មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​៤​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រះ​ពន្លា​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​មុខ​សញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ ចំណុច​ម្តុំ​ស្ថានីយ​រថភ្លើង ស្ថិត​ក្នុងភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ដោយ​ធ្វើ​ការ​ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​៤​នាក់ និង​វត្ថុតាង​មួយ​ចំនួន ។

លោក​វរសេនីយ៍ទោ ធិ​ន ស៊ិ​ន​ដេ​ត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​២​នាក់​ប្តី​ប្រពន្ធ​ ឈ្មោះ ឡា សុ​ជា អាយុ​៣៤​ឆ្នាំ ជា​ប្តី និង​ប្រពន្ធ​ឈ្មោះ ឡាយ ស្រី​ណែ​ត អាយុ​២៩​ឆ្នាំ ទាំង​២​នាក់ នៅ​ភូមិ​ដី​ឡូត៍ សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោ​ភ័ណ ខេត្តបន្ទាយមានជ័យ គឺជា​មុខសញ្ញា​លក់​ ចែកចាយ​យ៉ាង​សកម្ម​នៅ​ចំណុច​ម្តុំ​ស្ថានីយ​រថភ្លើង​នេះ និង​មុខសញ្ញា​ប្រើប្រាស់​ប្រុស​/​ស្រី​​២​នាក់​ទៀត​​ឈ្មោះ ទឹម ទុន ភេទ​ប្រុស​អាយុ​២២​ឆ្នាំ នៅ​ភូមិ​ស្តី​ក្រោម ឃុំ​គយ​មែ​ង ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ និង ​ឈ្មោះ កែម សុ​ខេ​ង ភេទ​ស្រី អាយុ​៣១​ឆ្នាំ នៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ទោ ធិ​ន ស៊ិ​ន​ដេ​ត ក៏​បាន​បញ្ជាក់​ថា តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ តែងតែ​ដាក់​ចេញ​នូវ​បទបញ្ជា​ដល់​ការិយាល័យ​ជំនាញ ចុះ​សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ចុះ​បង្ក្រាប​ឲ្យ​ដូច​ជា​ភ្លៀងរលឹម​ចំពោះ​បញ្ហា​គ្រឿងញៀន ចាប់ពី​ទ្រង់ទ្រាយ​តូច​ដល់​ទ្រង់ទ្រាយ​ធំ ហើយ​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​ថង់​សម្រាប់​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន ដែកកេះ និង​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង កម្លាំង​ជំនាញ​កំពុងធ្វើការ​សាកសួរ និង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕