អា​វុធ​ហត្ថ​ខេត្ត​ចាប់​ឡាន​ដឹក​ឈើ​ប្រណីត​បម្រុង​យក​ទៅ​លក់​នៅ​ស្រុក​យួន​

ខេត្ត​តាកែវ​ ៖ ការ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ល្មើស​ច្បាប់​យក​ទៅ​លក់​នៅ​ស្រុក​យួន​ដោយ​ឆ្លង​កាត់​ខេត្ត​តាកែវ​នោះ​មួយ​រយៈ​នេះ​ហាក់​ដូច​ជា​កម្រើក​ឡើង​វិញ​ហើយ ។

សកម្ម​ភាព​នេះ​ក្រឡេក​មើល​ជំនាញ​មេ​ព្រៃ និង​សមត្ថ​កិច្ច​មួយ​ចំនួន​សង្ស័យ​ត្រូវ​ថ្នាំ​សណ្តំ​អស់​មិន​បាន​អើ​ពើ​ទប់​ស្កាត់​ទាល់​តែ​សោះ​ ។

ជាក់​ស្តែង​រថ​យន្ត​កូរ៉េ​ដឹក​ឈើ​ប្រណីត​មួយ​គ្រឿង​ត្រូវ​បាន​កម្លាំង​អាវុ​ធ​ហត្ថ​ខេត្ត​បង្ក្រាប​កាល​ពីវេលា​ម៉ោង​៧ និង​៥០​នាទី​យប់ ​ថ្ងៃ​ទី​១៦ ធ្នូ ២០១៥ នៅ​ភូមិ​តុំ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ដែល​ពួក​ឈ្មួញ​ដឹក​យក​ទៅលក់​នៅ​ស្រុក​យួន​តាម​ច្រក​ស្រុក​បុរី​ជល​សា។

លោក​វរ​សេនីយ៍​ឯក ង៉ែត ចន្ធី មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​តាកែវ បាន​ឱ្យ​ដឹង​ថា រថយន្ត​ដឹក​ឈើ​ប្រណីត​ខុស​ច្បាប់​ដែល​កម្លាំង​លោក​ចាប់​បាន​នេះ​ជា​រថយន្ត​កូរ៉េ ពណ៌​ស​លាយ​ប្រផេះ ចំណុះ​៣​តោន​កន្លះ អត់ស្លាក​លេខ​ នៅ​ពេល​កម្លាំង​លោក​បើក​រថ​យន្ត​មួយ​គ្រឿង​ចាំ​ស្ទាក់​ពី​មុខ​ជាប់​នោះ​នៅ​លើ​រថយន្ត​មាន​មនុស្ស​៤​នាក់​ ហើយ​កម្មករ​២នាក់​ដែល​ជិះ​ពី​ក្រោយ​បាន​លោត​ចុះ​រត់​គេច​ខ្លួន​បាត់​នៅ​សល់​២​នាក់​ដែល​ជិះ​នៅ​ក្នុង​កាប៊ីន​រថ​យន្ត​យើង​ក៏​បាន​ឃាត់​ខ្លួន​២​នាក់​ អ្នក​បើក​បរ​ម្នាក់ និង​ព្រូ​ម្នាក់ រួច​នាំ​រថ​យន្ត​ និង​មនុស្ស​មក​ទី​បញ្ជា​ការ​ខេត្ត​។

លោក​មេ​បញ្ជា​ការ​រង​ខេត្ត​បាន​បន្ត​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ នេះ យើង​បាន​ហៅ​មេ​ព្រៃ​ និង​ខាង​តុលាការ​មក​រើ​ឈើ​ចុះ​ដើម្បី​រាប់​ចំនួន​នៅ​ពេល​ក្រុម​ចម្រុះ​ត្រួត​ពិនិត្យ និង​រាប់​នោះ​ឃើញ​មាន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ចំនួន​១៦​ដុំ​ស្មើ​ឱ្យ​១ម៉ែត្រ​គូប និង​៣​ផ្លាន​។

ពេល​ត្រួត​ពិនិត្យ​ចប់ រថយន្ត​ និង​ឈើ​យើង​បាន​ប្រគល់​ទៅ​ឱ្យ​មេ​ព្រៃ​ ចំណែក​មនុស្ស​២​នាក់​ត្រូវ​បាន​បញ្ជូន​​ទៅ​សាលា​ដំបូង​ខេត្ត​។ ជន​សង្ស័យ​ទាំង​២នាក់​បាន​ប្រាប់​ថា ឈើ​ប្រណីត​នេះ​ខ្លួន​ដឹក​ចេញ​ពី​ខេត្ត​កំពង់​ស្ពឺ ដោយ​ថៅ​កែ​ប្រាប់​ថា ដឹក​យក​ទៅលក់​ឱ្យឈ្មួញ​យួន​តាម​ស្រុក​បុរី​ជល​សា​ ដោយ​ថៅ​កែ​បាន​ប្រាប់​ថា កុំ​ភ័យ ព្រោះ​មេ​ព្រៃ ប៉ូលិស ប៉េ​អឹម ថៅ​កែ​បាន​បង់​លុយ​ឱ្យ​អស់​ហើយ​។

នេះ​ជា​លើក​ទី​៣​ហើយ​ដែល​ប៉េ​អឹម​ខេត្ត​បាន​ចាប់​នេះ៕