​ផ្សែង​ទៀន បង្កបញ្ហា​ដល់​សុខភាព​

​ផ្សែង​ទៀន បង្កបញ្ហា​ដល់​សុខភាព​

​បញ្ហា​ប្រព័ន្ធ​ដកដង្ហើម និង​ជំងឺហឺត​
​ជាតិ​ប្រេង​នៅក្នុង​ទៀន ជះឥទ្ធិពល​អាក្រក់​បំផុត ចំពោះ​អ្នក​មាន​ជំងឺ​ផ្លូវដង្ហើម និង​ជំងឺហឺត ដូច្នេះ អ្នកជំងឺ​ប្រភេទ​នេះ ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​ផ្សែង​ទៀន​។ ក្លិន​របស់​ទៀន នាំយក​ជាតិពុល​នានា ដែល​អាច​ប៉ះពាល់​ដល់​សួត និង​ការដកដង្ហើម​របស់​អ្នក​។​

​ធ្វើឲ្យ​ឈឺក្បាល​
​ក្លិន​របស់​ទៀន អាច​ធ្វើឲ្យ​មនុស្ស​មួយចំនួន​ឈឺក្បាល វិលមុខ និង​រកកល់​ក្អួត​ជាដើម​។ មនុស្ស​មួយចំនួន​នឹង​ឈឺក្បាល ក្រោយពេល​ស្រូបយក​ក្លិនក្រអូប​របស់​ទៀន នៅ​តាម​ភោជនីយដ្ឋាន សណ្ឋាគារ និង​កន្លែង​ម៉ាស្សា​ដើម ដែល​វា​បណ្តាល​មក​ពីសា​រ​ធាតុ​ពុល ដែល​បង្កប់​នៅក្នុង​ទៀន​។​

​ប្រឆេះ​ទៀន ស្រោប​ដោយ​សំណ​
​ប្រឆេះ​ទៀន អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ចំពោះ​សុខភាព​របស់​អ្នក​។ ប្រឆេះ​ទៀន អាច​បំផ្លាញ​ខួរក្បាល សួត ថ្លើម និង​ធ្វើឲ្យ​មានអ​តុល្យភាព​អ័រម៉ូន នៅក្នុង​រាងកាយ​យើង​។ ប្រឆេះ​ទៀន ស្រោប​ដោយ​ជាតិ​សំណ ដើម្បី​ជួយ​ឲ្យ​វា​រឹង​ត្រង់​បាន ដូច្នេះ ពេល​អ្នក​អុជ​ទៀន ច្បាស់​ណាស់ សារធាតុ​ទាំងនេះ នឹង​ហើរ​ចូល​ក្នុង​ច្រមុះ​អ្នក​ជា​មិនខានឡើយ​។​

​ប្រតិកម្ម​
​មនុស្ស​មួយចំនួន ប្រតិកម្ម​ទៅ​នឹង​សារធាតុ ឬ​ក្លិន​របស់​ទៀន ដែល​វា​អាច​បង្ក​គ្រោះថ្នាក់​ភ្លាមៗ​ដល់​ពួកគេ ពេល​ពួក​ប៉ះ​ក្លិន​របស់​ទៀន​។​

​វិធីសាស្ត្រ​ចៀសវាង គ្រោះថ្នាក់​ដោយសារ​ទៀន ៖
-​    ​កុំ​ប្រើ​ទៀន​ក្រអូប នៅក្នុង​បន្ទប់​គេង ឬ​ក្នុង​ផ្ទះ​របស់​អ្នក​
-​    ​ពេល​ចូល​ម៉ាស្សា ត្រូវ​ប្រាប់​គេ កុំឲ្យ​ដាក់ទៀន​នោះ ពីព្រោះ​ហាង​ភាគច្រើន តែងតែ​បន្ថែម​ក្លិន​ផ្សេងៗ នៅក្នុង​បន្ទប់​ម៉ាស្សា​
-​    ​បើកទ្វារ ឬ​បង្អួច​ក្នុងផ្ទះ​ឲ្យអស់ ពេល​អ្នក​អុជ​ទៀន ឬ​ដុត​ធូប បន់​ជីដូន​ជីតា​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។