លោក យឹម ផេង មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​សាងសង់​សំណង់​ខុសច្បាប់​

​ប្រជាពលរដ្ឋ​ខេត្តកោះកុង​បាន​រិះគន់ថា លោក យឹម ផេង អាង​ខ្លួន​ជា​មន្ត្រី​ធំ​បាន​សាងសង់​សំណង់​រឹងមាំ​ដ៏​ធំ ហើយ​ពុំមាន​ច្បាប់​ទៀត តែ​គ្មាន​អាជ្ញាធរ​ណា​ហ៊ាន​ក្បែរ​ឡើយ​ដែល​បញ្ហា​នេះ​បង្ហាញ​ឲ្យ​ឃើញច្បាស់​ពី​ភាពអយុត្តិធម៌​នៅក្នុង​សង្គម ព្រោះ​ច្បាប់​អនុវត្តន៍​លើ​តែ​ប្រជាពលរដ្ឋ​ក្រីក្រ​តូចតាច​ប៉ុណ្ណោះ ខណៈ​មន្ត្រី​គ្រាក់ៗ​សមត្ថកិច្ច​ជំនាញ​មិន​ហ៊ាន​ប៉ះពាល់​នោះទេ​។​

​ប្រភពព័ត៌មាន​ពី​ខេត្តកោះកុង​បាន​បញ្ជាក់ថា សំណង់​ថ្ម​ដ៏​រឹងមាំ​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង គឺជា​របស់លោក យឹម ផេង មន្ត្រីនគរបាល​ជាន់ខ្ពស់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង កំពុង​ត្រូវ​សាងសង់​ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត និង​មិនមាន​អាជ្ញាធរ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ ប្រភព​ដដែល​បញ្ជាក់ថា​បើជា​ប្រជាពលរដ្ឋ​វិញ កុំថាឡើយ​សង់​ដល់​ប៉ុណ្ណេះ គឺ​គ្រាន់តែ​ចាក់​ជើង​សសរ ប្រាកដ​ជាមាន​ការហាម​ឃាត់​ទៅហើយ​។​

ជុំវិញ​បញ្ហា​នេះ អភិបាលស្រុក​មណ្ឌលសីមា លោក ហាក់ ឡេង បាន​ពន្យល់ថា ខាង​ការិយាល័យ​ដែនដី​បានចេញ​លិខិត​ផ្អាក​នៅ​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៥ ម្តង​ហើយ តែ​លោក យឹម ផេង បានស្នើ​ខាង​ការិយាល័យ​ដែនដី​ថា​នឹង​រត់ការ​សាងសង់​។ លោក ហាក់ ឡេង បាន​បន្តថា រហូតដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ មន្ត្រី​ស្រុក​មណ្ឌលសីមា សហការ​ជាមួយ​ការិយាល័យ​ដែនដី​ស្រុក​មណ្ឌលសីមា ចុះទៅ​ហាមឃាត់​សកម្មភាព​សាងសង់​សំណង់​ជា​លើក​ទី​២ តែដោយសារ​តែមាន​ការ​សុំ​ពន្យា​ពេល​ពី​សំណាក់​លោក យឹម ផេង និង​ក្រុមគ្រួសារ ហើយ​មានការ​យោគយល់​ពី​សំណាក់​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ផង​នោះ ក៏​ទុកពេល​ឲ្យ​លោក យឹម ផេង ជា​លើក​ទី​២​ដើម្បី​ឲ្យ​គាត់​រត់ការ តែ​គាត់​មិន​ព្រម​រត់ការ​នោះទេ រហូតដល់​សំណង់​នោះ សាងសង់​រួចរាល់​ជា​ស្ថាពរ​។​

ចំណែក​លោក លោក រស់ ស៊ីថា ប្រធាន​ភូមិបាល​ស្រុក​មណ្ឌលសីមា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹង​ដែរ​ថា លោក​បានចេញ​លិខិត​ផ្អាក​២​ដង​រួចមកហើយ ហើយ​លោក​ក៏បាន​រាយ​ការ​ជូនទៅ​អាជ្ញាធរ​ស្រុក​ហើយ​ដែរ តែ​លោក យឹម ផេង មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​នៅតែ​អាច​សង់​សំណង់​ខុសច្បាប់​បាន​ដដែល​។ ប្រជាពលរដ្ឋ​ខេត្តកោះកុង​បាន​រិះគន់ថា​លោក យឹម ផេង មិន​ត្រឹមតែ​សង់​សំណង់​ខុសច្បាប់​នោះទេ តែ​មន្ត្រីនគរបាល​ដដែល​នេះ​ក៏​ជាប់​ពាក់ព័ន្ធ​ជាមួយ​ការអន្តរាគមន៍​ឲ្យ​ភរិយា​របស់ខ្លួន​រកស៊ី​នាំចូល​ទំនិញគេចពន្ធ​ពី​ប្រទេស​សៀម​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​ផងដែរ តែ​សមត្ថកិច្ច​ខេត្តកោះកុង​មិន​ហ៊ាន​ប៉ះពាល់​នោះទេ​៕

Pic32