បក្ខពួកនិយម របស់CNRP បង្ខំចិត្តឲ្យប្រធាន គណបក្ស ខេត្តបាត់ដំបង ដើរចេញទៅរកបក្សផ្សេង

ភ្នំពេញ ៖ ប្រធានគណបក្ស សង្រ្គោះជាតិ (CNRP) ប្រចាំខេត្តបាត់ដំបង លោក ខឿយ ស៊ីណា បានថ្លែងអះអាង ថា ការដែលលោកសម្រេចចិត្តចាកចេញពី CNRP ទៅចូលរួមជាមួយគណបក្ស សំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ ដោយសារថ្នាក់ដឹកនាំដែលចេញពីប៉ូលគណបក្សសម រង្ស៊ីគ្មានគុណធម៌ មិនឲ្យតម្លៃ និងចាត់ទុកលោក ជាមនុស្សសំរាម។

លោក ខឿយ ស៊ីណា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅព្រឹកថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៥នេះថា ក្រុមការងារនៅខេត្តបាត់ដំបង មិនមែនមកធ្វើការួមគ្នាដើម្បីគណបក្សសង្រ្គោះជាតិទេ គឺធ្វើការរបៀប ប៉ូលសម រង្ស៊ី និង ប៉ូលសិទ្ធិមនុស្ស ធ្វើការដើម្បីតែបានអំណាចរៀងៗខ្លួន។

លោកបានបន្ថែមថា “យើងឃើញថា រួមគ្នាទៅពេលបានអាសនៈរួចហើយ ឃើញថាប៉ូលទាំងពីរហ្នឹង (ប៉ូលសិទ្ធិមនុស្ស - ប៉ូល សម រង្ស៊ី) មិនអាចចូលជាចរន្តជាមួយគ្នាបាន ហើយក្នុងនាមយើងមើលឃើញ អ្នកគ្រប់គ្រង ហាក់បីដូចមេដឹកនាំរបៀបអាណាធិបតេយ្យ។ មានន័យថា អត់ដឹកនាំតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ហើយតាមកម្មវិធីគោលនយោបាយរបស់គណបក្សទេ មានតែគោលនយោ បាយ កម្មវិធីនយោបាយ។ ដូច្នេះការដឹកនាំមានការបែងចែកទាំងស្រុងខាងនោះ សម រង្ស៊ី ខាងនេះសិទ្ធិមនុស្ស មិនបម្រើឲ្យផលប្រយោជន៍ជាតិទេ”។

លោកបានបញ្ជាក់ថា ការដែលលោកដើរចូលគណបក្សសំបុកឃ្មុំ គឺដោយសារតែលោកមើលឃើញថា លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដឹកនាំតាមបែបប្រជាធិបតេយ្យ អាចឲ្យលោកបន្ត ឆន្ទៈនយោបាយដើម្បីសង្រ្គោះប្រជាពលរដ្ឋខ្មែរបាន។

លោក ខឿយ ស៊ីណា បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំក្នុងការដើរចូលបក្សថ្មីនេះថា នឹងជួយឲ្យគណបក្សសំបុក ឃ្មុំ ទទួលបានសំឡេងគាំទ្រខ្លាំង និងប្រជាប្រិយភាពផុសផុល។

ចំពោះករណីនេះ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានមានប្រសាសន៍ថា ការលើក ឡើងរបស់លោក ខឿយ ស៊ីណា គឺជាសិទ្ធសេរីភាពរបស់លោក ព្រោះជាធម្មតានៅពេលដែលចេញពី គណបក្ស ណាមួយហើយទៅរកគណបក្សមួយផ្សេងទៀត  គឺគេមិនដែលលើកពីចំណុចវិជ្ជមានរបស់បក្សចាស់ខ្លួនទេ។

លោកបន្តថា គ្មានអ្វីប្លែកនោះ ព្រោះនៅពេលដែលរដូវកាលបោះឆ្នោតជិតមកដល់ មន្រ្តីនីមួយៗតែងតែនាំគ្នា ដើរបង្កើតគណបក្សថ្មីដើម្បីប្រកួតប្រជែងគ្នា។

លោកបញ្ជាក់ថា “ការចាកចេញរបស់លោក ខឿយ ស៊ីណា នាពេលនេះ គ្មានបញ្ហាអ្វីចោទនោះទេ ហើយអ្វីដែល គាត់បានលើកឡើងជាសិទ្ធិរបស់គាត់”។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗ នេះ លោក អ៊ុក ស៊ុយ ដែលជាមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ ក៏បានចាកចេញទៅរួមរស់ក្នុងជីវភាពនយោបាយ ជាមួយគណបក្សសំបុកសង្គមប្រជាធិបតេយ្យនេះផងដែរ ហើយកាលពីថ្ងៃទី១២ ខែធ្នូ កន្លងមក គណបក្សសំបុកសង្គមប្រជាធិបតេយ្យ ក៏បានធ្វើសមាជជាថ្មី ក្នុងនោះ លោក អ៊ុក ស៊ុយ ក៏បានទទួលតំណែងជាអគ្គលេខាធិការបក្ស៕