៏​ធំ​នៅ​ខេត្តក្រចេះ និង​ទី​៣-​ឈ្មោះ ថា ដែលជា​មេការ​របស់​ឧកញ៉ា ថៃ​។

ប្រភពព័ត៌មាន​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​តាម​បណ្ដា​ស្រុក​នានា ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​មនុស្ស​ទាំង​៣​នាក់​ខាងលើនេះ បាន​ប្រើប្រាស់​កម្មករ​រាប់រយ​នាក់​និង​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​២០០​ទៅ​៣០០​គ្រឿង​សម្រាប់​ចូល​កាប់​អារច្រៀក​ឈើ​ដឹកជញ្ជូន​ចេញពី​ព្រៃ​។ ប្រការនេះ​ធ្វើ​ឲ្យ​ព្រៃឈើ​ក្នុងស្រុក​ចំនួន​៣ គឺ​ស្រុក​កែវ​សីមា ស្រុក​កោះ​ញែក និង​ស្រុក​ពេ​ជ្រា​ដា កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​យ៉ាងធ្ងន់ធ្ងរ ព្រោះ​សូម្បីតែ​ដែន​ជម្រក​សត្វ តំបន់​អភិរក្ស​ជីវៈចម្រុះ ព្រៃ​ការពារ និង​ព្រៃ​បញ្ចុះសព​ជនជាតិដើម​ភាគតិច​ក៏​រង​ការកាប់បំផ្លាញ​ដែរ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា លោក វង់ សុក្រ​សិរី ដែល​ទើប​ផ្លាស់​ពី​ខេត្តរតនគិរី មក​ធ្វើជា​មេ​រដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី កំពុង​បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​យ៉ាង​រាលដាល ដើម្បី​ប្រមូល​លុយ​ដាក់​ហោប៉ៅ​យ៉ាង​ក្រអឺតក្រទម​។

ឈើ​ដែល​មន្ត្រី​មានអំណាច​និង​មន្ត្រី​ប្រដាប់អាវុធ​កាប់រំលំ​អារច្រៀក​និង​ដឹក​ចេញពី​តំបន់​ដូច​រៀបរាប់​ខាងលើ​ត្រូវបាន​គេ​យកទៅ​ស្តុក​ទុក​តាម​ឃ្លាំង​ក្នុងព្រៃ​ជាច្រើន​កន្លែង​នៅ​ស្រុក​កែវ​សីមា និង​ស្រុក​ពេ​ជ្រា​ដា ជាប់​ព្រំប្រទល់​ស្រុក​សំបូរ ខេត្តក្រចេះ ដែលមាន​បរិមាណ​រាប់ពាន់​រាប់ម៉ឺន​ម៉ែត្រគូប​។ ឈ្មួញ​ដឹកឈើ​បាន​បង់លុយ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​ដងផ្លូវ​ពី​ខេត្តមណ្ឌលគិរី​ដល់​ខេត្តក្រចេះ ឆ្លង​ចូល​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ សម្រាប់​រថយន្ត​យី​ឌុប​១​គ្រឿង​ចាប់ពី​៦០០០​ដល់​៨០០០​ដុល្លារ​។ ដោយសារតែ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ដើម្បី​ផលប្រយោជន៍​បែបនេះហើយ ទើប​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តមណ្ឌលគិរី ឆ្លងកាត់​ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ យកទៅលក់​នៅ​ស្រុក​យួន​នៅតែ​បន្ត​កើតមាន​ឥតឈប់ឈរ​៕

hour-00268 chanroth014-nov-372