អាជីវករលក់ត្រី ចោទអ្នកទារភាស៊ី ផ្សារសួងថា បានប្រើអំពើហិង្សា បណ្តាលឲ្យ រលូតកូន៣ខែ

ត្បូងឃ្មុំ ៖ អាជីវករលក់ត្រីម្នាក់ ឈ្មោះ ឡេះ ញ៉ ភេទស្រី អាយុ៤៤ឆ្នាំ បានចោទឈ្មោះ រិទ្ធ ភេទប្រុស ជាក្រុម ការងារម៉ៅការ ភាស៊ីផ្សារសួង ថាបានប្រើអំពើហិង្សា មកលើរូបគាត់បណ្តាល រលូតកូនក្នុងផ្ទៃដែល មានអាយុ ៣ខែ ប៉ុន្តែការចោទប្រកាន់ នេះ ត្រូវបានលោក ស្រេង រ៉ា ដែលជាអ្នកវិនិយោគផ្សារសួងច្រានចោល ដោយអះ អាងថា ភ្នាក់ងាររបស់គាត់មិន បានប្រព្រឹត្តអំពើហិង្សាលើភាគីអាជីវករនោះទេ។

តាមអ្នកស្រី ឡេះ ញ៉ ភាគីខាងអាជីវករ លក់ត្រី បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឲ្យដឹងថា កាល ពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ឈ្មោះ រិទ្ធ ជាក្រុមការងារទារភាស៊ីក្នុងផ្សារសួង បានវាយតប់គាត់ និងរុញ ច្រានគាត់ផ្ទប់ជញ្ជាំងតូប ដោយសារតែរឿងគាត់ ប្រើប្រាស់ទឹកសម្អាតបរិវេណមុខតូបលក់ដូរនោះ  ។

អាជីវករដដែលនេះ បានបញ្ជាក់ថា ចាប់ពីថ្ងៃកើតហេតុមកដល់ពេលនេះ គាត់នៅមានរបួសនិងបានរលូត កូនក្នុងផ្ទៃដែល មានអាយុ៣ខែ ដោយបច្ចុប្បន្ន រូបគាត់កំពុងតែស្ថិតក្នុងការ សម្រាកព្យាបាលនៅឡើយ ។

ទាក់ទិនទៅនិងការចោតប្រកាន់នោះ ភាគីខាងអ្នកវិនិយោគផ្សារ លោក ស្រេង រ៉ា បានអះអាងថា ភ្នាក់ងារ របស់គាត់ មិនបានវាយតប់លើរាងកាង កាយភាគីអាជីវករនោះទេ គឺភាគីអាជីវករទេ ដែលបង្ករហឹង្សារ មកលើភ្នាក់របស់គាត់។

ទោះជាយ៉ាងនោះក្តី ភាគីខាងអាជីវករ អ្នកស្រី ឡេះ ញ៉ បានឲ្យដឹងទៀតថាក្រោយពេលកើតហេតុ អ្នកស្រី បានចូលទៅប្តឹងសមត្ថកិច្ចនគរបាលក្រុងសួង ដើម្បីមានវិធានការក្នុងរឿងនោះ។

អធិការនគរបាលក្រុងសួង លោក ឈន សុធន់ បានប្រាប់ឲ្យដឹងដែរថា ករណីខាងលើ ខាងលោក បានទទួល ពាក្យបណ្តឹង និងបានចាត់ការក្នុងរឿងនោះ និងបានកោះហៅភាគីទាំងពីរមកធ្វើការដោះស្រាយកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ ដោយមានលោក ជា ណារ៉ុន អភិបាលរងក្រុងសួងជាអ្នកសម្របសម្រួល ប៉ុន្តែ ដំណោះស្រាយ  នោះ មិនបានជោគជ័យ នោះទេ ដោយខណៈនោះ ភាគីខាងអាជីវករ បានទាមទារសំណង៣០០០ដុល្លា។ លោក អធិការ ថា ករណីដដែលនេះ លោក បានត្រៀមឯកសាររួចហើយ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្ត។

លោក អធិការ បានឲ្យដឹងថែមទៀតថា កាលពីភាគីអាជីវករប្តឹងសមត្ថកិច្ច ខាងលោក មិនបានដឹងថា ករណី នោះ ឈានទៅមានការរលូតកូនក្នុងផ្ទៃនោះទេ ហើយភ្លាមៗនោះ ក្រោយពីទទួលពាក្យបណ្តឹង ខាងលោក បានសុំ យោបល់ពីលោក ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តក្នុងការឃាត់ខ្លួនអ្នកបង្ករ ប៉ុន្តែលោកព្រះរាជអាជ្ញាឲ្យ យោបល់ធ្វើការសម្របសម្រួលនៅមូលដ្ឋានសិនទៅ ដោយរឿងនោះលោកគិតថា មិនធ្ងន់ធ្ងរ ។

ចំណែកព័ត៌មានដែលថា ភាគីអាជីវកររលូតកូននោះ ខាងលោក ទើបនិងបានដឹងដែរ ហើយយ៉ាងណាក៏ដោយ ករណីដដែលនេះ លោក បានរៀបចំឯកសារ រួចហើយនិងត្រៀមបញ្ជូនទៅតុលាការ ៕

អាជីវករលក់ត្រី ចោទអ្នកទារភាស៊ី ផ្សារសួងថា បានប្រើអំពើហិង្សា បណ្តាលឲ្យ រលូតកូន៣ខែ

អាជីវករលក់ត្រី ចោទអ្នកទារភាស៊ី ផ្សារសួងថា បានប្រើអំពើហិង្សា បណ្តាលឲ្យ រលូតកូន៣ខែ