ពិធី​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពីជលផលនៅ​ខេត្ត​ព្រះសីហនុ​

ខេត្ត​ព្រះ​សីហ​នុ ៖ ​នៅ​​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ២០១៥ ​លោក​ ស៊ុំ រុំ អនុរដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនងជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច ​បាន​មាន​ប្រសាសន៍​​ក្នុង​ពិធី​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពីជលផល ថា​ ​​ការ​ផ្សព្វផ្សាយច្បាប់​ស្តី​ពីជលផល​ ក្នុង​គោលបំណង​ជួយ​ធានា​ដល់​ការ​គ្រប់គ្រង​ជលផល និងធនធាន​ជលផល និង​​ជំរុញ​កិច្ច​អភិវឌ្ឍ​វារីវប្បកម្ម ផលិតកម្ម និង​ការ​កែ​ច្នៃ ​លើកស្ទួយ​ជីវភាពរស់​នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​មូលដ្ឋាន ដើម្បី​ផល​ប្រយោជន៍​សង្គម​សេដ្ឋកិច្ច បរិស្ថាន រួម​ទាំង​ការ​អភិរក្ស​ជី​វៈ​ចម្រុះ​ទាំង​មរតក​វប្ប​ធ​ម៍​ធម្មជាតិ​ផង​ដែរ ប្រកបដោយ​និរន្តរភាព​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ការ​ផ្សព្វ​ប​ផ្សាយ​នេះ​ដែរ ​ក៏​ជា​ការ​ចូលរួម​ការពារ​​ទប់​ស្កាត់​ការ​នេសាទ​​ខុសច្បាប់ ប្រជា​នេសាទ​ក្នុង​សហគមន៍​ចូលរួម​ថែរក្សា​ការពារ​ដែន​សហគមន៍​ប្រើប្រាស់​ទិន្នផល​មច្ឆជាតិ​បាន​គង់វង្ស​យូរអង្វែង​ សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ទៀត​ ។

​លោក​អនុ​រដ្ឋ​លេខា​​ធិការ​ ​បាន​បន្ត​ថា ​សូម​​​ប្រជា​នេសាទ​​​ទាំង​អស់​កុំ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ដែល​នាំ​ឱ្យ​បាត់បង់​​​ពូជ​មច្ឆ​ជាតិ​ក្នុង​ដែន​សហគមន៍​នេសាទ​ចូលរួម​លុប​បំបាត់​ភាព​អនាធិបតេយ្យ​​​​ ។ ម្យ៉ាងទៀត​ច្បាប់​ស្តី​ពីជលផល គឺជា​លិខិត​បទដ្ឋាន​គតិយុត្តដ៍​សំខាន់​​សម្រាប់​​ធានា​​សិទ្ធិប្រើប្រាស់​ធនធាន​ជលផល​ជា​ប្រពៃណី​របស់​សហគមន៍​មូលដ្ឋាន ​៕ ​