កម្មករ​រាប់​ម៉ឺន​នាក់​នាំ​គ្នា​ចាកចេញ​ឈប់​ធ្វើការ ដោយ​ក្រុម​បាតុករ​គប់​ដុំ​ថ្ម​ចូល​រោងចក្រ ឲ្យ​​មក​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ក្រុង​បា​វិត

ខេត្តស្វាយរៀង ៖ នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ ២០១៥​នេះ កម្មករ​-​កម្មការិនី​រោងចក្រ​រាប់​ម៉ឺន​នាក់​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន និង​តំបន់​សេដ្ឋកិច្ច​ពិសេស​តា​យ​សេង ក្រុង​បា​វិត បាន​នាំ​គ្នា​រត់​ចាក​ចេញពី​រោងចក្រ ដោយសារ​មាន​ក្រុម​បាតុករ​មួយ​ក្រុម​រាប់រយ​នាក់​បាន​យក​ដុំ​ថ្ម​គប់​ចូល​ក្នុង​រោងចក្រ ដើម្បី​ឲ្យ​កម្មករ​ចេញ​មក​ចូលរួម​ធ្វើ​បាតុកម្ម​ជាមួយ​ពួក​គេ​ទាមទា​ឲ្យ​ថៅកែរ​រោងចក្រ​តម្លើង​ប្រាក់​ឈ្នួល​ជា​ប្រាក់ខែ​គោល​សម្រាប់​ឆ្នាំ​២០១៦​ចំនួន​២០​ដុល្លារ ។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៦ ធ្នូ ២០១៥ វេលា​ម៉ោង​៨​ព្រឹក មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​កោះហៅ​តំណាង​ក្រុមហ៊ុន​រោង​ច្រក ម្ចាស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងអស់ តំណាង​សហជីព ស្ថាប័ន​ពាក់ព័ន្ធ និង​តំណាង​កម្មករ​រោងចក្រ​ទាំងអស់​នៅ​ក្រុង​បា​វិត ចូលរួម​ប្រជុំ​ផ្សព្វផ្សាយ​ស្តី​ពី​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​ប្រាក់ខែ​គោល​ដល់​កម្មករ​-​កម្ម​ការ​នី​សម្រាប់​ឆ្នាំ​២០១៦ តម្លើង​១២​ដុល្លារ ។

ក្រោយ​ពី​បញ្ចប់​កិច្ចប្រជុំ​នៅ​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក តំណាង​កម្មករ​-​កម្មការិនី​បាន​យក​ទៅ​ផ្សព្វផ្សាយ​បន្ត​ដល់​កម្មករ​ពេល​សម្រាក​ទទួលទាន​អាហារ​នៅ​ម៉ោង​១២​ថ្ងៃត្រង់ រហូត​ដល់​ម៉ោង​១​រសៀល​កម្មករ​-​កម្ម​ការ​នី​បាន​ចូល​ធ្វើការ​ធម្មតា មួយសន្ទុះ​ក្រោយមក ក៏​មាន​មនុស្ស​មួយ​ក្រុម​ចូល​ទៅ​ក្នុង​រោងចក្រ King Maker វាយ​តុ​បណ្តាល​ឲ្យ​ផ្អើល​ដល់​កម្មករ​-​កម្មការិនី​រត់​ចេញ​មក​ក្រៅ ស្រាប់តែ​មាន​មនុស្ស​ប្រមាណ​ជា​១០០​នាក់​បាន​យក​ដុំ​ថ្ម​ទៅ​គប់​ចូល​ក្នុង​រោងចក្រ​ស៊ី​កូ ឲ្យ​កម្មករ​ចេញ​មក​ក្រៅ បន្ទាប់​មក​ក៏​នាំ​គ្នា​ទៅ​គប់​រោងចក្រ​អេ​លី​ត​ទៀត បង្ក​ឲ្យ​រង​របួស​កម្ម​ការ​នី​ម្នាក់​បែកក្បាល ។

ដោយ​មាន​អំពើ​ហិង្សា​ដូច្នេះ នៅ​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថៅកែ​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន បាន​ឲ្យ​កម្មករ​-​កម្មការិនី​សម្រាក​ការងារ​ទាំង​២៣​រោងចក្រ ។ ហើយ​នៅ​ថ្ងៃ​ទី​១៧ ធ្នូ ២០១៥​នេះ វេលា​ម៉ោង​៧​ព្រឹក មាន​កម្មករ​-​កម្មការិនី​ចូល​ទៅ​ធ្វើការ​វិញ រហូត​ដល់​ម៉ោង​៩​ព្រឹក ក៏​មាន​ផ្ទុះ​ហិង្សា​ដោយ​ក្រុម​បាតុករ​រាប់​ពាន់​នាក់​នាំ​គ្នា​ដើរ​ចេញពី​រោងចក្រ និង​មាន​ក្រុម​បាតុករ​រាប់រយ​នាក់​ធ្វើ​សកម្មភាព​យក​ដុំ​ថ្ម​គប់​ចូល​ក្នុង​រោងចក្រ ធ្វើ​ឲ្យ​កម្មករ​-​កម្មការិនី​នាំ​គ្នា​ដើរ​ចេញពី​រោងចក្រ​ឈប់​ធ្វើការ ហើយ​ក្នុង​ពេល​នោះ​ដែរ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តា​យ​សេង ក៏​បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​ដើរ​ចេញពី​រោងចក្រ​ដែរ ដោយ​មាន​មនុស្ស​ចូល​ទៅ​អុកឡុក​មិន​ឲ្យ​ធ្វើការ ឲ្យ​នាំ​គ្នា​មក​ចូលរួម​បាតុកម្ម ក៏​ប៉ុន្តែ​កម្មករ​-​កម្មការិនី​រាប់​ម៉ឺន​នាក់​នាំ​គ្នា​ចាកចេញ​ដើរ​ត្រឡប់​ទៅ​ផ្ទះ​តែ​ម្តង បណ្តាល​ឲ្យ​ស្ទះចរាចរណ៍​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​១​ប្រមាណ​៣​គីឡូម៉ែត្រ ។

ហើយ​ការ​ធ្វើ​បាតុកម្ម​នេះ​ដែរ ក្រុម​បាតុករ​បាន​យក​ដុំ​ថ្ម​គប់​ចូល​រោងចក្រ​បណ្តាល​ឲ្យ​បែក​កញ្ចក់​ទ្វារ​បង្អួច​មួយ​ចំនួន​ផង​ដែរ ៕