ប្រកាន់​និន្នា​ការ​បក្ស​រៀង​ខ្លួន​ ផ្ទុះ​ហិង្សា​កាប់​របួស​ធ្ងន់​ម្នាក់ ឃាត់ខ្លួន​ម្នាក់

ខេត្ត​កំពង់​ស្ពឺ ​​៖ បុរស​ម្នាក់​​​ត្រូវ​គូបក្ខដិបក្ខកាប់របួស​ធ្ងន់​​​​ ព្រោះ​តែ​ប្រកាន់​និន្នា​ការ​បក្ស​រៀងៗ​ខ្លួន​ ​។

ហេតុ​ការណ៍​កាប់​គ្នា​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៥ ធ្នូ ២០១៥ ស្ថិត​ក្នុង​ភូមិ​អណ្តូងប្រាំង ឃុំ​ស្រង់​ ស្រុក​គង​ពិសី ។

នគរ​បាល​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ដែល​ឃាត់​ខ្លួន​មាន​ឈ្មោះ​សែម សុខ​ដែត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខ​របរ​នៅ​ផ្ទះ រស់​នៅ​ភូមិ-ឃុំ​ខាង​លើ​ ចំណែក​ជន​រង​គ្រោះ​ឈមមោះ​ង៉ែត សុ​ខ​ហេង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខ​របរ​ទិញ​អេត​ចាយ​ មាន​ស្រុក​កំណើត​ជាមួយ​ជន​សង្ស័យ​ដែរ។

ប្រភព​ព័ត៌​មាន​ពី​សមត្ថ​កិច្ច​មូល​ដ្ឋាន​បាន​ឱ្យ​ដឹង​ថា មុន​ពេលកើតហេតុ ​​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ថា ឱ្យ​ជន​សង្ស័យ​ថា ភ្លេច​គុណ​អ្នក​ជួយ​សង្គ្រោះ​ខ្លួន​រត់​ទៅ​ជ្រក​ក្រោម​គណ​បក្ស​ប្រឆាំង​ ហើយ​ជន​រង​គ្រោះ​ចេះ​តែ​បន្ត​រាប់​អាន​ជាមួយ​ជន​សង្ស័យ និង​និយាយ​ថា​កុំឱ្យ​ចាញ់​បោក​គេ​ទៀត មក​រួម​រស់​ជាមួយ​គណ​បក្ស​ប្រជា​ជន​ទៅ​។

ពេល​នោះ​ជន​សង្ស័យ​​បាន​ជេរ​ប្រមាថមក​លើ​ជន​​រង​គ្រោះ​គ្រប់​បែ​ប​យ៉ាង​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ស្រវា​យក​ដុំ​ដី​គប់​មកលើ​ស្លាក​យី​ហោ​គណ​បក្ស​ប្រឆាំង​ ពេល​នោះ​ស្រាប់តែ​ជន​សង្ស័យ​បាន​ទាញ​កាំ​បិត​កាប់​មក​លើ​ជន​រង​គ្រោះ​ចំនួន​២​កាំ​បិត​បណ្តាល​ឱ្យ​របួស​ធ្ងន់​​ ហើយ​សាច់​ញាតិ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ ចំណែក​ជន​សង្ស័យ​ត្រូវ​នគរ​បាល​ចាប់​ខ្លួន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ដើម្បីចាត់​ការ​បន្ត​ ៕