នៅក្នុង​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ បញ្ហា​ផ្សេងៗ​កើតឡើង​មិនចេះចប់​

ប្រជាពលរដ្ឋនៅក្នុង​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ បាន​ឲ្យ​ដឹងថា នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​បញ្ហា​ផ្សេងៗ​កើតឡើង​មិនចេះចប់​ដូចជា អំពើចោរកម្ម​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​យក​ទ្រព្យសម្បត្តិ បទល្មើស​គ្រឿងញៀន និង​ល្បែងស៊ីសង​ជាដើម ហើយ​អាជ្ញាធរ​សង្កាត់​ក៏ដូចជា​នគរបាល​ប៉ុស្តិ៍​សង្កាត់ មិន​ចាត់វិធានការ​លុបបំបាត់​នោះទេ​។ ជាងនេះទៅទៀត​ក្រុមហ៊ុន​រថយន្ត​ដឹក​ដី​បាន​ប្រើប្រាស់​រថយន្ត​ធំៗ​ដឹក​ដី​បំផ្លាញ​ផ្លូវ​ក្នុង​មូលដ្ឋាន​ជា​បន្តបន្ទាប់ ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បែរជា​មើលរំលង​។ ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ព្រែកប្រា បាន​អំពាវនាវ​ឲ្យ​លោក អ៊ាង ស៊ី​ផាន អភិបាលខណ្ឌ​ច្បារអំពៅ ជួយ​ដោះស្រាយ​បញ្ហា​ដល់​ពួកគាត់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ដឹក​ដី​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ទៀត​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​សង្កាត់​ព្រែកប្រា បាន​ឲ្យ​ដឹងថា អ្នកស្រី សុ​ផា​រី ដែលជា​ម្ចាស់​រថយន្ត​ដឹក​ដី​គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​មិន​ខ្វល់​ពី​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះទេ ដូច្នេះ​អាជ្ញាធរ​ខណ្ឌ​គួរតែ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា រថយន្ត​ដឹក​ដី​របស់​អ្នកស្រី សុ​ផា​រី បំផ្លាញ​ផ្លូវ​ធ្វើ​ឲ្យ​ពួកគាត់​ពិបាក​ធ្វើដំណើរ​ឆ្លងកាត់​និង​មាន​ដី​ហុយ​ប៉ះពាល់​ដល់​សុខភាព​យ៉ាងខ្លាំង​។ រយៈពេល​ប្រមាណ​៤​ខែ​មកហើយ​ដែល​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ព្រែកប្រា រង​ផលប៉ះពាល់​ដោយសារ​រថយន្ត​ធំៗ​ដឹក​ដី​ទៅ​ចាក់​នៅ​តំបន់​ភូមិ​អូរអណ្ដូង​១ ហើយ​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មិនដែល​ចុះទៅពិនិត្យ​ម្តងណា​ទេ​។

​ជុំវិញ​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅក្នុង​សង្កាត់​ព្រែកប្រា បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ក៏ដូចជា​អជ្ញាធរ​រាជធានី​ភ្នំពេញ ចាត់វិធានការ​ផ្អាក​ស​កម្ម​ភាព​ក្រុមហ៊ុន​រថយន្ត​ដឹក​ដី​របស់​អ្នកស្រី សុ​ផា​រី ជាបន្ទាន់​។ អ្នកភូមិ​បាន​អះអាងថា ក្រុមហ៊ុន​អ្នកស្រី សុ​ផា​រី មិន​គោរព​តាម​កិច្ចសន្យា​ដែល​ធានាថា ជួយ​សំអាត​និង​ជួសជុល​ផ្លូវ​ជូន​ប្រជាពលរដ្ឋ​ឡើងវិញ ប្រសិនបើ​មានការ​ខូចខាត​នោះទេ សូម្បីតែ​មន្ត្រី​អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​សង្កាត់​ព្រែកប្រា​មួយចំនួន ក៏​មិន​ចង់​ឲ្យ​ក្រុមហ៊ុន​អ្នកស្រី សុ​ផា​រី បង្កបញ្ហា​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​តទៅទៀត​ដែរ​។ ជាងនេះទៅទៀត​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក អធិការនគរបាល​ខ​ណ្ឌ​ច្បារអំពៅ ចាត់វិធានការ​ទប់ស្កាត់​អំពើចោរកម្ម ល្បែងស៊ីសង និង​គ្រឿងញៀន​ក្នុង​ទឹកដី​សង្កាត់​ព្រែកប្រា ជាបន្ទាន់​ព្រោះ​នាយ​នគរបាល​ប៉ុស្តិ៍​ព្រែកប្រា មិនដែល​យកចិត្តទុកដាក់​តាម​បទបញ្ជា​ពង្រឹង​សន្តិសុខ​សង្គម​ទាល់តែសោះ​៕

16366063584_4767b9e92d_oលោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ
def84f2c-7e7f-41b5-aa55-bf0f9daf5069