សមត្ថកិច្ច​ក្រុង​បាត់ដំបង​មិន​បង្ក្រាប​រោង​សិប្បកម្ម​កៃ​ច្នៃ​ឈើ​របស់​ឈ្មួញ​ឈ្មោះ ជី ឈ្មោះ​អូន និង​ឈ្មោះ​វាំង​

​ប្រជាពលរដ្ឋ​ក្រុង​បាត់ដំបង​បាន​រិះគន់ថា​សមត្ថកិច្ច​ពាក់​ព័ន្ធ​នៅក្នុង​ក្រុង​បាត់ដំបង​មិន​ហ៊ាន​បង្ក្រាប​សិប្បកម្ម​កែច្នៃ​ឈើ​ដ៏​មាន​ឥទ្ធិពល​ចំនួន​៣​កន្លែង​នៅក្នុង​ក្រុង​បាត់ដំបង​នោះទេ​ដែល​បញ្ហា​នេ​ធ្វើ​ឲ្យ​គេ​សង្ស័យថា​សិប្បកម្ម​កែច្នៃ​ឈើ​ទាំង​៣​កន្លែង​អាចមាន​អ្នកមានអំណាច​ខ្លាំង​នៅ​កាង​ពីក្រោយ​មិន​ខាន​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ម្ចាស់​សិប្បកម្ម​កែច្នៃ​ឈើ​ចំនួន​៣​កន្លែង​ដែល​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​នោះបាន​នាំចូល​ឈើ​ប្រណីត​ជាច្រើន​យកទៅ​កែច្នៃ​។​

ប្រភពព័ត៌មាន​ពី​ខេត្តបាត់ដំបង​បាន​រៀបរាប់ថា​ទីតាំង​ទី​១-​មាន​ម្ចាស់​ឈ្មោះ​ជី ស្ថិតនៅ​ក្នុងភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ ទីតាំង​ទី​២-​មាន​ម្ចាស់​ឈ្មោះ​អូន ស្ថិតនៅ​ក្នុងភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ ទីតាំង​ទី​៣-​មាន​ម្ចាស់​ឈ្មោះ​វាំង ស្ថិតនៅ​ក្នុងភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

ប្រជាពលរដ្ឋ​ក្រុង​បាត់ដំបង​បាន​រិះគន់ថា​សិប្បកម្ម​កែច្នៃ​ឈើ​ទាំង​៣​កន្លែង​ខាងលើ​មាន​រូប​ភាពជា​សិប្បកម្ម​ស្របច្បាប់ តែ​បញ្ហា​ឈើ​ប្រណីត​ដែល​ដឹកជញ្ជូន​ចូលទៅក្នុង​រោង​សិប្បកម្ម​ខាងលើ​អាចជា​ឈើ​ខុសច្បាប់ ព្រោះ​មាន​ចំនួន​ឈើ​ច្រើនណាស់​ដែល​ឈ្មួញ​បាន​ដឹកជញ្ជូន​យកទៅ​កែច្នៃ​ក្នុង​រោង​សិប្បកម្ម​ខាងលើ តែ​មិនដែល​ឃើញ​សមត្ថកិច្ច​ជំនាញ​ចុះទៅ​ត្រួតពិនិត្យ​នោះទេ​។​

​សកម្មភាព​ដឹកឈើ​ចូល​រោង​សិប្បកម្ម​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា​ធ្វើ​ឲ្យ​ខូច​ផ្លូវ​ក្នុងភូមិ តែ​សមត្ថកិច្ច​មូលដ្ឋាន​មិន​ហ៊ាន​ប៉ះពាល់ ឬ​ព្រមាន​ដល់​រោង​សិប្បកម្ម​ខាងលើ​នោះទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ម្ចាស់​រោង​សិប្បកម្ម​ខាងលើ​មាន​មន្ត្រី​មានអំណាច​នៅក្នុង​ក្រុង​បាត់ដំបង​កាង​ពីក្រោយ ព្រោះ​កន្លងមក​គ្មាន​សមត្ថកិច្ច​ជំនាញ​ណា​ហ៊ាន​ត្រួតពិនិត្យ​រោង​សិប្បកម្ម​នោះទេ​។​

​ជុំវិញ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ក្រុង​បាត់ដំបង​បាន​លើកឡើងថា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្រុង​បាត់ដំបង និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងទៀត​គប្បី​ចុះ​ត្រួតពិនិត្យ​ពី​ភាពស្របច្បាប់​របស់​រោង​សិប្បកម្ម​ខាងលើ​ផង ព្រោះ​ដំណើរការ​រោង​សិប្បកម្ម​ទាំង​៣​កន្លែង​បាន​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន​ច្រើន​ឆ្នាំ​មកហើយ​៕

wood-batdamborng-1 wood-batdamborng-2 wood-batdamborng-3 wood-batdamborng-4