អីុ​តា​លី​នឹង​បញ្ជូនទាហាន​450​នាក់​មក​ការពារ​ទំនប់​ទឹក​នៅ​ម៉ូ​ស​ស៊ុ​ល​ភាគ​ខាងជើង​អីុ​រ៉ា​ក់

ប្រទេស​អីុតា​លី​នឹង​បញ្ជូន​ដោយ​ឆាប់រហ័ស​នូវ​ទាហាន​៤៥០​នាក់ ទៅ​ជួយ​ការពារ​ទំនប់​ទឹកធំ​មួយ​ជិត​ក្រុង​ម៉ូ​ស​ស៊ុ​ល ដែល​កាន់កាប់​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ព្រោះ​ការដ្ឋាន​ទំនប់​ទឹក​នេះ​ដេញថ្លៃ​បាន​ដោយ​សហគ្រាស​អីុ​តា​លី​មួយ ។

នាយក​រដ្ឋមន្ត្រី​អីុ​តា​លី លោក MATTEO RENZI អះអាង​តាម​កម្មវិធី​ទូរទស្សន៍​មួយ​ហៅ​កម្មវិធី PORTA PORTA កាលពី​យប់​ថ្ងៃ​ទី​១៥ មក​១៦ ធ្នូ ថា ការ​ដេញថ្លៃ ដើម្បី​ពង្រឹង​ទំនប់​នេះ​ត្រូវ​បាន​លើ​ក្រុមហ៊ុន​អីុ​តា​លី​មួយ ហើយ​យើង​នឹង​បញ្ជូនទាហាន​៤៥០​នាក់ ទៅ​កាន់​ទីនោះ​ចូលរួម​ជាមួយ​កង​ទាហាន​អា​មេ​រិ​ក ដើម្បី​ជួយ​ការពារ​ទំនប់​នេះ ។

ជាទី​ក្រុង​ធំ​ទី​២​របស់​អីុ​រ៉ា​ក់​ទីក្រុង​ម៉ូ​ស​ស៊ុ​ល​ត្រូវ​កាន់កាប់​ចាប់តាំងពី​ខែមិថុនា ឆ្នាំ​២០១៤ មក ដោយ​ពួក​ជី​ហា​ដ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ ទំនប់​នេះ​ស្ថិត​នៅ​ក្នុង​តំបន់​គ្រោះថ្នាក់​មួយ​ជាប់​ជាមួយ​តំបន់​កាន់កាប់​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ហើយ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​គំរាម​បាក់ ។

កងកម្លាំង​ពួក​ឃើ​ត​អីុ​រ៉ា​ក់​គាំទ្រ​ដោយ​កង​យន្តហោះ​អា​មេ​រិ​ក​ដណ្តើម​យក​បាន​ទំនប់​យុទ្ធសាស្ត្រ​នេះ​ពី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​កាលពី​ខែសីហា ឆ្នាំ​២០១៤ ។ ទំនប់​ម៉ូ​ស​ស៊ុ​ល​ជា​ទំនប់​សំខាន់​បំផុត​របស់​អីុ​រ៉ា​ក់​ដែល​ផ្តល់​ថាមពល ព្រមទាំង​ទឹក​ដល់​មនុស្ស​ជាង​១​លាន​នាក់​នៅ​ភាគ​ខាងជើង​ប្រទេស ។ គឺ​សហគ្រាស​អីុ​តា​លី​ក្រុមហ៊ុន TREVI ដែល​ដេញថ្លៃ​បានការ​ជួសជុល​ទំនប់​នេះ​ដែល​មាន​ទឹកប្រាក់​២​ពាន់​លាន​ដុល្លារ ។ វា​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៥០​គីឡូម៉ែត្រ ពីលើ​ក្រុង​ម៉ូ​ស​ស៊ុ​លតា​ម​ទន្លេ​ថៃ​ហ្គ័​រ ។

បណ្តាសារ​ព័ត៌មាន​អីុតា​លី​បញ្ជាក់​ថា ទិស​ដៅ​បញ្ជូនទាហាន​អីុតា​លី​៤៥០​នាក់​ទៀត​ទៅ​ចូលរួម​ដៃ​ជាមួយ​ទាហាន​អីុ​តា​លី​៧៥០​នាក់ មាន​វត្តមាន​ស្រាប់​នៅ​អីុ​រ៉ា​ក់​នឹង​អាច​ចៀសវាង​កុំឱ្យ​ទំនប់​នេះ​ធ្លាក់​ក្នុង​ដៃ​ពួក​ជី​ហា​ដ​ជា​ថ្មី ព្រមទាំង​នឹង​ឱ្យ​ការងារ​ជួសជុល​ទំនប់​អាច​ដំណើរការ ហើយ​អាច​ប្រើប្រាស់​ឡើង​វិញ ។ រហូត​មក​ទល់​ពេល​នេះ​លក្ខខណ្ឌ​សន្តិសុខ​នៅ​មានការ​លំបាក​ខ្លាំង​ពុំ​អាច​ឱ្យ​បុគ្គលិក​ក្រុមហ៊ុន​ចាប់ផ្តើម​ការងារ​របស់​ពួក​គេ​បាន​នៅឡើយ ៕