​បទល្មើស​ព្រៃឈើ​នៅ​ស្រុក​អណ្តូង​មាស ខេត្តរតនគិរី កាន់​តែមាន​សភាព​ធ្ងន់ធ្ងរ​

រហូតមកដល់​ពេលនេះ​បទល្មើស​ព្រៃឈើ​នៅក្នុង​ស្រុក​អណ្តូង​មាស ខេត្តរតនគិរី កាន់​តែមាន​សភាព​ធ្ងន់ធ្ងរ​ឡើងៗ​។ ប្រភពព័ត៌មាន​ពី​ស្រុក​អណ្តូង​មាស ខេត្តរតនគិរី​បាន​បញ្ជាក់ថា បទល្មើស​ព្រៃឈើ​គឺ​ឈ្មួញ​បាន​ប្រើ​ម៉ូតូ និង​រថយន្ត​កែច្នៃ​គ្រប់​ប្រភេទ​ធ្វើ​សកម្មភាព​ដឹកឈើ ចេញពី​បណ្តា​ស្រុក​នានា​នៃ​ខេត្តរតនៈគិរី​ដូចជា​ស្រុក​វ៉ើ​ន​សៃ ស្រុក​អូរ​ជុំ និង​ស្រុក​តា​វែង ហើយ​ត្រូវ​ឆ្លងកាត់​ដី​សម្បទាន​សេដ្ឋកិច្ច​ចំការកៅស៊ូ​ក្រុមហ៊ុន​ហេង​ប្រា​ឌ័​រ និង​ក្រុមហ៊ុន​ហ៊​ង​អា​ញ់​ម៉ាង​យ៉ាង​ខេ​អណ្តូង​មាស ចូលមក​ទីរួមស្រុក​អណ្តូង​មាស​កាត់​តាម​មុខ​ស្នាក់ការ​អង្គភាព​ជំនាញ​ជាច្រើន​។

សកម្មជន​ព្រៃឈើ​នៅ​ខេត្តរតនគិរី​បានបញ្ជាក់​ថាបើ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រៃឈើ គឺ​បង្ក្រាប​បានតែ​បទល្មើស​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ណា​ដែល​មិនបាន​បង់លុយ​ឲ្យ ឬ​រថយន្ត​ខូច​ដូចជា​បែក​កង់ ឬ​ក្រឡាប់​ទៅមុខ​លែងរួច ឬ​ម៉ូតូ​ណា​ដែល​មិនបាន​បង់លុយ ឬ​បង់​មិន​គ្រប់​ចំនួន​កំណត់ឱ្យ​ឲ្យ​សមត្ថកិច្ច​តែប៉ុណ្ណោះ​។ ប្រភព​ដដែល​បាន​បន្ថែមថា​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​នៅក្នុង​ស្រុក​អណ្តូង​មាស​ជាពិសេស​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​តែម្តង​បាននិងកំពុង​កាក់កប​ខ្លាំងណាស់​ក្នុងការ​ប្រមូល​លុយ​ពីបទ​ល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​យកទៅលក់​ឲ្យ​ឈ្មួញ​ជនជាតិ​យួន​តាម​ច្រករបៀង​មួយចំនួន​នៅតាម​ព្រំដែន​។​

ប្រជាពលរដ្ឋ​ស្រុក​អណ្តូង​មាស ខេត្តរតនគិរី បាន​បញ្ជាក់ថា តំបន់​ដែលមាន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​សកម្ម​ជាងគេ​គឺ​ដូចជា​ច្រក​ផាស​តាម ហៅ​ច្រក​អូរ​សា​ថី ច្រក​តា​ង៉ា និង​ច្រក​ភូមិ​ចង ស្ថិតក្នុង​ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្តរតនគិរី​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ស្រុក​អណ្តូង​មាស​ជា​ស្រុក​ដែលជា​ប់​ព្រំប្រទល់​ជាមួយ​ប្រទេស​យួន​ដែលមាន​ចម្ងាយ​ប្រមាណ​ជាង​៤០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តរតនគិរី ដូច្នេះ​បើ​សមត្ថកិច្ច​ជំនាញ​ចង់​បង្ក្រាប​បទ​លើ្ម​ស​ព្រៃឈើ គ្មានអ្វី​ស្មុគស្មាញ​នោះទេ តែ​បញ្ហា​នៅត្រង់ថា​សមត្ថកិច្ច​ភាគច្រើន​បានទទួល​ផលប្រយោជន៍​ពីបទ​ល្មើស​ព្រៃឈើ ទើប​សកម្មភាព​បង្ក្រាប​បទល្មើស​ព្រៃឈើ​ពិបាក​ដូច​អូស​ប្ញ​ស្សី​បញ្ច្រាស​ចុង​៕

10993469_923882314328797_2858013319830245309_n