នាយក​រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​ត្រូវ​គេ​ដាល់​ចំ​មុខ​មួយ​ដៃ​ពេល​ឃោសនាបោះឆ្នោត

ប្រមុខ​រដ្ឋាភិបាល​អភិរក្សនិយម​អេ​ស្ប៉ា​ញ​លោក MARIANO RAJOY កាលពី​ថ្ងៃ​ទី​១៦ ធ្នូ ត្រូវ​គេ​ដាល់​មួយ​ដៃ​ចំ​មុខ​ពេល​លោក​ចេញ​ធ្វើការ​ឃោសនាបោះឆ្នោត​តាម​ដង​វិ​ថី​នៃ​ទីក្រុង​មួយ​ជាទី​ក្រុង​កំណើត​របស់​លោក​នៅ​ភាគ​ខាងជើង​ប្រទេស​គឺ​ទីក្រុង PONTEVEDRA ។ អ្នក​ដាល់​លោក​ជា​យុវជន​អាយុ​១៧​ឆ្នាំ​ម្នាក់​ត្រូវ​ចាប់ខ្លួន ។

ការ​ដាល់​មួយ​ដៃ​យ៉ាងដំណំ​លើ​មុខ​លោក RAJOY ធ្វើ​ឱ្យ​វ៉ែនតា​លោក​ធ្លាក់​បែក ។ ប្រភព​មួយ​ក្នុង​ផ្ទៃ​គណបក្ស​លោក​គឺ​គណបក្ស​ប្រជាជន PP ស្តាំ​និយម​អះអាង​ថា នាយក​រដ្ឋមន្ត្រី​អាយុ​៦០​ឆ្នាំ​រូប​នេះ​មាន​សុខភាព​ល្អ​ទេ ។ ទោះជា​ត្រូវ​គេ​ដាល់​មួយ​ដៃ​ចំ​មុខ តែ​លោក​នៅ​បន្ត​ដើរ​ឃោសនា​ទៀត​តាម​ដង​វិ​ថី​នៃ​ទីក្រុង PONTEVEDRA ។

យោង​តាម​ការ​ស្ទាបស្ទង់​មតិ​ចុង​ក្រោយ​ទាំងឡាយ​ថា មុន​ការ​បោះ​ឆ្នោត​សភា​នា​ថ្ងៃ​ទី​២០ ធ្នូ ខាង​មុខ​នេះ លោក MARIANO RAJOY មាន​ប្រជាប្រិយភាព​កើនឡើង ដោយ​គណបក្ស​លោក​នៅ​មាន​ពិន្ទុ​នាំ​មុខតែ​មិន​ដល់​លើស​ពី​៣០%​ឡើយ ។ គូប្រជែង​នៃ​គណបក្ស​សង្គមនិយម​លោក PEDRO SANCHEZ នា​ថ្ងៃ​ទី​១៦ ធ្នូ បាន​ថ្កោលទោស​ការ​វាយប្រហារ​នេះ​ថា ពុំ​អាច​អត់ឱន​ឱ្យ​បាន​ឡើយ ៕