តម្លៃ​កៅស៊ូ​ស្ថិត​ក្រោម​សម្ពាធ ស្រប​ពេល​តម្លៃ​ប្រេង​ធ្លាក់​ចុះ

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​មក​នៅ​ត្រឹម​៣៥​ដុល្លារ​ក្នុង​មួយ​បារ៉ែល ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ធ្វើ​ឲ្យ​តម្លៃ​កៅស៊ូ​ធម្មជាតិ​កាន់តែ​ចុះ​ខ្សោយ​ថែម​ទៀត ដែល​ឆ្លងកាត់​បទ​ពិសោធន៍​នៃ​ការ​ធ្លាក់​ថ្លៃ​៧៦,៦% រួច​មក​ហើយ​ក្នុង​រយៈពេល​៤​ឆ្នាំ​មុន ចាប់ពី​ហាងឆេង​ចន្លោះ​៤​ដុល្លារ និង​៥​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម មក​នៅ​ក្នុង​រង្វង់​១,២​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ។

ការ​បោះពួយ​ចុះ​នៃ​ឧស្សាហកម្ម​រថយន្ត​នៅ​លើ​ពិភពលោក ក៏​នាំ​ឱ្យ​តម្លៃ​កៅស៊ូ​ធ្លាក់​ចុះ​ផង​ដែរ ដែល​ការ​លក់​កៅស៊ូ​៧០% គឺ​ស្ថិត​ក្នុង​ឧស្សាហកម្ម​ផលិត​សម្បក​កង់ ។
អគ្គនាយក​គ្រឹះស្ថានស្រាវជ្រាវ​កៅស៊ូ​ឥណ្ឌូ​ណេ​ស៊ី (IRRI) លោក Karyudi បាន​មាន​ប្រសាសន៍​ថា ៖ « ប្រេង​ឆៅ​នៅ​តែ​ជា​វត្ថុធាតុដើម​ដ៏​សំខាន់​នៅ​ក្នុង​ឧស្សាហកម្ម​កែ​ច្នៃ និង​សម្រាប់​ផលិត​កៅស៊ូ​សំយោគ ។ ស្រប​ពេល​ដែល​តម្លៃ​ចុះថោក និង​ការ​ផ្គត់ផ្គង់​ប្រេង​ច្រើន​លើសលុប​នោះ តាម​បណ្តា​រោងចក្រ​ផលិត​សម្បក​កង់​ជា​ច្រើន​កំពុង​ប្រើប្រាស់​ប្រេង​ក្នុង​បរិមាណ​ច្រើន​សន្ធឹកសន្ធាប់ មាន​ន័យ​ថា ជា​ការ​កាត់​បន្ថយ​លើ​ការ​សមាមាត្រ​នៃ​កៅស៊ូ​ធម្មជាតិ​ក្នុង​ការ​ផលិត​កៅស៊ូ​សំយោគ » ។

លោក​បាន​ប្រាប់​កាសែត​ហ្សា​ការ​តា​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ៖ « វា​បាន​ជំរុញ​ឱ្យ​តម្លៃ​កៅស៊ូ​ធម្មជាតិ​ថ្លៃ​ធ្លាក់ ខណៈ​ប្រាក់​ចំណេញ​សុទ្ធ​បច្ចុប្បន្ន ស្ថិត​ក្នុង​កម្រិត​តិច តាម​រយៈ​ហាងឆេង​១,៥​ដុល្លារ​ទៅ​១,៨​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ។ ចំណែក​អត្រា​សុវត្ថិភាព ឬ​ទុកចិត្ត​បាន​ថា នឹង​ទទួល​បាន​ប្រាក់​ចំណេញ​សុទ្ធ​សម្រាប់​ការ​ជួញដូរ​នោះ គឺ​មាន​ហាងឆេង​ស្មើនឹង​៣​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម » ។

កៅស៊ូ​ធម្មជាតិ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ការ​ចៀរ​សម្រក់​យក​ជ័រ​ចេញពី​ដើម​កៅស៊ូ ។ ជាបឋម វា​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​ផលិត​ជា​សម្បក​កង់​យានយន្ត ក៏​ដូច​ជា​ស្រោមដៃ​ជ័រកៅស៊ូ និង​ស្រោមអនាម័យ​ផង​ដែរ ។

ដើម្បី​ជួយ​ដល់​កសិករ​អាច​បង្កើន​តម្លៃ​លក់​ចេញ​ឲ្យ​ប្រសើរ​ឡើង លោក Karyudi បាន​ជំរុញ​រដ្ឋាភិបាល ក្នុង​ការ​កាត់​បន្ថយ​ការ​ចៀរ​ជ័រកៅស៊ូ ដែល​អនុវត្ត​ញឹកញាប់​ដូច​នា​ពេល​បច្ចុប្បន្ន​មាន​ជា​មធ្យម​៨៥% និង​យ៉ាង​ហោច​ណាស់ ក៏​៧៥%​ដែរ នៅ​ទូ​ទាំង​ប្រទេស ។

លោក Karyudi បន្ត​ថា ៖ « ប្រសិនជា​យើង​អាច​ធ្វើ​ឲ្យ​កសិករ​កាត់​បន្ថយ​ការ​ចៀរ​ជ័រកៅស៊ូ​តែ​១០%​នោះ តម្លៃ​ទីផ្សារ​នឹង​ប្រសើរ​ឡើង​វិញ ។ ប្រទេស​ថៃ ក៏​បាន​ជំរុញ​ឱ្យ​កសិករ​ដាំ​កៅស៊ូ​របស់​ខ្លួន កាត់​បន្ថយ​ការ​ចៀរ​ជ័រកៅស៊ូ​ផង​ដែរ » ។

ដើម្បី​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​កៅស៊ូ លោក Karyudi បង្ហាញ​ថា ៖ « រដ្ឋាភិបាល​គួរតែ​បង្កើន​ការ​ប្រើប្រាស់​កៅស៊ូ​ធម្មជាតិ មិន​ត្រឹមតែ​ក្នុង​ឧស្សាហកម្ម​ផលិត​សម្បក​កង់​យានយន្ត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ក្នុង​វិស័យ​ដទៃ​ទៀត​ដូច​ជា កៅស៊ូ​ក្រាល​ថ្នល់ ឬ​ស្ពាន ផ្លូវដែក និង​សំណង់​អគារ​ខ្ពស់​ៗ ជាដើម » ។

លោក​បញ្ជាក់​ថា ៖ « ដើម្បី​គាំទ្រ​ការ​ប្រើប្រាស់​កៅស៊ូ​ក្នុងស្រុក គឺ​ត្រូវ​រៀបចំ​ដាក់​សញ្ញា ឬ​គ្រឿង​សម្គាល់ ប៉ុន្តែ​ជាក់ស្តែង វា​មិន​ទាន់​មាននៅ​ឡើយ​ទេ » ៕