ស្ថានទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា នឹង​រៀប​ចំការ​ប្រារព្ធ​ព្រឹត្តិការណ៍ “Korea Day for Cambodian Friends”

ភ្នំពេញ: ​ព្រឹត្តិការណ៍ “Korea Day for Cambodian Friends” នឹងត្រូវ​ធ្វើឡើង សំរាប់​កម្មករ កម្មការិនី​កម្ពុជា ដែល​បំរើ​ការងារ​អោយ​ក្រុមហ៊ុន​សហគ្រាស​កូរ៉េ នៅក្នុង​ប្រទេស​កម្ពុជា​។

ព្រឹត្តិការណ៍​នោះ នឹងធ្វើ​ឡើង នៅ​ថ្ងៃអាទិត្យ ទី​២០ ខែធ្នូ ឆ្នាំ​២០១៥ ចាប់ពី​ម៉ោង ៨ ព្រឹក​តទៅ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដោយមាន​ការចូលរួម​ពី​លោក គីម​វ៉ុ​ន​ជីន ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​, លោក អ៊ុំ មាន រដ្ឋលេខាធិការ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោក ផាក​ចង់​គឺ​ន ប្រធាន​សមាគម​វាយ​ន​ភណ្ឌ​កូរ៉េ (Korean Garment Manufacturers Associations in Cambodia)​។​

​ស្ថានទូត​កូរ៉េ បានប្រកាសថា កម្មវិធី​នេះ រៀបចំឡើង ដើម្បី​ផ្តល់ឱកាស​ដល់ក​ម្មករ កម្មការិនី​ខ្មែរ ដែល​កំពុង​បំរើកា​រងារ នៅក្នុង​ក្រុមហ៊ុន​កូរ៉េ​នៅ​កម្ពុជា បាន​ស្វែងយល់​បន្ថែម​អោយ​កាន់តែច្បាស់ និង​ស៊ី​ជំរៅ អំពី​កូរ៉េ​។ ម្យ៉ាងទៀត កម្មករ កម្មការិនី ដែល​ចូលរួម​កម្មវិធី​ខាងលើ​ទាំងអស់ អាច​រីករាយ​កំសាន្ត​ជាមួយ​កម្មវិធី​ផ្សេងៗ និង​ចូលរួម​លេងល្បែង​កីឡា​ជាច្រើន​ប្រភេទ ដែល​ជួយ​អោយ​ពួកគេ​សប្បាយរីករាយ​ផង និង​បំបាត់​ស្ត្រេ​ស​ផង ព្រមទាំង​ជួយ​ពង្រឹង​ចំណង​ទំនាក់ទំនង​រវាង​និយោជិត និង​និយោជក​ទៀតផង​។

សេចក្តីប្រកាស​របស់​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើកឡើងថា ព្រឹត្តិការណ៍ “Korea Day for Cambodian Friends” នៅ​ថ្ងៃអាទិត្យ ទី​២០ ខែធ្នូ ចាប់ពី​ម៉ោង ៨ ព្រឹក​តទៅ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក រួមមាន ស្តា​ត​បាល់បោះ និង​ស្តា​ត​បាល់ទាត់ (National Olympic Stadium, Basketball Court and Football Stadium)​។

​ក្រៅពីនោះ ក៏មាន​កម្មវិធី​ទាញព្រ័ត្រ រត់​បណ្តាក់ បាល់ទះ វាយ​បាល់​ឡុង​។​ល​។​
​ក្នុងនោះ អ្នកចូលរួម​ទាំងអស់ ក៏​អាច​រីករាយ​កំសាន្ត​ជាមួយ​កម្មវិធី Korea Fun Fun ដែល​ស្ថានទូត បានរៀបចំ​ឡើង​ដាច់ដោយឡែក​មួយ​ផ្សេងទៀត​ផងដែរ​។

​នៅក្នុង​កម្មវិធី Korea Fun Fun មានកម្ម​វិធី​តូចៗ ជាច្រើន​ទៀត ដូចជា សួរ​សំណួរ​អំពី​កូរ៉េ​, ស្លៀក​សំលៀកបំពាក់​ប្រពៃណី​កូរ៉េ ហាន់​បុក​, រីករាយ​ជាមួយ​រូបភាព​សិ​ល្បះ​កូរ៉េ​, ភ្លក្ស​ម្ហូប​កូរ៉េ ។​ល​​៕​