អតីត​យោធា​ជើង​ទឹក​មួយ​រូប​និយាយ​ពី​ការ​សម្លាប់​ជនជាតិ​វៀតណាម​នៅ​សមុទ្រ

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ធ្វើ​សវនាការ​បន្ត​របស់​ខ្លួន នៅ​ថ្ងៃ​ពុធ ទី​១៦ ធ្នូ ដោយ​ងាក​មក​ស្ដាប់​សាក្សី​ថ្មី​មួយ​រូប​ទាក់ទង​នឹង​ការ​សម្លាប់​ជនជាតិ​វៀតណាម នៅ​ប៉ែក​ខាង​សមុទ្រ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ សាក្សី​រូប​នេះ ជា​អតីត​យោធា​ជើង​ទឹក​មួយ​រូប នៅ​កងពល ១៦៤ ដែល​ជា​កងទ័ព​របស់​មជ្ឈិម​បក្ស​កុម្មុយនិស្ត​កម្ពុជា។

សាក្សី​មិន​បង្ហាញ​ឈ្មោះ​ដែល​បង្ហាញ​តែ​ប្រវត្តិ​ថា ជា​អតីត​យោធា​ជើង​ទឹក​មួយ​រូប នៅ​ថ្ងៃ​ទី​១៦ ធ្នូ បាន​ជម្រាប​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ថា មាន​ជនជាតិ​វៀតណាម ជា​ច្រើន ត្រូវ​បាន​ពួក​ខ្មែរក្រហម​សម្លាប់​នៅ​លើ​កោះ និង​នៅ​ក្រុង​កំពង់សោម៖ «ពី​ឆ្នាំ​១៩៧៧ ដល់​ឆ្នាំ​១៩៧៨ ព្រឹត្តិការណ៍​នេះ​កើត​ឡើង​ច្រើន ដែល​ចាប់​បាន​នោះ ឃើញ​បញ្ជូន​មក​បន្តបន្ទាប់។ ពេល​ហ្នឹង​ប្រជាជន​ថៃ ជា​ជន​នេសាទ​ត្រី ជនជាតិ​វៀតណាម ដែល​រត់​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ជា​ច្រើន (សម្ដែង​ការ​ស្មោះត្រង់​ដោយ​ពិត​ប្រាកដ) ពេល​នោះ យក​ទៅ​សម្លាប់​ចោល​តែ​ម្ដង។ អត់​មាន​បញ្ជូន​ទៅ​ណា​ទេ​ក្នុង​ពេល​នោះ»

សាក្សី​​ដែល​អតីត​ជា​នាវិក​ប្រដេញ​នៃ​យោធា​ជើង​ទឹក​ខ្មែរក្រហម ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ថ្លែង​ថា លោក​បាន​ឃើញ​ហេតុការណ៍​សម្លាប់​ទាំង​នេះ នៅ​ពេល​លោក​ប្រចាំការ​នៅ​កោះ​ពូលូវ៉ៃ កោះ​តាង និង​ឆ្នេរ​អូរ​ឈើទាល ក្រុង​កំពង់សោម ជា​ពិសេស ពេល​គេ​ចាប់​បាន​ជន​ភៀសខ្លួន​វៀតណាម ដែល​ឆ្លង​កាត់​ទៅ​ប្រទេស​ថៃ។

សាក្សី​រូប​នេះ​បញ្ជាក់​ថា ការ​សម្លាប់​ជនជាតិ​វៀតណាម នៅ​ពេល​នោះ គឺ​មាន​ទាំង​កងទ័ព ជនស៊ីវិល និង​កុមារ៖ «ខ្ញុំ​ចាំ។ ពេល​នោះ​ពេល​យក​ទៅ​ដល់​ឆ្នេរ​អូរឈើទាល​នោះ ឃើញ​ក្មេង​នោះ​យំ​ស្រែក​យ៉ាង​ខ្លាំង ដោយ​ម្ដាយ​វា (គេ) ចាប់​ចង។ ក្រោយ​មក ក្មេង​នោះ​ហេវ​បឹម (បៅ​ដោះ)។ ក្រោយ​មក​ក៏​ឃើញ​យោធា​ចាប់​ក្មេង​នោះ​បោះ​ទម្លាក់​ទឹក​ចោល​តែ​ម្ដង។ ពេល​នៅ​កោះ​ពូលូវ៉ៃ គេ​ចាប់​បាន​ជនជាតិ​វៀតណាម ពីរ​នាក់​ប្ដី​ប្រពន្ធ និង​កូន​ម្នាក់​អាយុ​ប្រហែល​មួយ​ឆ្នាំ​ប៉ុណ្ណោះ។ យោធា​នៅ​កង​ពិសេស វរសេនាតូច​របស់​វរសេនាធំ ៦២២ យក​ប្រជាជន​នោះ​ចង​ដាក់​នៅ​ក្រោម​ដើម​ដូង។ ក្រោយ​ម​បាន​គេ​សម្លាប់។ ចង​ហើយ​ឱ្យ​លុតជង្គង់​វាយ​នឹង​គល់​ឫស្សី និង​ត្បូង​ចប ស្លាប់​ទាំង​ប្ដី និង​ប្រពន្ធ។ លុះ​ក្រោយ​មក​ទៀត ខ្ញុំ​ឃើញ​ជាក់​ស្ដែង កូន​ង៉ែត​អាយុ​ប្រហែល​មួយ​ឆ្នាំ​តែ​ប៉ុណ្ណោះ ពេល​ឃើញ​ម្ដាយ​ស្លាប់​ហូរ​ឈាម​យ៉ាង​ខ្លាំង ហើយ​ក៏​វារ​មក​រក​ម្ដាយ ក្រោយ​មក​បាន​យោធា​ចាប់​បោក​នឹង​គល់​ដូង​ស្លាប់​តែ​ម្ដង។ នេះ​ជា​រឿង​ពិត​ប្រាកដ។ ទាំង​បី​នាក់​នេះ​ជា​ប្រជាជន​ធម្មតា»

សាក្សី​នេះ​បញ្ជាក់​ទៀត​ថា ពេល​ណា​ពួក​ខ្មែរក្រហម​ចាប់​បាន​ជនជាតិ​វៀតណាម ច្រើន​នាក់ គេ​មិន​ធ្វើ​បាប​នៅ​លើ​ផែ ឬ​កោះ​ទេ គឺ​មាន​បញ្ជា​ឱ្យ​ដឹក​មក​ដី​គោក ហើយ​មាន​ឡាន​ដឹក​ចេញ​យក​ទៅ​ក្រុង​កំពង់សោម។ លោក​បដិសេធ​ថា លោក​មិន​ដែល​បាន​ទទួល​បញ្ជា​ឱ្យ​សម្លាប់​ដោយ​ផ្ទាល់​ទេ។

សាក្សី​ដដែល​ឱ្យ​ដឹង​ថា នៅ​ចន្លោះ​ឆ្នាំ​១៩៧៧ ដល់​ឆ្នាំ​១៩៧៨ ទាំង​ជនជាតិ​ថៃ នេសាទ​ត្រី និង​វៀតណាម ដែល​ចាប់​បាន គឺ​យក​ទៅ​សម្លាប់​នៅ​ក្រុង​កំពង់សោម ទាំង​អស់។ កន្លែង​សម្លាប់​ដែល​លោក​ដឹង គឺ​មាន​នៅ​ដូច​ជា ទីតាំង​ចម្ការ​ក្រូច និង​ចម្ការ​ធូរេន ហើយ​គេ​យក​សាកសព​នោះ​ធ្វើ​ជា​ជី។

អតីត​យោធា​ជើង​ទឹក​នេះ បន្ត​ថា នៅ​កងទ័ព​ជើង​ទឹក​របស់​លោក​ក្រៅ​ពី​ចាប់​ជនជាតិ​វៀតណាម និង​ថៃ យក​ទៅ​សម្លាប់ ក៏​មាន​យោធា​ពី​ភូមិភាគ​បូព៌ា​មួយ​វរសេនាធំ និង​ប្រជាជន​ថ្មី ១៧ មេសា ដែរ៖ «មិត្ត​ជា​យោធា​នោះ​និយាយ​ប្រាប់​ខ្ញុំ​ច្បាស់​ហើយ​ថា ប្រជាជន ១៧ មេសា នោះ គេ​យក​ចំនួន​ពីរ​បី​ឡាន​ទ្រុង យក​ទៅ​វាយ​ចោល​នៅ​លើ​ចំណោត សេ.អ៊ី អស់​ហើយ។ រឿង​នេះ​ជា​រឿង​ពិត​ប្រាកដ»

លោក​បញ្ជាក់​បន្ថែម​ថា ការ​បាញ់​សម្លាប់​ជន​ភៀស​ខ្លួន​វៀតណាម គឺ​មាន​បញ្ជា​ពី​មេ​បញ្ជាការ​កងពល ឈ្មោះ មាស មុត។ ការ​សម្លាប់​ជនជាតិ​វៀតណាម ដោយ​កងពល ១៦៤ គឺ​បន្ទាប់​មាន​វគ្គ​សិក្សា​នយោបាយ​មួយ នៅ​ឆ្នាំ​១៩៧៦ ដែល​ប្រកាស​ថា វៀតណាម ជា​សត្រូវ​សួ​ពូជ​នឹង​កម្ពុជា ហើយ​ត្រូវ​សម្លាប់​អត់​មាន​ទុក។

សវនាការ​ស្ដាប់​សាក្សី លេខ 2TCW-1000 នេះ នៅ​មិន​ទាន់​បញ្ចប់​ទេ ហើយ​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នឹង​ស្ដាប់​សាក្សី​នេះ​បន្ត​ទៀត នៅ​ថ្ងៃ​អង្គារ ទី​៥ ខែ​មករា ឆ្នាំ​២០១៦ ខាង​មុខ។ ប្រធាន​អង្គ​ជំនុំជម្រះ​លោក​ចៅក្រម និល ណុន ប្រកាស​ថា ការ​មិន​បង្ហាញ​ឈ្មោះ​សាក្សី​រូប​នេះ ព្រោះ​សាក្សី​ឋិត​នៅ​ក្រោម​ការ​ស៊ើបអង្កេត​ក្នុង​សំណុំ​រឿង​ផ្សេង​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។