គុយបា​ស្វាគមន៍​ទស្សនកិច្ច​របស់ អូ​បា​ម៉ា បើ​លោក​មិន​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​ខ្លួន​

 ​ក្រសួងការបរទេស​គុយ​បា ប្រាប់​អាមេរិក​ថា គុយបា​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​គុយបា មុន​ចប់​អាណត្តិ​របស់លោក​។ ប៉ុន្តែ​គុយបា បញ្ជាក់​ជាមុន បើ​គ្មាន​ការ​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​គុយបា​ទេ ប្រមុខរដ្ឋ​អាមេរិក​ចង់​មក​ទស្សនកិច្ច​នៅ​គុយបា ពេលណា​ក៏បាន​។ កន្លងមក​លោក អូ​បា​ម៉ា ថា លោក​ចង់​ជួប​អ្នកគាំទ្រ​ប្រជាធិបតេយ្យ​នៅ​រដ្ឋ​អាមេរិក​ឡាទីន​នេះ​នៅពេល​លោក​ទៅ​ទស្សនកិច្ច​នៅ​គុយបា​។​

​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​គុយ​បា ផ្ញើរ​សារ​ទៅកាន់​ក្រុង​វ៉ាស៊ីនតោន​ថ្ងៃ​ពុធ​ទី ១៦ ខែធ្នូ​ម្សិលមិញ​ថា គុយបា ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ប៉ុន្តែ​ត្រូវ​ដឹង​ជាមុន​ថា​អាមេរិក​គ្មាន​សិទ្ធិ​ដាក់​លក្ខខណ្ឌ​ដោយ​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​របស់​គុយបា​ឡើយ​។

​សារ​របស់​ក្រសួងការបរទេស​ក្រុង​ហា​វ៉ា​ណា​នេះ​ធ្វើឡើង​មួយថ្ងៃ​ប៉ុណ្ណោះ មុន​គម្រប់​ខួប​មួយឆ្នាំ​នៃ​ការឯកភាព​គ្នា​រវាង​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​ប្រធានាធិបតី​គុយបា​លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ ដើម្បី ភ្ជាប់​ចំណង​ការទូត​ឡើងវិញ​រវាង​រដ្ឋ​ទាំងពីរ ។

​លោក Josefina Vidal  នាយក​ការិយាល័យ​ទទួលបន្ទុក​កិច្ចការ​អាមេរិក​ប្រចាំ​ក្រសួងការបរទេស​អាមេរិក​ថ្លែងថា​៖ «​បើ​ថ្ងៃ​ណា​ប្រធានាធិបតី​អាមេរិក​សម្រេច​មក​ទស្ស​ន​កិច្ច​នៅ​គុយបា លោក​នឹង​ទទួលបាន​ការស្វាគមន៍​»​។  លោក​បន្ថែមថា ពាក់ព័ន្ធ​បំណង ប្រធានាធិបតី​អាមេរិក មក​ទស្សនកិច្ច​នៅ​គុយបា លោក​ចង់​រំលឹក​ឡើងវិញ​ដែរ​ថា គុយបា​មិន​ចរចា​ដាច់ខាត​ពី​បញ្ហា​នានា​ដែល​ពាក់ព័ន្ធ​កិច្ចការ​ផ្ទៃក្នុង​របស់​គុយបា ដើម្បី​គ្រាន់តែ​ជា​ថ្នូរ​និង​ការលើកស្ទួយ​ទំនាក់ទំនង​អាមេរិក​និង​គុ​បា​ឡើយ​។

​ការបញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់​ក្រសួងការបរទេស​គុយ​បា​ជាការ​ឆ្លើយតប​ការលើកឡើង​របស់លោក អូ​បា​ម៉ា ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Yahoo កាលពីដើម​សប្តាហ៍​នេះ​។ ប្រមុខរដ្ឋ​អាមេរិក​នេះ​បាន​លើកឡើងថា លោក​ពិតជា​ចង់ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​គុយបា​មុនពេល​លោក ចប់​អាណត្តិ​ចុងឆ្នាំ​ក្រោយនេះ​។ ប៉ុន្តែ​លោក​បានបញ្ជាក់​ច្បាស់​ថា កាលវិភាគ​នៃ​ការ​ទស្សនកិច្ច​របស់លោក ទៅកាន់​គុ​បា អាច​ធ្វើឡើង​ដរាបណា​លក្ខខណ្ឌ​សមស្រប​មកដល់​ពោលគឺ​ចំណង​ការទូត​ទ្វេភាគី​កាន់តែ​ប្រសើរឡើង ហើយ​ទាល់តែ​លោក អាចមាន​សិទ្ធិ​ជួប​ជជែក​ជាមួយ​បណ្តា​ក្រុម​អ្នកគាំទ្រ​ប្រជាធិបតេយ្យ​នៅ​គុយបា​ថែមទៀត​។

​និយាយ​ទៅ លោក បា​រ៉ា​ក់ អូ​បា​ម៉ា នៅសល់​ពេល​ប្រហែល ៤០០​ថ្ងៃ​ប៉ុណ្ណោះ​ដើម្បី​គ្រប់គ្រង​តំណែង ប្រធានាធិបតី ហើយ​ការបោះឆ្នោត​ខាងមុខនេះ​មាន​អ្នក​វាយតម្លៃថា បើ​អ្នកនយោបាយ​បក្ស​សាធារណរដ្ឋ​អាចមាន​លទ្ធភាព​ឡើងកាន់តំណែង​ប្រធានាធិបតី គោលនយោបាយ​ការបរទេស​អាមេរិក​ចំពោះ​គុយបា​នេះ​អាច​នឹង​ប្រឈម​បញ្ហា​។​

​ចំណែក​ប្រធានាធិបតី​គុយបា​លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ  សល់​ពេល​ជិត ២​ឆ្នាំ​ទៀត​មុន​លោក​ប្រគល់​តំណែង​ទៅ​ឲ្យ​ប្រធានាធិបតី​ថ្មី​។ មេដឹកនាំ​រូបនេះ​ចង់​ឲ្យ​ទំនាក់ទំនង​ជាមួយ​អាមេរិក​ប្រសើរឡើង ព្រោះ​ទណ្ឌកម្ម​និង​ការហ៊ុំព័ទ្ធ​សេដ្ឋកិច្ច​នានា​ត្រូវ​ដកចេញ ហើយ​វិស័យ​ទេសចរណ៍ និង​ការនាំចេញ​របស់​គុយបា​ន​ក៏​នឹង​ប្រសើរឡើង​ដូចគ្នា​។ ប៉ុន្តែ​លោក មិន​ចង់​ឲ្យ​របប​សង្គម​និ​យ និង​កាន់កាប់​អំណាច​ប្រមូលផ្តុំ​ដោយ​គ្រួសារ​ត្រកូល កា​ស្ត្រូ​នេះ  រងគ្រោះថ្នាក់​ព្រោះតែ​ការជ្រៀតជ្រែក​របស់​ក្រុង​វ៉ាស៊ីនតោន​ទេ​។​

​គុយបា បានសម្រេច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ស​ត្រូវ​ចាស់​របស់ខ្លួន​គឺ​អាមេរិក​នេះ កាលពី​ថ្ងៃ​១៧ ខែធ្នូ​ឆ្នាំមុន ដោយ មេដឹកនាំ​រដ្ឋ​ទាំង​ពីរបាន​ចំណាយពេល​វេលា​យូរ​ដែរ​ដើម្បី​លួច​ចរចា​គ្នា​និង ឈានទៅ​ភ្ជាប់​ទំនាក់ទំនង​ការទូត​។ ការចរចា​នេះ​បានទទួល​ការជួយជ្រោមជ្រែង​ពីស​ម្តេច​ប៉ាប​នៃ​បុរី​វ៉ា​ទី​កង់ ហ្វ្រ​ង់​ស៊ី​ស ដែរ​៕