ព័ត៌មានបន្ថែម​ ៖ ស្តីពី​កាក​សំណល់​៣០​តោន ដែល​ក្រុម​ហ៊ុន​ប៉ែន លឹម នាំចូល

ខេត្តឧត្តរមានជ័យ ៖ ក្រុមហ៊ុន​ប៉ែន លឹ​ម បាន​នាំ​កាក​សំណល់​កន្ទុយបារី​បន្លំ​ថា ជី​កសិកម្ម​តាម​រយៈ​ប្រទេស​វៀតណាម​ចូល​មក
ប្រទេស​កម្ពុជា កាលពី​អំឡុង​ខែមេសា ២០១៥ កន្លង​ទៅ​នេះ យក​មក​ទម្លាក់​ទុក​ចោល​មាន​ចំនួន​២​កន្លែង គឺ​នៅ​ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ១០​តោន​នឹង​នៅ​ក្នុងភូមិ​អូរ​តា​មេ​ង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​២០​តោន ។

បន្ទាប់​ពី​មាន​ក្លិន​អា​សោចិ៍​ឈួ​ល​ទ្រាំ​លែង​បាន ដែល​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ភូមិ​នោះ ត្រូវ​បាន​ក្រុមការងារ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ និង​នេសាទ រួម​ទាំង​មន្ត្រី​កសិកម្ម​ខេត្ត​បាន​ចុះ​ប្រមូល​កាក​សំណល់​នេះ ដឹក​ជញ្ជូន​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​ឃ្លាំង​របស់​មន្ទីរ​កសិកម្ម​ខេត្តឧត្តរមានជ័យ​យ៉ាង​ស្ងៀមស្ងាត់ ប្រៀប​ដូច​ទ្រព្យ​មាន​តម្លៃ​មហាសាល ។

លោក​គាំ វុ​ឌ្ឍី​ធន ប្រធាន​ស្តីទី​មន្ទីរ​កសិកម្ម​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ប៉ែន លឹ​ម បន្ទាប់​ពី​នាំ​កាក​សំណល់​កន្ទុយបារី​តាម​រយៈ​ប្រទេស​វៀតណាម​ចូល​មក​ប្រទេស​កម្ពុជា យក​មក​ទម្លាក់​ចោល​ក្នុងភូមិ ដែល​បង្ក​ឱ្យ​ប៉ះពាល់​សុខភាព​របស់​ប្រជាពលរដ្ឋ​ក្រសួង​កសិកម្ម​មាន​ចំណាត់ការ​ប្រមូល​កាក​សំណល់​នេះ ដឹក​ជញ្ជូន​មក​រក្សា​ទុក​នៅ​ក្នុង​ឃ្លាំង​មន្ទីរ​កសិកម្ម​ខេត្តឧត្តរមានជ័យ កាល​ពី​ថ្ងៃ​ទី​២៧ មេ​សា ២០១៥ ស្ថិត​នៅ​ក្នុងភូមិ​កូន​គ្រៀល សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។

លោក​គាំ វុ​ឌ្ឍី​ធន បាន​បន្ត​ថា ក្នុង​ការ​ដឹក​ជញ្ជូន​យក​មក​រក្សា​ទុក្ខ​នៅ​ក្នុង​ឃ្លាំង​នេះ គឺ​មន្ទីរ​កសិកម្ម​ខេត្តឧត្តរមានជ័យ បាន​ចំណាយ​ប្រាក់​អស់យ៉ាង​សន្ធឹកសន្ធាប់​ទៅ​លើ​កម្មករ​លើកដាក់​នឹង​ថ្លៃ​រថយន្ត​ដឹក​ជញ្ជូន​ខាង​ក្រុមហ៊ុន ប៉ែន លឹ​ម ពុំ​ទាន់​ទូទាត់​ថ្លៃ​ឈ្នួល​នៅ​ឡើយ​ទេ ។ ប៉ុន្តែ​ទោះជា​បែប​ណា សំណុំរឿង​នេះ ស្ថិត​នៅ​ក្នុង​ដៃ​តុលាការខេត្ត​ឧត្តរមានជ័យ ធ្វើការ​ស៊ើបសួរ​នឹង​មាន​វិធានការ​ចាត់ការ​តាម​ផ្លូវច្បាប់​។

ទាក់ទិន​នឹង​ហេតុការណ៍​នេះ កោះសន្តិភាព​បាន​ព្យាយាម​ទូរស័ព្ទ​ជួប​លោក​កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ឧត្តរ​មានជ័យ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​លើ​សំណុំរឿង​នេះ ដោយ​ទូរស័ព្ទ​រោ​ទិ៍​ជា​ច្រើន​ដង តែ​ពុំ​មាន​អ្នក​ទទួល​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ​២០១៥ ។ ចំណែក​ក្រុមហ៊ុន​ប៉ែន លឹ​ម ពុំ​អាច​ទាក់ទង​បាន​ទេ ទំនង​គេចខ្លួន​បាត់​ទៅ​ហើយ​ក៏​មិនដឹង ។