តើអ្នក​គូររូប​នៅ​លើ​ប៊ូល​ឌីង ជាន​រណា​?

គំនូរ​ស្ត្រី​ម្នាក់​ដែល​ជា​ស្នាដៃ​របស់​លោក Miles "El Mac" MacGregor នៅ​លើ​ជញ្ជាំងនៃអាគារប៊ូលឌីង ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន បាន​ក្លាយជា​ប្រធានបទនៃការពិភាក្សា​ដ៏​ចម្រូងចម្រាស បន្ទាប់ពីអាជ្ញាធររាជ​ធានីភ្នំពេញ បាន​សម្រេច​លុ​បចោល​ដោយសារគ្មាន​ច្បាប់អនុញ្ញាត​។

លោក Miles "Mac"MacGregor អាយុ៣៥​ឆ្នាំ​ ជា​វិចិត្រករ​ដ៏​ល្បី​ឈ្មោះម្នាក់​របស់អាមេរិក។ បើតាមគេហទំព័រ elmac.net លោក Mac ដក់​ជាប់លើ​ជំនាញ​គូររូប​តាំងពី​កុមារភាពមកម្ល៉េះ ដោយយក​គំរូតាម​លោក Caravaggio និង Vermeer ជាដើម។

លោក​បាន​ចាប់​ផ្តើម​គូរ​រូប​តាម​ជញ្ជាំងចាប់ពី​អំឡុង​ពាក់កណ្តាលទសវត្សរ៍​ឆ្នាំ​១៩៩០ មក។ នៅ​ឆ្នាំ​១៩៩៩ លោក​បាន​គូររូបមិត្តភក្តិ​របស់​ខ្លួន​ និង​ជន​ជាតិ​ម៉ិចស៊ិក​មួយចំនួន​នៅ​តាម​ជញ្ជាំង និងទីសាធារណៈ ទាំងមាន​ច្បាប់អនុញ្ញាត និងគ្មាន​ច្បាប់​អនុញ្ញាត។

គេសង្កេត​ឃើញ​ផ្ទាំងគំនូរ​របស់​លោក Mac មាននៅតាម​ជញ្ជាំងនានានៅសហរដ្ឋអាមេរិក ម៉ិកស៊ិក ដាណឺម៉ាក ស៊ុយអែត គុយបា កាណាដា កូរ៉េខាងត្បូង បែលហ្ស៊ិក អ៊ីតាលី ហូឡង់ ព័រតូរីកូ អេស្ប៉ាញ បារាំង សឹង្ហបុរី អាល្លឺម៉ង់ អៀរឡង់ អង់គ្លេស និង​វៀតណាម ជាដើម។