ជនសង្ស័យ​២​នាក់ អស់លក្ខណ៍​ត្រឹម​ឆក់​កាបូប​លើក​ទី​៥​នៅ​ក្រុង​ខេមរភូមិន្ទ

ខេត្តកោះកុង ៖ ចោរឆក់​២​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ ធ្នូ ២០១៥ ស្ថិត​នៅ​ចំណុច​ផ្សារ​ចាស់ ក្នុងភូមិ​១ សង្កាត់​ដងទង់ ក្រុង​ខេរ​ភូមិន្ទ ខណៈ​ដែល​ក្រុម​ចោរ​កំពុង​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​២​នាក់​ម្តាយ និង​កូន​ចេញពី​រោងការ ។

ប្រភព​បានឱ្យ​ដឹង​ថា ខណៈ​ក្រុម​ចោរឆក់​កាបូប​នេះ ត្រូវ​ស្ត្រី​រង​គ្រោះ​បាន​ស្រែក​ឆោឡោ​ឡើង គាប់​ជួន​សមត្ថកិច្ច​ដែល​​ម្ចាស់​ដើម​ការ​យក​មក​ដាក់​​យាម​ការពារ​​​ដែរនោះ​ ​ឃើញ​ជនសង្ស័យ​ទើប​ធ្វើការ​ដេញ​តាម​ក្របួច​ជាប់​​តែ​ម្តង ។ ជនសង្ស័យ​ទាំង​២​នាក់ ១-​ឈ្មោះ​ម៉ា​ន់ ម៉េ​ង​ហុង អាយុ​១៤​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ក្នុងភូមិ​៤ សង្កាត់​ស្ទឹង​វែង និង​២-​ឈ្មោះ​ស្រ៊ុ​ន វ៉ា​នុ​ត អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ដងទង់ ។ រីឯ​ស្ត្រី​រង​គ្រោះ​ឈ្មោះ​ហង្ស សុភា អាយុ​៦១​ឆ្នាំ ជា​អ្នក​លក់ដូរ មាន​ទីលំនៅ​ក្នុងភូមិ​១ សង្កាត់​ដងទង់ ត្រូវជា​ម្តាយ និង​២-​ឈ្មោះ​ពោ សុរិយា អាយុ​២៩​ឆ្នាំ ជា​កូនស្រី ។

បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាព​ថា ពួក​គេ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ចំនួន​៤​លើក​រួច​មក​ហើយ ដោយ​លើក​នេះ​គឺជា​លើក​ទី​៥ តែ​ត្រូវ​សមត្ថកិច្ច​ចាប់​បាន ។