ចិន ទិញ​ខ្យល់​បរិសុទ្ធ ពី​កាណាដា​

ចិន ទិញ​ខ្យល់​បរិសុទ្ធ ពី​កាណាដា​

“​បើ​ទៅ​លេង​ភ្នំ​បូកគោ ឬ​គីរីរម្យ កុំ​ភ្លេច​ច្រក​ខ្យល់​ចូល​ដប ផ្ញើរ​គ្នា​ផង​វើយ​!”

​អ្នក​ប្រហែលជា​ធ្លាប់​និយាយ​គ្នា​លេង អំពី​រឿង​នេះ​ហើយ​មើលទៅ​។ ស្តាប់ទៅ វា​គួរ​ឲ្យ​សំណើច តែ​តាមពិត គឺ​គេ​អាច ច្រក​ខ្យល់​ធម្មជាតិ ដាក់​នៅក្នុង​ដប​មែន ហើយ​វា​បាន​កើត​រួចទៅហើយ​។​

​ក្រុមហ៊ុន​របស់​កាណាដា ចាប់ផ្តើម​ច្រក​ខ្យល់​បរិសុទ្ធ ដើម្បី​លក់​ទៅកាន់​ប្រទេស​ចិន ហើយ​លក់​ដាច់​គ្មាន​សល់ ត្រឹមតែ ៤ ថ្ងៃ​ប៉ុណ្ណោះ​។​

​ក្រុមហ៊ុន​នេះ ចាប់ផ្តើម​យក​ខ្យល់​បរិសុទ្ធ ចេញ​ពី​ភ្នំ Rocky ដើម្បី​ធ្វើ​អាជីវកម្ម ដោយសារតែ​ឃើញ កម្រិតជាតិពុល​ឡើង​ខ្ពស់ នៅក្នុង​ប្រទេស​ចិន​។​

​ក្រុមហ៊ុន Vitality Air ត្រូវបាន​បង្កើតឡើង កាលពី​ឆ្នាំមុន​។ សហ​ស្ថាបនិក Moses Lam បាន​និយាយថា ការរកស៊ី​លើកដំបូង​នេះ យើង​នាំ​មក​តែ ៥០០ ដប​ទេ តែ​ឥឡូវនេះ គ្មាន​សល់​ទេ គឺ​លក់ដាច់​អស់ហើយ​។ ៤០០០ ដប​ទៀត​នឹង​មកដល់​ឆាប់ៗ​នេះ ហើយ​ភាគច្រើន គឺ​គេ​បាន​កក់​ទុក​អស់​ទៀត​។​

​ខ្យល់​បរិសុទ្ធ​នេះ ត្រូវ​មក​ច្រក​មក​ពី​ឧទ្យាន​ជាតិ Banff តាម​ជ្រលង​ភ្នំ Rocky​។ ក្នុង​មួយ​ដប​មាន​ចំណុះ ៧,៧ លីត្រ និង​មាន​តម្លៃ ១០០ យ័ន (​ប្រហែល ១៥ ដុល្លារ​) ដែល​វា​ថ្លៃ​ជាង  ដប​ទឹករ៉ែ​ក្នុង​ប្រទេស​ចិន ដល់​ទៅ ៥០ ដង​ឯណោះ​។​

​គួរ​រំលឹក​ផងដែរ​ថា ពលរដ្ឋ​ចិន​នៅក្នុង​ទីក្រុង​ធំៗ កំពុង​ជួប​បញ្ហា​ធ្ងន់ធ្ងរ ដោយសារ​ការ​បំពុលបរិយាកាស​។​

​យ៉ាងណាក្តី ក្រុមហ៊ុន​កាណាដា​នេះ មិនមែន​ជា​ប្រទេស​ទីមួយ ដែល​លក់​ខ្យល់​ធម្មជាតិ ទៅ​ឲ្យ​ប្រទេស​ចិន​នោះទេ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។