លោក កឹម សុខា ផ្អាកទៅក្រៅ ប្រទេសមួយ រយៈដើម្បីពង្រឹង បញ្ហាផ្ទៃក្នុងបក្ស

ភ្នំពេញ ៖ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្យ សង្រោ្គះជាតិ បានថ្លែងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ នេះថា  លោក កឹម សុខា ប្រធានស្តីទី គណបក្យសង្រោ្គះជាតិ បានផ្អាកធ្វើដំណើរ ទៅក្រៅប្រទេសមួយរយៈ ដើម្បីយកពេលវេលា ពង្រឹងបញ្ហាផ្ទៃក្នុងរបស់បក្ស ក្រោយពីមន្រ្តីជាន់ខ្ពស់ របស់បក្សមួយចំនួន បានដើរទៅរកបក្ស ផ្សេងដើម្បីចូលរួមក្នុងជីវភាពនយោបាយ។

លោក យ៉ែម បុញ្ញឫទ្ធិ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឲ្យបានដឹងថា “ឯកឧត្តម កឹម សុខា អត់ទាន់អញ្ចើញទៅទេ ពីព្រោះគាត់ទើបតែត្រឡប់មកវិញ ហើយគំរោងដែលថា អញ្ចើញទៅសហរដ្ឋអាម៉េរិក ពាក់កណ្ដាលខែមករា ដើមឆ្នាំក្រោយនេះ   ទៅសហរដ្ឋអាម៉េរិកនោះ ប្រហែលជាអាចពន្យាពេល ពីព្រោះការងារ មួយចំនួន ដូចជានៅរៀបចំគណបក្សផ្សព្វផ្សាយ ដឹកនាំគណបក្សនៅក្នុងប្រទេសនេះ”។

សូមបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា បញ្ហាផ្ទៃក្នុងរបស់គណបក្សសង្រ្គោះជាតិ ហាក់បីដូចជាមិនសូវរឹងមាំ ដោយសារមន្រ្តីសំខាន់ៗមួយចំនួនដូចជា លោក អ៊ុក ស៊ុយ និង លោក ខឿយ ស៊ីណាប្រធានគណបក្សសង្រ្គោះជាតិប្រចាំខេត្តបាត់ដំបង ជាដើម បាននាំគ្នាទៅចុះចូលជាមួយ គណបក្សរបស់ លោកម៉ម សូណង់ដូ ដោយពួកគាត់បានចោទថា នៅក្នុងបក្សនេះ មានក្រុមបក្ខពួកនិយមច្រើន៕

លោក កឹម សុខា ផ្អាកទៅក្រៅ ប្រទេសមួយ រយៈដើម្បីពង្រឹង បញ្ហាផ្ទៃក្នុងបក្ស