ទុស្សេខ្សែភ្លើង​​ឆ្នាំង​ដាំបាយ​​បណ្តាល​ឱ្យឆេះ​ឡៅតឿផ្ទះ​ឈើ​១​ខ្នង នៅ​សង្កាត់​គីឡូម៉ែត្រលេខ៦

រាជធានី​ភ្នំពេញ​​ ៖ តាម​សេចក្តីរាយការណ៍​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បានឱ្យ​ដឹង​ថា ​មុន​នេះ​បន្តិច​មាន​ករណី​ទុស្សេខ្សែភ្លើេង​​ឆ្នាំង​ដាំ​បាយ​​បណ្តាល​ឱ្យមាន​អគ្គិភ័យ​​កើត​ឡើង​​​ឆេះ​ឡៅតឿផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​​ធ្វើ​អំពី​​ឈើ​​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​​អ្នក​ជិត​ខាង​និង​សមត្ថកិច្ច​​ ស្ថិត​នៅ​ភូមិ​​​​ស្ពាន​ខ្ពស់ សង្កាត់​​គីឡូម៉ែត្រ​លេខ​៦ ​ខណ្ឌ​ទួល​គោក ។​

ប្រភពព័ត៌មាន​បាន​ឱ្យ​ដឹង​នៅ​វេលា​ថ្ងៃ​ត្រង់​ថ្ងៃទី​១៧ ធ្នូ នេះ​ថា ផ្ទះ​១​ខ្នង​ដែល​ត្រូវ​ភ្លើង​ឆេះ​ខាងលើ​នេះ ​​ខណៈ​ពេល​​ម្ចាស់​ផ្ទះ​​​​​​យក​ឆ្នាំង​ដាំ​បាយ​ខ្សែ​ភ្លើង​​ដោត​ដាំ​​បាយ​ ស្រាប់​តែ​ទុស្សេ​ខ្សែភ្លើង​​បណ្តាល​ឱ្យ​​ឆេះ​នៅ​​បន្ទប់​​ឡៅតឿ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​និង​អ្នក​ជិត​ខាង​​​​​រត់​មក​​ជួយ​​​​អន្តរាគមន៍​ដោយ​​វាយ​ទម្លុះ​ទ្វារ​ចូល​​​ជួយ​ជះ​ទឹក​ពន្លត់​​​​​ទើប​រលត់​ទៅវិញ ​មិន​បណ្តាល​ឱ្យរាលដាល​ដល់​​ផ្ទះ​អ្នក​ជិត​ខាង​​នោះ​​ទេ ​​។

​ប្រភព​បន្ត​ថា ​ខណៈ​អគ្គិភ័យ​កំពុង​ឆេះ​នោះ សមត្ថកិច្ច​​មូល​ដ្ឋាន​ក៏​​បាន​​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​​​មក​ជួយ​អន្តរាគមន៍​ផង​ដែរ ​ប៉ុន្តែ​ពេល​រថយន្ត​ពន្លត់​អគ្គិភ័យ​​មួយ​គ្រឿង​បាន​មក​​ដល់​កន្លែង​កើត​ហេតុ អគ្គិភ័យ​ខាង​លើ​ត្រូវ​បាន​រលត់​អស់​​ហើយ ដោយ​សារ​​អ្នក​ជិត​ខាង​និង​សមត្ថកិច្ច​មូល​ដ្ឋាន​ជួយ​អន្តរាគមន៍​ទាន់​ពេល​វេលា​ ៕

ព័ត៌មាន​ពិស្តារ​មាន​​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិភាព​