ធា នុ​រាជ បើក​ឆាក​ប៉ះ​ថៃ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​លេចធ្លោ​ក្រោយ​ពី​ប្ដូរ​ឈ្មោះ​ថ្មី​ថា «​ធា នុ​រាជ​» កីឡាករ​ដែល​មានឈ្មោះ​ដើម​ថា សូ​យ ភារ​ម្យ រូប​នេះ ត្រូវ​គេ​ដាក់​ឲ្យ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ជា​លើក​ទី​១​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នៅ​វេលា​ព្រឹកស្អែក ។ ការ​ប្រកួត​ដែល​មានការ​ចាប់អារម្មណ៍​ភាគច្រើន​ពី​សំណាក់​អ្នក​ស្នេហា​ការ​ប្រដាល់​នេះ នឹង​បើក​ឆាកប្រយុទ្ធ​ចាប់ពី​ម៉ោង​៨​ព្រឹក​តទៅ នៅ​ក្នុង​ព្រឹត្តិការណ៍​ស្រា​បៀរ Expert ដែល​ត្រូវធ្វើ​ឡើង​រៀង​រាល់​២​ស​ប្ដា​ហ៍​ម្ដង ។

កីឡាករ​ថៃ​ដែល​ត្រូវ​គេ​ឲ្យ​ប្រកួត​ជាមួយ​ធា នុ​រាជ នោះ​គឺ​មានឈ្មោះ​ថា Rithy Chhai មក​ពី​ទីក្រុង​បាងកក ។ អ្នក​ទាំង​ពីរ​ស្ថិត​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ហើយ​ការ​ប៉ះ​គ្នា​ពេល​នេះ មានការ​តាម​ឃ្លាំមើល​ច្រើន​គួរសម​។ ចាប់តាំងពី​រឿងអាស្រូវ​បាន​បញ្ចប់ នេះ​ជា​លើក​ទី​១​ហើយ​ដែល​កីឡាករ​សូ​យ ភារ​ម្យ ត្រូវ​បាន​គេ​ផ្ដល់​ឱកាស​ឲ្យ​ឡើង​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បន្ទាប់​ពី​បាន​ប្ដូរ​ឈ្មោះ​ថា ធា នុ​រាជ ។ មុន​បោះ​ជំហាន​មក​ដល់​ការ​ប្រកួត​នៅ​ព្រឹកស្អែក​នេះ ភាគី​កម្ពុជា​ធ្លាប់​បាន​បង្ហាញខ្លួន​នៅ​លើ​សង្វៀន​ជាមួយ​កីឡាករ​ថៃ​Kao Phong  Chai Phum រួច​ម្ដង​ហើយ​តែ​ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ដោយ​លទ្ធផល​ប្រផិតប្រផើយ ។

ជំនួប​ពីរ​នាក់​នេះ​នៅ​លើ​សង្វៀន​ទូរទស្សន៍​​អាស៊ី​អាគ្នេយ៍ គេ​ចាត់​ទុក​ថា​ថ្មោងថ្មី​ដូច​គ្នា ដោយសារ​តែ​កីឡាករ Rithy Chhai ក៏​មិន​ធ្លាប់​មក​ប្រកួត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដូច​គ្នា ។ មន្ត្រី​អ្នកដឹកនាំ​កីឡាករ​ថៃ​ឲ្យ​មក​ប្រកួត​បាន​អះអាង​ថា កីឡាករ​ដែល​មក​ប្រកួត​ជាមួយ​ធា នុ​រាជ គឺជា​កីឡាករ​ល្អ​ម្នាក់ ដោយសារ​តែ​គេ​មិន​ហ៊ាន​ដាក់​កីឡាករ​ខ្សោយ​នាំ​ឲ្យ​អតីត​ជើង​ខ្លាំង សូ​យ ភារ​ម្យ កាច់​បំបាក់​ស៊ី​ផុយ​សម្រាប់​ការ​ប៉ះ​គ្នា ។ កីឡាករ Rithy Chhai  មាន​កំណត់​ត្រា​ធ្លាប់​ប្រកួត​៥៥​ដង ឈ្នះ​៥០​ដង និង​ចាញ់​៥​ដង ហើយ​ក៏​មានការ​អះអាង​ថា​គេ​ជា​ជើង​ខ្លាំងពូកែ​កែង ម៉ាត់ ទាត់ និង​មាន​បច្ចេកទេស​ប្រកួត​ខ្ពស់ ។

លោក​ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ធា នុ​រាជ មានការ​ទទួលស្គាល់​យូរ​មក​ហើយ​ថា​ជា​ជើង​ខ្លាំង ប៉ុន្តែ​កីឡាករ​ថៃ​ក៏​មិនមែន​ធម្មតា​នោះ​ដែរ ។ នេះ​បើ​យោង​តាម​អ្វី​ដែល​លោក​ធ្លាប់​មើល​ការ​ប្រកួត​របស់​គេ​ច្រើន​លើក​ច្រើន​សា​មុន​សម្រេច​ឲ្យ​ក្រុម​អ្នកដឹកនាំ​យក​កីឡាករ​រូប​នេះ​មក​ប្រកួត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ព្រឹកស្អែក ។ លោក​ថា ធា នុ​រាជ នៅ​ខ្លាំង​កម្លាំង​ស៊ុ​ហ្វ ល្អ​ស្នៀត​ទាត់ និង​ពូកែ​ជង្គង់ ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ថា​លទ្ធផល​ចុង​ក្រោយ តើ​កីឡាករ​កម្ពុជា ឬ​កីឡាករ​ថៃ​ជា​អ្នក​ក្ដោប​ក្ដាប់​ជ័យជម្នះ​នោះ​ទេ ។

យ៉ាងណា​ក៏​ដោយ​លោក​ថា កីឡាករ​កម្ពុជា​ទាំង​បទ​ពិសោធន៍ ទាំង​កម្រិត​ក្នុង​ការ​ប្រកួត គឺ​ល្អ​ជាង​ថៃ​ដាច់ ជា​ពិសេស​ក្នុង​ពេល​គេ​នៅ​ប្រើ​ឈ្មោះ​ថា សូ​យ ភារ​ម្យ គឺ​មាន​អ្នក​ស្នេហា​ការ​ប្រដាល់​តិច​ណាស់​មិន​ស្គាល់​កម្រិត​ប្រកួត​របស់​គេ ។ លោក​ថា ធា នុ​រាជ ធ្លាប់​ប្រកួត​៧៥​លើក ឈ្នះ​៥២​លើក ចាញ់​១៨​លើក និង​ស្មើ​៥​លើក ដោយ​តួលេខ​នេះ​នៅ​មិន​ទាន់​រាប់​បញ្ចូល​ការ​ប្រកួត​មុន​ពេល​កេរ្តិ៍ឈ្មោះ​របស់​គេ​ស្ទុះ​ឡើង​ខ្លាំង ក្នុង​ពេល​មិន​ទាន់​ប្រើ​ឈ្មោះ​ធា នុ​រាជ នោះ​ផង ។

អ្នក​ស្នេហា​ការ​ប្រដាល់​ភាគច្រើន​បាន​ផ្ដោត​ការ​ចាប់អារម្មណ៍​ចំពោះ​គូ​នេះ ដោយសារ​តែ Rithy Chhai  គឺជា​កីឡាករ​ថ្មី ហើយ​ភាគី​កម្ពុជា ក៏​ជា​ជើង​ខ្លាំង​ដែល​ទើប​មាន​ឱកាស​បង្ហាញ​សមត្ថភាព​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ ជំនួប​របស់​គូ​នេះ គេ​ចង់​ឲ្យ​កីឡាករ​ធា នុ​រាជ ទទួល​ជ័យជម្នះ​ច្រើន​ជាង ដើម្បី​ឲ្យ​គេ​បាន​បង្កើន​ក្រ​ឌី​ត​បន្ទាប់​ពី​ការ​ចូល​ប្រកួត​របស់​គេ​នៅ​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ពាន​ច្រើន​វគ្គ​រួច​មក​ហើយ គឺ​មិន​ដែល​ឈ្នះ​ពាន ។ កីឡាករ​ធា នុ​រាជ ក៏​មាន​បំណង​បែប​នេះ​ដែរ​ដោយសារ​ក្រេ​ឌី​ត និង​មុខមាត់​ដែល​បាន​ពី​ការ​ឈ្នះ​នៅ​លើ​សង្វៀន គឺជា​ទីផ្សារ​រក​លុយ​របស់​គេ​ប្រជែង​នឹង​កីឡាករ​រួម​អាជីព ។ អតីត​អ្នក​ធ្លាប់​គាំទ្រ​កីឡាករ​សូ​យ ភារ​ម្យ បើ​ទោះជា​ធ្លាប់​រិះគន់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​របស់​គេ ក៏​នៅ​តែ​ចង់​ឲ្យ​កីឡាករ​រូប​នេះ​ទទួល​បាន​ជ័យជម្នះ​លើ​កីឡាករ Rithy Chhai សម្រាប់​ព្រឹកស្អែក​ផង​ដែរ ដើម្បី​ឲ្យ​ការ​បង្ហាញមុខ​របស់​គេ​ជា​លើក​ដំបូង​ទទួល​បាន​ភាព​លេចធ្លោ​ដូច​កីឡាករ​ថៃ​ដែរ ។

នៅ​លើ​សង្វៀន​នោះ​ដែរ កីឡាករ សរ រាជសីហ៍ មក​ពី​ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ​ខេត្តបាត់ដំបង ក៏​ត្រូវ​គេ​ឲ្យ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Phach Aroun ក្នុង​នាម​ជា​គូ​អន្តរជាតិ​ផង​ដែរ ។ អ្នក​ទាំង​ពីរ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ហើយ​ក៏​ជា​ការ​ប្រកួត​ដែល​មានការ​ចាប់អារម្មណ៍​មិន​អន់​ដែរ ដោយសារ​តែ​កីឡាករ​ថៃ​គឺជា​ជើង​ខ្លាំង​ម្នាក់​។ នា​ពេល​កន្លង​មក​កីឡាករ Phach Aroun មាន​ប្រវត្តិ​វាយ​ផ្ដួល​ពុទ្ធ ឆាយ​រិ​ទ្ធី មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​ដោយ​ពិន្ទុ ខណៈ​ដែល​កីឡាករ​សរ រាជសីហ៍ ឯណេះ​វិញ គឺ​មាន​កំណត់​ត្រា​វាយ​ឈ្នះ​កីឡាករ​ថៃ Bowie Sor.P raserth Sri ក្នុង​ទឹក​ទី​៣ និង​ធ្លាប់​ចាញ់​កីឡាករ​ថៃ Kam Lai Phat ក្នុង​ទឹក​ទី​២​វិញ​។ កណ្ដាប់ដៃ កែង និង​ជើង​ទាត់​របស់​អ្នក​ទាំង​ពីរ ត្រូវ​គេ​កត់​សម្គាល់ថា​មាន​ភាព​រស់​រវើក​មិន​ខុស​គ្នា​នោះ​ទេ បើ​ទោះជា​ភាគី​ថៃ នៅ​ត្រង់​ចំណុច​នេះ ហាក់​ស្ទើរ​បច្ចេកទេស​បន្តិច ។ កីឡាករ​រូប​នេះ​ធ្លាប់​ឡើង​ប្រកួត​៦៧​ដង ឈ្នះ​៥៥​ដង ចាញ់​៩​ដង និង​ស្មើ​៣​ដង ក្នុង​ពេល​ភាគី​ថៃ​ធ្លាប់​ប្រកួត​៨៥​លើក ឈ្នះ​៧២​លើក​ចាញ់​១២​លើក និង​ស្មើ​១​លើក​។

នៅ​ថ្ងៃស្អែក​ដែរ ប៉ុន្តែ​ស្ថិត​នៅ​វេលា​ម៉ោង​៥​ល្ងាច ក៏​មានការ​ប្រកួត​ជុំ​ទី​២​សម្រាប់​ព្រឹត្តិការណ៍ «​អធិរាជ​ស៊ីម៉ងត៍​អូដ្ឋ​»​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ផង​ដែរ​នៅ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ ជ្រោយចង្វា ។ ការ​ប្រដាល់​នេះ ក៏​មានការ​ចាប់អារម្មណ៍​មិន​អន់​ផង​ដែរ ដោយសារ​ក្នុងស​ប្ដា​ហ៍​នេះ​មានការ​ប្រកួត​សន្សំ​ពិន្ទុ​របស់​ពូ​ល​B​។ កីឡាករ​សុខ សុវណ្ណ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ខេត្តសៀមរាប នឹង​ឡើង​ប្រកួត​ដណ្ដើម​ពិន្ទុ​ជាមួយ​កីឡាករ​ថៃ Yort Sing ដើម្បី​បោះ​ជំហាន​ទៅ​កាន់​វគ្គ​ខ្វែង​។ កីឡាករ​រឿង សា​រ័​ត្ន មក​ពី​ក្លិប​កងពលតូច​ទ័ព​ឆត្រយោង​៩១១ និង ម៉​ន ចាន់​ដា​រ៉ា មក​ពី​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ក៏​ត្រូវ​ប្រកួត​នៅ​ក្នុង​ពូ​ល B ដូច​គ្នា ដើម្បី​ប្រជែង​គ្នា​យក​៣​ពិន្ទុ​ផង​ដែរ ៕