ជីម៉ាក់​ស្នើ​រដ្ឋាភិបាល​ចាត់​វិធានការ​លើ​ក្រុម​កម្មករ​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​ឈ្នួល​នៅ​ក្រុង​បាវិត

សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា ជីម៉ាក់ (GMAC) ដែល​តំណាង​និយោជក​ក្នុង​វិស័យ​កាត់​ដេរ និង​ផលិត​ស្បែក​ជើង ស្នើ​ឲ្យ​រដ្ឋាភិបាល ជាពិសេស​អាជ្ញាធរ​មូលដ្ឋាន ចាត់​វិធានការ​លើ​ក្រុម​កម្មករ​ដែល​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​ឈ្នួល​លើស​ពី ១៤០​ដុល្លារ តាំង​ពី​ថ្ងៃ​ទី​១៦ ធ្នូ មក។

ការ​ចេញ​លិខិត​ស្នើសុំ​អន្តរាគមន៍​នេះ នៅ​បន្ទាប់​ពី​ស្ថានភាព​កុបកម្ម​កាន់​តែ​ឡើង​កម្តៅ រហូត​មាន​ប្រើ​ហិង្សា​ដែល​បាន​បង្ក​ឲ្យ​ខូចខាត​ដល់​ទ្រព្យ​សម្បត្តិ​របស់​រោងចក្រ​សហគ្រាស​ផ្សេងៗ ព្រម​ទាំង​បង្ក​គ្រោះថ្នាក់​ដល់​និយោជក និង​កម្មករ​ដែល​មិន​បាន​ចូលរួម​តវ៉ា។

កម្មករ​រោងចក្រ​ប្រមាណ ៣​ម៉ឺន​នាក់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន (Manhattan) និង​តាយសេង (Tai Seng) នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង បាន​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​ឈ្នួល​គោល​បន្ថែម​លើស​ពី​ចំនួន ១៤០​ដុល្លារ ដែល​គណៈកម្មការ​ប្រឹក្សា​ការងារ​បាន​កំណត់ កាល​ពី​ដើម​ខែ​តុលា ឆ្នាំ​២០១៥។

ការ​តវ៉ា​នេះ បាន​រាល​ដាល​កាន់​តែ​ធំ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ធ្នូ រហូត​ដល់​មាន​ការ​គប់​ដុំ​ថ្ម​បំផ្លាញ​ទ្រព្យ​សម្បត្តិ​រោងចក្រ។

ក្រុម​កម្មករ​លើក​ឡើង​ថា ការ​តវ៉ា​នោះ គឺ​គ្មាន​សហជីព​បំផុសបំផុល​ឡើយ ពោល​គឺ​កើត​ចេញ​ពី​កម្មករ​ដែល​មិន​ពេញ​ចិត្ត​ចំពោះ​ប្រាក់​ឈ្នួល ១៤០​ដុល្លារ ព្រោះ​ប្រាក់​ឈ្នួល​នេះ​មិន​អាច​ធានា​ឲ្យ​ពួក​គាត់​រស់នៅ​បាន​ដោយ​សមរម្យ​ឡើយ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​យប់​នេះ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។