ឃ្លាំង​ធំ​មួយ​ស្តុក​ទូរទស្សន៍​ជជុះ​សម្រាប់​កាប់​សាច់​លក់ សង្ស័យ​នាំ​ចូល​តាម​ច្រករបៀង

ខេត្តបន្ទាយមានជ័យ ៖ ឃ្លាំង​ដ៏​ធំ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ដូង ឃុំ​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ ត្រូវ​គេ​សង្ស័យ​ជា​កន្លែង​ស្តុក​ទូរទស្សន៍​ជជុះ​ដែល​នាំ​ចូល​មក​ពី​ប្រទេស​ថៃ​នៅ​ពេល​យប់ តាម​ច្រករបៀង ដោយ​ឃ្លាំង​ដ៏​ធំ​នេះ មានការ​ចាក់សោ​ពី​ខាងក្រៅ ប៉ុន្តែ​ខាងក្នុង​មាន​សំឡេង​វាយ​ផូង​ផាំង​រហូត​មួយ​ថ្ងៃ​ៗ​ទល់​យប់ ។

អ្នកស្រុក​បង្ហើប​ប្រាប់​ថា ឃ្លាំង​ខាងលើ​ជា​កន្លែង​នាំ​ចូល​ទូរទស្សន៍​ជជុះ​ពី​ថៃ ដើម្បី​យក​មក​កាប់​សាច់​យក​គ្រឿងក្នុង​ទៅ​លក់​តាម​បណ្តា​ខេត្ត ឬ​ក្រុង ដោយ​ដឹក​ចេញ​ម្តង​ៗ​រាប់រយ​គ្រឿង ជួន​ដឹក​តាម​រថយន្ត​ធំ​ប្រភេទ​យី​ឌុ​ប​ក៏​មាន​ដែរ ។

ប្រភព​ប្រាប់​ថា សំឡេង​វាយ​ផូង​ផាំង​ខាងក្នុង​ឃ្លាំង​នោះ គឺ​ក្រុម​កម្មករ​វាយ​បំបែក​សំបក​ទូរទស្សន៍ សម្រាប់​លក់​អេ​ត​ចាយ​ក្រោយ​ដោះ​យក​គ្រឿងក្នុង ។ ប្រភព​ខ្លះ​បង្ហើប​ថា ការ​នាំ​ចូល​ទូរទស្សន៍​ចាស់​ៗ ឬ​ហៅ​ទូរទស្សន៍​ជជុះ​នោះ គេ​ធ្វើ​នៅ​ពេល​យប់ ហើយ​នាំ​ចូល​តាម​ច្រករបៀង ក្នុងស្រុក​ម៉ា​ឡៃ ។ ឯ​មួយ​ចំនួន​តូច​ទៀត គេ​នាំ​ចូល​បង្កប់​ក្រោម​បន្លែ ឬ​ទំនិញ​តាម​ច្រក​តំបន់​ម៉ា​ឡៃ នា​ពេល​កន្លង​មក ។

ប្រភព​ពី​ជាង​ជួសជុល​ទូរទស្សន៍​ជា​ច្រើន​នាក់ ដែល​ធ្លាប់​ចូល​ទៅ​ទីនោះ​បាន​លើក​ឡើង​ថា ឃ្លាំង​ខាងលើ គេ​មិន​អនុញ្ញាត​ឱ្យ​អ្នក​មិន​ស្គាល់​ចូល​ទេ ព្រោះ​ឃ្លាំង​នោះ មាន​សុទ្ធតែ​ទូរទស្សន៍​ជជុះ​រាប់​សិប​គ្រឿង សម្រាប់​នាំ​ចេញ​ទៅ​តាម​បណ្តា​ខេត្ត និង​នាំ​ចូល​ពី​ថៃ​នៅ​ពេល​យប់ ។

ករណី​ខាងលើ ត្រូវ​បាន​មន្ត្រី​ឈរជើង​នៅ​ច្រក​ទ្វារ​តំបន់​ម៉ា​ឡៃ ធ្វើការ​បដិសេធន៍​ថា ពុំ​មានការ​នាំ​ចូល​ទូរទស្សន៍​ជជុះ​ពី​ថៃ​តាម​ច្រក​ទ្វារ​តំបន់​ដូច​ការ​ចោទប្រកាន់​ទេ ប៉ុន្តែ​ទទួលស្គាល់​ថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ធ្លាប់​កើត​មាន​មែន ។