ទារក​ចម្លែក​កើតមក​ស្លាប់​វិញ ដោយ​គ្រឿងក្នុង​នៅ​ក្រៅ​ខ្លួន

ខេត្ត​មណ្ឌល​គី​រី ៖ ទារក​អភ័ព្វ​ម្នាក់​បាន​ប្រសូត​ពី​ផ្ទៃ​ម្តាយ មិន​ទាន់​ឃើញ​ពន្លឺ​ថ្ងៃ​ផង​ក៏​បាន​ស្លាប់​ទៅ​វិញ ព្រោះតែ​គ្រឿងក្នុង​របស់​ទារក​នៅ​ក្រៅ​ខ្លួន​ទាំងអស់ ទាំង​បេះដូង សួត​ថ្លើម ពោះវៀន ក្រពះ​…​។

ហេតុការណ៍​ដ៏​តក់ស្លុត និង​គួរ​ឱ្យ​សង្វេគ​នេះ បាន​កើតឡើង​នៅ​មណ្ឌល​សុខភាព​កែវ​សីមា ក្នុងភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៦ ធ្នូ ២០១៦ ។ ក្រុម​គ្រូពេទ្យ​បានឱ្យ​ដឹង​ថា ទារក​អភ័ព្វ​ខាងលើ​កើតមក មាន​តែ​ខ្លួន​មួយ​កំណាត់​ហើយ​គ្រឿងក្នុង​នៅ​ខាងក្រៅ​ខ្លួន និង​បាន​ស្លាប់​វិញ​បន្ទាប់​ពី​កើត​បាន​ប៉ុន្មាន​នាទី ដោយ​ទារក​នេះ​មាន​ទម្ងន់​១.៨០​គីឡូក្រាម ។

នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​កែវ​សីមា​ឱ្យ​ដឹង​ថា ពិតជា​មាន​ករណី​កូន​មាន​រូបរាង​ចម្លែក​នេះ​ពិតមែន ប៉ុន្ដែ​ទារក​នោះ​គ្រាន់តែ​កើត​មក​​បាន​ប៉ុន្មាន​នាទី ក៏​បាន​ស្លាប់​ទៅ​វិញ ដោយ​បន្សល់​ទុក​តែ​ការ​សោកស្ដាយ ទុក្ខ​ព្រួយ និង​ភាព​ភ្ញាក់ផ្អើល​ប៉ុ​ណ្ដោះ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ស្ដ្រី​ដែល​បាន​បង្កើតកូន​តូច​ដ៏​អភ័ព្វ​នេះ ឈ្មោះ​ថា​ង ស្រី​និ​ច អាយុ​២៦​ឆ្នាំ មាន​ប្ដី​ឈ្មោះ​ជួន រតនៈ អាយុ ជាង​​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ។

គួរ​បញ្ជាក់​ថា នេះ​ជា​ហេតុការណ៍​ចម្លែក​លើក​ទី​២​ហើយ ដែល​បាន​កើតឡើង​ក្នុង​ខេត្តមណ្ឌលគិរី ដោយ​លើក​ទី​១ បាន​កើតឡើង​នៅ​ស្រុក​កែវ​សីមា​ដូច​គ្នា ដែល​ទារក​ម្នាក់​នោះ​កើតមក​មាន​រូបរាង​ពេញលេញ ប៉ុន្ដែ​មាន​លលាដ៍ក្បាល​ដល់​ទៅ​២ ។