អីុ​រ៉​ង់​សន្យា​បន្ត​ការ​សាកល្បង​មី​ស៊ី​ល​នានា

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អីុ​រ៉​ង់ លោក HOSSEIN DEHGHAN ថ្លែង​កាលពី​ថ្ងៃ​ទី​១៦ ធ្នូ ថា អីុ​រ៉​ង់​នឹង​មិន​អាច​ទទួលយក​បាន​ទេ ដែល​សហគមន៍​អន្តរជាតិ​ដាក់​ការ​រឹតត្បិត អភិវឌ្ឍន៍​កម្មវិធី​មី​ស៊ី​ល​របស់​ខ្លួន ។

បណ្តា​អ្នក​ជំនាញការ អ​.​ស​.​ប ក្នុង​របាយការណ៍​មួយ​អះអាង​ថា មី​ស៊ី​ល​ថ្មី​របស់​អីុ​រ៉​ង់​ដែល​បាញ់​បាន​ឆ្ងាយ​ឈ្មោះ EMAD ត្រូវ​បាន​បាញ់​សាកល្បង​ប្រកបដោយ​ជោគជ័យ​កាលពី​ថ្ងៃ​ទី​១០ តុលា ហើយ​មី​ស៊ី​ល​នេះ​អាច​បញ្ជូន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដែល​បែប​នោះ​គឺ​ផ្ទុយ​ទៅ​នឹង​ដំណោះស្រាយ​លេខ​១៩២៩ របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ។

ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​អីុរ៉​ង់ IRNA លោក HOSSEIN DEHGHAN និយាយ​ថា យើង​បាន​សាកល្បង​មី​ស៊ី​ល EMAD  ដើម្បី​បង្ហាញ​ប្រាប់​ពិភពលោក​ថា សាធារណរដ្ឋ​អ៊ិ​ស្លា​ម​នឹង​ធ្វើ​សកម្មភាព​តែ​ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​របស់​ខ្លួន ហើយ​គ្មាន​ប្រទេស​ណាមួយ​នឹង​អាច​រារាំង​ឆន្ទៈ​របស់​ខ្លួន​ឡើយ ។

ការ​សាកល្បង​បណ្តា​មី​ស៊ី​ល​បាលី​ស្ទិ​ក​របស់​អីុ​រ៉​ង់ ត្រូវ​ហាមឃាត់​យោង​ទៅ​តាម​ដំណោះស្រាយ​លេខ​១៩២៩ ដែល​អនុម័ត​កាលពី​ឆ្នាំ​២០១០ ហើយ​ដែល​នឹង​នៅ​ជា​ធរមាន​រហូត​ដល់​ការ​ចូល​ជា​ធរមាន​ទាំងស្រុង​នៃ​កិច្ចព្រមព្រៀង ដែល​ចុះហត្ថលេខា​កាលពី​ខែកក្កដា នៅ​ទីក្រុង​វី​យែ​ន រវាង​បណ្តា​មហាអំណាច និង​អីុរ៉​ង់ ។

យោង​តាម​ដំណោះស្រាយ​មួយទៀត ដែល​អនុម័ត​កាលពី​ខែកក្កដា ដោយ​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ពេល​មាន​កិច្ចព្រមព្រៀង​ក្រុង​វី​យ៉ែ​ន ក្រុង​តេ​ហេ​រ៉​ង់ ត្រូវ​បាន​អំពាវ​នាវ​​កុំឱ្យ​ធ្វើការ​រយៈពេល​៨​ឆ្នាំ​លើ​កម្មវិធី​មី​ស៊ី​ល​ដែល​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ។

សម្រាប់​អីុ​រ៉​ង់​យល់​ថា ដំណោះស្រាយ​ចុង​ក្រោយ​នេះ ទាក់ទិន​តែ​បណ្តា​មី​ស៊ី​ល​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ពុំ​មែន​បណ្តា​មី​ស៊ី​ល​ដែល​គ្រាន់តែ​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ឡើយ ។ ដោយសារ​អីុ​រ៉​ង់​ធានា​ថា ពុំ​ចង់​បំពាក់​បណ្តា​មី​ស៊ី​ល​មាន​អាវុធ​នុយក្លេអ៊ែរ ដូច្នេះ​ខ្លួន​យល់​ថា អាច​បន្តការងារ​របស់​ខ្លួន​បាន ។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អីុរ៉​ង់​អះអាង​ម្យ៉ាងទៀត​ថា មី​ស៊ី​ល EMAD ជា​មី​ស៊ី​ល​ធម្មតា​ប៉ុណ្ណោះ ៕