ប៉ុស្តិ៍ស្ទឹងមានជ័យ ឃាត់ខ្លួនជនឆក់ កាបូបពីរនាក់

ភ្នំពេញ ៖ កម្លាំងនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យ នៅម៉ោងប្រមាណ១៣៖៣០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ នេះ បានធ្វើការស្រាវជ្រាវ ឈានរហូតដល់ការ ឃាត់ខ្លួនមនុស្ស២នាក់ ពាក់ព័ន្ធនិងករណីឆក់កាបូប នៅចំណុច ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

មន្រ្តីនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនទី១.ឈ្មោះ ឈ្មោះ រ័ត្ន ពិសិដ្ឋ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ និង ទីលំនៅមិនពិតប្រាកដ និងទី២.ឈ្មោះ ឡូញ បូរី ហៅ ញ៉ាញ់  ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ និង ទីលំនៅ មិនពិតប្រាកដ។

ជនសង្ស័យត្រូវបានចាប់ខ្លួនពីបទ លួច (វាយយកកាបូបលុយនិងទូរស័ព្ទៃ) របស់ជនរងគ្រោះឈ្មោះ ឌី វ៉ាន់ដា ភេទ ប្រុស អាយុ ២៣ឆ្នាំ មុខរបរ ចុងភៅ ស្នាក់នៅផ្ទះសំណាក់សុវណ្ណគីរី ផ្លូវវេងស្រេង  ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង០១:០០នាទីរំលងអាធ្រាត្រ នៅចំណុច ផ្លូវវេងស្រេង ភូមិដំណាក់ធំ២  សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណៈពេល ដែលជនរងគ្រោះ និងមិត្តស្រី ជិះម៉ូតូកង់បីរកផ្ទះសំណាក់ ចំណែកបក្សពួកជនសង្ស័យម្នាក់ទៀតឈ្មោះ ឌឿន ភេទ ប្រុស អាយុ២២ឆ្នាំ មុខរបរ និង ទីលំនៅមិនប្រាកដ បានរត់គេចខ្លួនបាត់។

មន្រ្តីនរគបាលបានបញ្ជាក់ផងដែរថា សម្ភារ:បាត់បង់ រួមមាន កាបូបដៃ១, លុយ៤០០ដុល្លារ, ទូរស័ព្ទដៃ០២ គ្រឿង(ម៉ាកអាយហ្វូន,សាំសុង) និងឯវត្ថុតាងដែលដកហូតមាន ដែកជំពុះទង់១ដើម៕

ប៉ុស្តិ៍ស្ទឹងមានជ័យ ឃាត់ខ្លួនជនឆក់ កាបូបពីរនាក់