​Juventus គ្រោង​ទិញយក Oscar ពី Chelsea នៅ​ខែ​ក្រោយនេះ​

​កីឡា​៖​ក្លិប​សេះបង្កង់ Juventus ត្រូវបាន​សារព័ត៌មាន​រាយការណ៍​ថា ​ត្រៀម​ចំណាយលុយ​ប្រមាណ​២៩​លាន​ផោន ដើម្បី​ទិញយក​ខ្សែបម្រើ​របស់​ក្លិប​តោ​ខៀវ Chelsea កីឡាករ Oscar នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​បើក​ឡើងវិញ​នា​ខែមករា​ខាងមុខនេះ។ 

​    ​កីឡាករ សញ្ជាតិ​ប្រេ​ស៊ី​ល វ័យ​២៤​ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​មើលឃើញថា​អាច​នឹង​ចាក​ចេញពី​ក្លិប​តោ​ខៀវ Chelsea បន្ទាប់ពី​រូបគេ​មិនសូវ​ជា​បាន​ជាប់​ជម្រើស​១១​នាក់​ដំបូង​របស់លោក គ្រូបង្វឹក Jose Mourinho ចាប់តាំងពី​បើក​រដូវ​កាល​មកម្ល៉េះ ម្យ៉ាង​ក្លិប​មួយ​នេះ​ក៏​កំពុងតែ​ស្ថិតនៅ​ស្ថានភាព​ដុនដាប​យ៉ាងខ្លាំង​ដោយនៅ ពីលើ​ក្លិប​ដែល​ត្រូវគេ​កាត់ចោល​ត្រឹម​តែមួយ​ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​តារាង ចំណាត់ថ្នាក់​ក្របខ័ណ្ឌ English Premier League ។ 

​    ​យោងតាម ការចុះផ្សាយ​របស់​គេហ​ទំព័រ Fichajes.net បាន​ឲ្យ​ដឹងថា ក្លិប​សេះបង្កង់ Juventus កំពុងតែ​ព្យាយាម​ទំនាក់ទំនង​ជាមួយនឹង​ក្លិប​តោ​ខៀវ Chelsea លើ​កិច្ចព្រមព្រៀង​នាំយក​កីឡាករ Oscar មកកាន់​ទឹកដី​នៃ​ប្រទេស​អ៊ីតាលី​ឲ្យ​ទាន់ពេលវេលា​នៅ​សប្ដាហ៍​នេះ បន្ទាប់ពី​ក្លិប​មួយ​នេះ​កំពុងតែ​ត្រូវការ​កីឡាករ​បន្ថែម​ដើម្បី​មក​ពង្រឹង ទាំង​ក្នុង​ក្របខ័ណ្ឌ Italy Serie A ក៏ដូចជា​ក្នុង​ពានរង្វាន់ UEFA Champions League ។ 

​    ​គួរ​បញ្ជាក់ថា កីឡាករ Oscar ត្រូវបាន​ក្លិប​តោ​ខៀវ Chelsea ទិញយក​មកពី​ក្លិប​នៅ​ប្រទេស​ប្រ​ស៊ី​ល Internacional ក្នុងតម្លៃ​ពលកម្ម​ចំនួន ១៩.៥​លាន​ផោន​កាលពី​ឆ្នាំ​២០១២ ៕ 

​Juventus គ្រោង​ទិញយក Oscar ពី Chelsea នៅ​ខែ​ក្រោយនេះ​