​អភិបាល​ខណ្ឌដង្កោ ចុះសួរសុខទុក្ខ​​ពលរដ្ឋ និង​ពិនិត្យ​មើលផ្លូវ​នៅ​ក្នុងភូមិ​បុរី​កម្មករ

រា​ជ​ធានី​ភ្នំពេញ​ ៖ លោក នុ​ត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ​ បាន​ដឹកនាំ​មន្ត្រីរាជការ ​សាលាខណ្ឌនិង​សង្កាត់​ ចុះ​សួរសុខទុក្ខប្រជាពលរដ្ឋ​ និង​ពិនិត្យ​មើលផ្លូវ​បេតុង និង​ប្រព័ន្ធ​​លូ​បង្ហូរទឹកដែល​ទើបស្ថាបនា​រួចរាល់​កាលពី​ពេល​ថ្មី​ៗក​ន្ល​ង​មកនេះ ​កាលពី​វេលា​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិត​ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក​ ។

នៅ​ក្នុង​ឱកាស​នោះដែរ លោក​អភិបាល​ខណ្ឌបាន​ជួប​សំណេះសំណាល​ និង​សាកសួរ​សុខទុក្ខ​​ពលរដ្ឋភូមិ​បុរី​កម្មករ ដែល​ជា​អ្នក​ទទួលផល​ដោយ​ផ្ទាល់​ក្នុង​ការ​ប្រើប្រាស់​ផ្លូវ​១​ខ្សែ​នេះ​​​ជាប្រចាំ​ថ្ងៃ ដែល​ផ្លូវ​ថ្មី​​នេះ​បាន​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរប្រកប​របរ​ចិញ្ចឹមជីវិត មិន​ប៉ះពាល់​ដល់​សុខភាព​ និង​មាន​ផា​សុកភាព​ក្នុង​ការ​រស់នៅ​​ផង​ដែរ ។

លោក​អភិបាល ក៏​បាន​ផ្តាំផ្ញើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​រួម​គ្នា​ថែរក្សាផ្លូវ​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ប្រើប្រាស់​បាន​យូរអង្វែង ជា​ពិសេស ​ត្រូវ​គោរព​​ច្បាប់​ចរាចរ​ណ៍​ និង​ចូលរួម​អនុវត្ត​គោលនយោបាយភូមិ​/សង្កាត់​មាន​សុវត្ថិភាព​ទាំងអស់​គ្នា​ ដើម្បី​ភាព​សុខសាន្ត​ ។ ​មិនតែប៉ុណ្ណោះ​ប្រទេស​ជាតិ​កំពុង​មានការ​អភិវឌ្ឍរីក​ចម្រើន និង​មាន​សន្តិភាព ​ក្រោម​ការ​ដឹកនាំ​របស់​​រាជរ​ដ្ឋាភិ​បាល ដែល​មានសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី មាន​ផ្លូវថ្នល់ មាន​ស្ពាន មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​វិស័យ គឺ​អាស្រ័យ​ដោយ​មានការ​ចូលរួមគោរព​ច្បាប់​ពី​សំណាក់​បងប្អូនទាំងអស់​គ្នា​ផង​ដែរ ។

គួរ​បញ្ជាក់​​ដែរ​ថា ផ្លូវ​បេតុង​១​ខ្សែ​នេះ ជា​ផ្លូវ​បេតុង​ឆ្អឹង​ដែក ​ដែល​មាន​ប្រវែង​៥២៥​ម៉ែត្រ ទទឹង​៥​ម៉ែត្រ និង​លូដែល​មានមុខ​កាត់០,៦​ម៉ែត្រ តាម​បណ្តោយ​ផ្លូវ​បេតុង​ ស្ថិត​ក្នុងភូមិ​បុរី​កម្មករ ដោយ​ប្រើប្រាស់​គម្រោង​ថវិកា​របស់​រដ្ឋបាល​ខណ្ឌឆ្នាំ​២០១៥ ​បាន​ស្ថាបនា​រួច​នា​ពេល​ថ្មី​ៗ​កន្លង​មកនេះ ៕​