រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ កោះប្រជុំ​ប្រធាន​តុលាការ និង​ព្រះរាជអាជ្ញា​ទូទាំងប្រទេស នៅ​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ​

ភ្នំពេញ: លោក អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានចេញ​លិខិត ចុះ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ ជម្រាបជូន​ប្រធាន​សាលាដំបូង​រាជធានី​ខេត្ត និង​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី ខេត្ត​ទូទាំងប្រទេស ដើម្បី​ចូលរួម​កិច្ចប្រជុំ ស្តីពី កិច្ចសហការ​អនុវត្ត​ច្បាប់ រវាង​តុលាការ អយ្យការ និង​នគរបាល​យុត្តិធម៌ ក្នុង​ការងារ​ពង្រឹង​សន្តិសុខ​សាធារណៈ បង្ការ និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​។​ ​កិច្ចប្រជុំ​រួម​​នោះ នឹងធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង​យុត្តិធម៌ ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ ចាប់ពី​ម៉ោង ៨ និង ៣០​នាទី ដល់​ម៉ោង ១១ និង ៣០ នាទី​ព្រឹក​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ លោក អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានចេញ​លិខិត​មួយ ជូន​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ខេត្ត ដើម្បី​កោះប្រជុំ​បន្ទាន់ ពិនិត្យ​ការងារ​របស់​ស្ថាប័ន​អយ្យការ នៅ​ថ្ងៃ​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥​។ កិច្ចប្រជុំ​នា​ព្រឹក​ថ្ងៃស្អែក​នេះ លោក​រដ្ឋមន្ត្រី បាន​តម្រូវ​ឲ្យ​ព្រះរាជអាជ្ញា ប្រមូល​ទិន្នន័យ និង​រាយការណ៍​ជូន​អង្គប្រជុំ​អំពី​ចំនួន​សំណុំរឿង​ពាក់ព័ន្ធ​នឹង​អំពើ​លួច ឆក់ និង​ប្លន់ ដែល​កំពុង​ស្ថិតក្នុង​ចំណាត់ការ​អយ្យការ និង​តុលាការ ដែល​បាន​ចាត់ការ​រួច និង​ដែល​ទណ្ឌិត ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​៕​

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ កោះប្រជុំ​ប្រធាន​តុលាការ និង​ព្រះរាជអាជ្ញា​ទូទាំងប្រទេស នៅ​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ​