លោក សាយ សំ​អាល់ ប្រាប់​ទូត​អាមេរិក ពី​ការងារ​គ្រប់គ្រង​បរិស្ថាន​និង​ធនធានធម្មជាតិ​នៅ​កម្ពុជា​

ភ្នំពេញ: ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានអនុញ្ញាត​ឱ្យ​លោក William A. Heidt ឯកអគ្គរដ្ឋទូត​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​ការងារ​គ្រប់គ្រង​បរិស្ថាន​និង​ធនធានធម្មជាតិ​នៅ​កម្ពុជា​។

​លោក​រដ្ឋមន្ត្រី​បាន​ស្វាគមន៍​និង​អបអរសាទរ​ចំពោះ​ការចូល​កាន់តំណែង​រប​ស់លោក​ជា​ឯកអគ្គរដ្ឋទូត ហើយ​លោក​រដ្ឋមន្ត្រី​ក៏បាន​ជម្រាបជូន​ភ្ញៀវ​អំពី​ស្ថានភាព​និង​វឌ្ឍនភាព​ការងារ​របស់​ក្រសួងបរិស្ថាន ដោយ​រំលេច​នូវ​ចក្ខុវិស័យ បេសកកម្ម និង​ទិសដៅ​ការងារ ពាក់ព័ន្ធ​នឹង​តួនាទី​ភារកិច្ច​របស់​ក្រសួង ជាពិសេស​ការពង្រឹង​តួនាទី​អង្គភាព​ជំនាញ​នៅ​ថ្នាក់ក្រោម​ជាតិ ដើម្បី​ធានាបាន​នូវ​ការលើកកម្ពស់​គុណភាព​បរិស្ថាន ការរក្សាបាន​នូវ​តុល្យភាព​នៃ​ប្រព័ន្ធ​អេកូឡូស៊ី និង​ការរស់នៅ​ដោយ​ចីរភាព​។
​ជំនួប​នេះ​ជាការ​បើក​ទំព័រ​សករាជ​ថ្មី​នៃ​ទំនាក់ទំនង​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​និង​សហរដ្ឋអាមេរិក​លើ​វិស័យ​បរិស្ថាន ដោយ​ភាគី​ទាំងពីរ​បាន​ប្តេជ្ញា​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឱ្យ​បាន​កាន់តែ​ស៊ីជម្រៅ​និង​ទូលំទូលាយ​បន្ថែមទៀត ជាពិសេស​លើ​ការពង្រឹង​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ ក៏ដូចជា​ការប្រើប្រាស់​ថាមពល ដែល​អាច​ធានាបាន​នូវ​ការអភិវឌ្ឍ​ដោយ​ចីរភាព​៕​

លោក សាយ សំ​អាល់ ប្រាប់​ទូត​អាមេរិក ពី​ការងារ​គ្រប់គ្រង​បរិស្ថាន​និង​ធនធានធម្មជាតិ​នៅ​កម្ពុជា​