វិធីកម្ចាត់​បញ្ហាកន្ទួល​រមាស់​លើក្បាលពោះ​ពេល​មានផ្ទៃពោះ

ក្នុងសប្តាហ៏ទី ២៣នៃការ​មានផ្ទៃពោះ អ្នកម្តាយ​ត្រូវជួប​នឹងបញ្ហារមាស់​លើក្បាលពោះ​ដែលមិន​ចេះស្រាកស្រាន មិនថា​អ្នកម្តាយព្យាយាម​អេះវាប៉ុណ្ណា​ឡើយ។ តែ​កុំមាន​ការព្រួយបារម្ភ​អី ព្រោះបញ្ហា​ស្បែក​ចេញកន្ទួល​រមាស់​នៅលើក្បាលពោះ​នេះជារឿង​មួយធម្មតា និងកើតឡើង​ដោយសារ​ស្បែក​កំពុងតែ​យឺត ឬកាន់តែ​ធំឡើងៗ។

ស្បែកក្បាលពោះ​ឡើងធំ​បានបាត់បង់​ជាតិសំណើមចាំបាច់ ដូច្នេះធ្វើឲ្យ​ស្បែកស្ងួត ធ្វើឲ្យ​មានអារម្មណ៏​រមាស់។

វិធីកម្ចាត់​បញ្ហាកន្ទួល​រមាស់​លើក្បាលពោះ​ពេល​មានផ្ទៃពោះ
អ្នកក៏អាច​ជួបបញ្ហា​រមាស់លើគូថ, ដងខ្លួន និងសុដន់​ផងដែរ។បញ្ហាបំរែបំរួល​កម្រិតអរម៉ូន​អឺសស្ត្រូសែន​ពេលមានផ្ទៃ​ពោះ ក៏ដើរតួនាទី​សំខាន់ធ្វើឲ្យ​មានអារម្មណ៏​រមាស់​លើបាតដៃ និង​បាតជើង។ ដូច្នេះ យើងនឹង​ចែករំលែក​ពីវិធីសាស្ត្រ​ព្យាបាល​បញ្ហា​រមាស់លើក្បាលពោះ​ក្នុងកំឡុងពេល​មានផ្ទៃពោះ។

ស្បែករបស់អ្នក​អាចយឺតកាន់តែខ្លាំង​ឡើងៗ ប៉ុន្តែក្នុងករណី​មានផ្ទៃពោះ ពោះកាន់តែ​ធំឡើងក្នុង​ដំណាក់កាល​មួយដែល​រាងកាយ​មិនងាយ​អាចនឹង​កែតម្រូវ​បាន។
បើទោះបីជា​បញ្ហា​កន្ទួល​រមាស់លើស្បែក​នេះនឹង​ជាសះស្បើយ​ក្រោយពេល​សម្រាលរួច​ក៏ពិតមែន តែមានវិធីមួយ​ចំនួនអាច​កម្ចាត់បញ្ហា​រមាស់ក្បាលពោះ​បាន៖

១. ហាមអេះ
អ្នកនឹងចង់អេះ​រមាស់​លើក្បាលពោះ​របស់អ្នក​យ៉ាងខ្លាំង។ តែទោះបីជាយ៉ាងណា​ក៏ដោយ វានឹងកាន់តែ​ធ្វើឲ្យអាការៈកាន់តែ​ធ្ងន់ធ្ងរឡើងៗ ប្រសិនបើអ្នក​អេះវា។ កាត់ក្រចក​ឲ្យខ្លីៗ និង​ពាក់ស្រោមដៃ មុនពេល​អ្នកចូល​គេង។

២. ផ្តល់​ជាតិសំណើម
ការឧស្សាហ៏ផ្តល់ជាតិសំណើម​ដល់ស្បែក​របស់អ្នក​ឲ្យបានញឹកញាប់​ជាវិធី​ដ៏មានប្រសិទ្ធិភាពបំផុត​អាចជួយព្យាបាល​បញ្ហាកន្ទួល​រមាស់ ព្រោះ​ការរមាស់​កើតឡើង​ដោយសារតែ​ខ្វះ​ជាតិសំណើម។ ប្រើក្រែមផ្តល់​សំណើមដែល​មានគុណភាពល្អ ជាពិសេស​ក្រែមដែល​មានជាតិវីតាមីន E និងលាបវាពេញ​លើតំបន់ដែល​រមាស់។ ចៀសវាង​ការប្រើទឹក​អប់ក្លិនធ្ងន់ ព្រោះវា​អាចធ្វើឲ្យ​អាការៈរមាស់​កាន់តែខ្លាំង​ឡើង។

៣. មិនត្រូវងូត​ទឹកក្តៅ
ការងូតទឹកក្តៅ​អាចធ្វើឲ្យស្បែក​បាត់បង់​ជាតិប្រេង​ពីធម្មជាតិ ធ្វើឲ្យស្បែក​កាន់តែ​ស្ងួតឡើងៗ។ ស្បែកកាន់​តែស្ងួត រមាស់​កាន់តែខ្លាំង។

៤. ម្សៅដុតនំ (Baking Soda) លាយជាមួយទឹក
នៅពេលលាបម្សៅដុតនំលាយ​ជាមួយទឹក​លើតំបន់ក្បាលពោះ ក៏អាច​ជួយ​បង្កើតឡើង​វិញនូវកម្រិត pH ស្បែក និង​អាចជួយព្យាបាល​រមាស់លើក្បាលពោះ​បានទៀតផង។

៥. ពាក់សម្លៀកបំពាក់​ដែលស្ងួត និង​មានផាសុកភាព

ត្រូវស្លៀកខោអាវ​ដែលស្ងួត ស្អាត និង​រលុងសមល្មម​ជារៀងរាល់​ថ្ងៃ។ នៅពេល​ខោអាវ​ត្រដុស​នឹងស្បែក​របស់អ្នក វាអាច​បណ្តាលឲ្យ​អាការៈ​កាន់តែធ្ងន់ធ្ងរ​ឡើង។ សម្លៀកបំពាក់​តឹងអាច​ស្រូបយក​ជាតិញើស ហើយបណ្តាលឲ្យ​បញ្ហាកន្ទួល​រមាស់លើស្បែក​កាន់តែ​ច្រើនឡើង។

៦. ប្រើម៉ាស៊ីន​ផ្សើម
ដាក់ម៉ាស៊ីនផ្សើម​ក្នុងបន្ទប់​អាចជួយរក្សាស្បែក​ពីភាពបាត់បង់​ជាតិសំណើមបាន​ច្រើន ត្រូវប្រើវា​ដោយយកចិត្ត​ទុកដាក់ ព្រោះការប្រើវាខ្លាំង​ពេកអាចធ្វើឲ្យ​អាឡាក់ហ្ស៊ី។

៧. ទទួលទានទឹក​ឲ្យបានច្រើន

នេះនឹងអាចជួយ​រក្សាជាតិទឹកក្នុង​ខ្លួនអ្នក និងជួយរក្សា​សុខភាពស្បែក។

ដោយ៖ ដារ៉ា

ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីកម្ចាត់​បញ្ហាកន្ទួល​រមាស់​លើក្បាលពោះ​ពេល​មានផ្ទៃពោះ