ម៉ូតូ​២​គ្រឿង​បុក​គ្នា​លាន់​ដូច​រន្ទះ ម្ខាង​បាក់ឆ្អឹង​ដងកាំបិត និង​ម្ខាង​ទៀត​បែកក្បាល

ខេត្តពោធិ៍សាត់ ​៖​ ម៉ូតូ២​គ្រឿង​​​បើក​បុក​គ្នា​លាន់​ដូច​​រន្ទះបណ្ដាល​ឱ្យ​​មនុស្ស២​នាក់ ​ម្នាក់​បាក់ដង​កាំបិត​ និង​ម្នាក់ទៀត​​បែកក្បាល​ហូរ​ឈាម​​រង​របួស​យ៉ាងធ្ងន់ធ្ងរ ​ហើយ​ម៉ូតូ​ខូច​ខ្ទេចខ្ទី​មួយ​​កំណាត់​មុខ​ ដែលហេតុការណ៍នេះកើត​ឡើង​កាលពី​​វេលា​ម៉ោង​០៦ ​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៦​ ធ្នូ ​២០១៥​ ​ស្ថិត​នៅ​ចំណុច​​​ផ្លូវ​កៅស៊ូ​មួយ​ខាងត្បូង​​ផ្លូវ​រថភ្លើង​ប្រហែល​២០០​ម៉ែត្រ ​​ក្នុងភូមិ​ត្រពាំង​ជង ​ឃុំ​ត្រពាំង​ជង​ ស្រុក​បាកាន​ ខេត្តពោធិ៍​​សាត់​ ។

​សមត្ថកិច្ច​​នៅ​ទីនោះ​បាន​ឱ្យ​​ដឹង​ថា ​ជន​រង​គ្រោះ​ម្នាក់​​ឈ្មោះ​ជៀក ទិ​ត​ហៀ​ង ​អាយុ​២៤​ឆ្នាំ ​រស់នៅ​ភូមិ​បាកាន​ ឃុំ​ត្រពាំង​ជង​ ស្រុក​បាកាន​ (​បាក់ដង​កាំបិត) និង​​ម្នាក់​ទៀត​​ឈ្មោះ​មឿ​ន សើន​​ ​អាយុ​២៨​ឆ្នាំ​ រស់នៅ​ភូមិ​របង​រមាស ​ឃុំ​បឹង​បត់​កណ្ដោល​ ស្រុក​បាកាន​(របួស​​បែកក្បាល) ​។​

ប្រភពបន្តថា កាលពី​​​វេលា​យប់​នោះ​ ឈ្មោះ​មឿ​ន សើន​ ​​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ​ស៊េរី​២០១០​ ពាក់​ស្លាក​លេខ​ពោធិ៍​សា​ត់​1C-0672 ​ឌុ​ប​ប្អូនប្រុស​ឈ្មោះ​មឿ​ន សាន​ អាយុ​២០​ឆ្នាំ ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ។ លុះ​​ទៅ​ដល់​ចំណុច​កើតហេតុ​ បាន​បុក​ជាមួយ​ម៉ូតូ​វ៉េវ​កញ្ចាស់​ គ្មាន​ស្លាក​លេខ​ ដែល​បើក​ដោយ​ឈ្មោះ​ជៀក ទិ​ត​ហៀ​ង​ ក្នុង​ទិស​ដៅ​បញ្ច្រាស​​គ្នា​​លាន់​ដូច​រន្ទះ ​បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ទាំង​សងខាង​​រងរបួស ហើយ​ត្រូវ​​រ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។