មន្ត្រីរដ្ឋបាល​ជលផល​បើកដៃ​ឲ្យ​មាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ក្នុងស្រុក​កំពង់លែង​

មន្ត្រីរដ្ឋបាល​ជលផល​ប្រចាំ​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា គឺជា​បើកដៃ​ឲ្យ​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប​យ៉ាង​ពេញបន្ទុក ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ចំណែក​លោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង បែរជា​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​បទល្មើស​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ក្នុង​បឹង​ទន្លេសាប​នៃ​ស្រុក​កំពង់លែង ហើយ​រង់ចាំ​ទទួល​ចំណែក​សែនព្រេន​ពី​កូនចៅ​ក្រោម​ឱវាទ​យ៉ាង​ក្រអឺតក្រទម​។ ប្រការ​នេះហើយ​ដែល​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង ក៏ដូចជា​មជ្ឈដ្ឋាន​នានា​រិះគន់ថា លោក សោម ភា​រុណ គឺជា​មេខ្លោង​នៅ​ពីក្រោយ​បទល្មើស​នេសាទ​ក្នុង​ខេត្តកំពង់ឆ្នាំង​។

ប្រភពពី​ប្រជា​នេសាទ​ក្នុង​ឃុំ​ប្រឡាយ ស្រុក​កំពង់លែង បាន​ឲ្យ​ដឹងថា នៅ​តំបន់​ត្រើយ​ខាងលិច​ទន្លេ​វាល​ផុ​ក ចំណុច​ក្បាលកោះ​ទន្លា ចំណុច​គន្លង​១០០ ចំណុច​ព្រែក​ដូនតី ព្រែក​គូ និង​វាលទំនាប​បាត​ប្រគាប មាន​ក្រុម​ជនល្មើស​ដាករ​បាំង​ណ​រ៉ាវ​សាច់​អួន​ក្រឡា​ញឹក ប្រហែល​៧០​ទៅ​៨០​របាំង ហើយ​មាន​ប្រវែង​បណ្ដោយ​ពី​៥០០​ទៅ​៨០០​ម៉ែត្រ​។ ប្រជា​នេសាទ​បាន​ឲ្យ​ដឹង​ទៀតថា ក្រុម​ជនល្មើស​ដាក់​របាំង​ណ​រ៉ាវ​បន្ត​គ្នា​ធ្វើ​ឲ្យ​ត្រី​មិនអាច​ចេញចូល​ឆ្លងកាត់​បាន ហើយ​ពួកគាត់​ដែលជា​អ្នកនេសាទ​ជា​លក្ខណៈ​គ្រួសារ​ត្រូវ​ប្រឈម​ការលំបាក​យ៉ាងខ្លាំង ព្រោះ​ក្រុម​ជនល្មើស​ដាក់​របាំង​ណ​រ៉ាវ​ចាប់យក​ត្រី​ស្ទើរ​អស់​ទៅហើយ​។ តាមរយៈ​បទល្មើស​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​នោះ គឺមាន​ឈ្មួញ​ធំៗ​ដូចជា ឈ្មោះ ផល្លា ឈ្មោះ គូ​ឆិ និង​ឈ្មោះ គង់ ចតទូក​ឌុ​ក​ទិញ​ត្រី​និង​ជា​អ្នក​ជួយផ្តល់​លុយកាក់​ដល់​ក្រុម​ជនល្មើស​។ ឈ្មួញ​ទាំងនេះ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ត្រីរដ្ឋបាល​ជល​ផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទើប​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​បាន​ឲ្យ​ដឹងថា ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ណ​រ៉ាវ​ខុសច្បាប់​នោះ បាន​យកលុយ​ទៅ​សូកប៉ាន់​សមត្ថកិច្ច​ជាច្រើន​កន្លែង​ដូចជា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​កំពង់លែង រួមទាំង​ទាហាន នគរបាល កងរាជអាវុធហត្ថ និង​មន្ត្រី​បរិស្ថាន​ផងដែរ​។ បទល្មើស​នេសាទ​នៅក្នុង​ឃុំ​ប្រឡាយ ស្រុក​កំពង់លែង​នោះ កើតឡើង​ទាំង​នៅក្នុង​រដូវ​បិទ​នេសាទ​រហូតដល់​រដូវ​បើក​នេសាទ ព្រោះ​សមត្ថកិច្ច​ពាក់ព័ន្ធ​ពី​គ្រប់​ស្ថាប័ន​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។ ប្រភពពី​មន្ត្រីរាជការ​ក្នុង​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា មេ​រដ្ឋបាល​ជលផល​ខេត្ត ក៏ដូចជា​នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង សុទ្ធតែ​បានដឹង​ពីបទ​ល្មើស​នេសាទ​ក្នុងស្រុក​កំពង់លែង ប៉ុន្តែ​ដោយសារ​បញ្ហា​ផលប្រយោជន៍​ទើប​ពួកគេ​បន្ត​បើកដៃ​ឲ្យ​មាន​បទល្មើស​កើតឡើង​យ៉ាង​រាលដាល​៕

W@t-151221 W@t-151220