ស្ថានភាព​ព្រំដែន​ប្រាសាទព្រះវិហារ​ស្ងប់ស្ងាត់​វិញ ក្រោយ​យោធា​ថៃ​កាត់​សោរ​របង​ទ្វារ​

រូបភាពច្រកទ្វារព្រំដែនប្រាសាទព្រះវិហារ​ឆ្នាំ​២០០៨ ភ្លាម​ៗបន្ទាប់ពី​ព្រឹត្តិការណ៍​យោធាថៃ​ឈ្លានពាន​តំបន់ប្រាសាទព្រះវិហារ​​មន្ត្រីជាន់ខ្ពស់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​កម្ពុជា​បាន​សម្តែង​ការសោកស្តាយ​ចំពោះ​សកម្មភាព​យោធា​ថៃ​ដែល​បាន​កាត់​សោរ​ទ្វាររបង​ព្រំដែន​ព្រះវិហារ​នៅវេលា​ថ្ងៃត្រង់​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​គណៈរដ្ឋមន្ត្រី ថ្លែងថា មេបញ្ជាការ​ប្រចាំ​តំបន់​ព្រះវិហារ​អាច​កោះហៅ​សម​ភាគី​ថៃ ដើម្បី​ជជែក​អំពី​សកម្មភាព​រំ​លោភ​បំពាន​ទាហាន​ថៃ​។​

​ទា​ហាន​ឈុតខ្មៅ ទា​ហាន​ប៉ា​រ៉ា និង​កម្លាំង​ស៊ីវិល​របស់​ប្រទេស​ថៃ​ចំនួន​១៩​នាក់ បាន​ដើរមក​កាត់​សោរ​ទ្វាររបង​ដែលជា​ច្រកចូល​ឡើងមក​ប្រាសាទព្រះវិហារ​ពី​ទឹកដី​ថៃ និង​បាន​ថតរូប​ភាព​នានា​ផង នៅ​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃទី​១៧​ធ្នូ​នេះ​។ អ្នកនាំពាក្យ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បានបញ្ជាក់​ព័ត៌មាន​នេះ​ប្រាប់​សារព័ត៌មាន​ថ្មីៗ ដោយ​អះអាង​បន្ថែមថា សមត្ថកិច្ច​ថៃ​បាន​ចាកចេញ​ត្រឡប់​ទៅវិញ បន្ទាប់ពី​មន្ត្រី​យោធា​ប្រចាំការ​នៅក្បែរ​ទ្វារ​នោះ បាន​ប្រាប់​ឲ្យ​ក្រុម​ទា​ហាន​ថៃ​បញ្ឈប់​សកម្មភាព​ពួកគេ​។​

«​យើង​សោកស្តាយ​។ វា​គឺជា​សកម្មភាព​ដែល​មិនគួរ​កើតមាន​ឡើយ​។ នេះ​ជាការ​រំលោភ​សាលដីកា​របស់​តុលាការ​ឡាអេ​។ ទីនោះ​ជា​តំបន់​ដែល​គ្មាន​យោធា​»​។ នេះ​ជាការ​អត្ថាធិប្បាយ​របស់​លោក ផៃ ស៊ី​ផាន ដែល​បន្ថែមថា វា​នឹង​អាចមាន​ការជជែក​ពិភាក្សា​បន្ថែមទៀត​រវាង​មេបញ្ជាការ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ​។ លោក ផៃ ស៊ី​ផាន ដែល​ស្គាល់​សំណុំរឿង​ប្រាសាទព្រះវិហារ និង​ស្គាល់​តំបន់​ព្រំដែន​ព្រះវិហារ​យ៉ាងច្បាស់​ តាំងពី​មានការ​រំលោភបំពាន​ពី​យោធា​ថៃ​តាំងពី​ឆ្នាំ​២០០៨​មក​នោះ បាន​បញ្ជាក់ថា​៖«​តាម​ធម្មតា ឯកឧត្តម ស្រី ឌឹ​ក នឹង​ហៅ​សម​ភាគី​ថៃ ដើម្បី​ជជែក​អំពី​បញ្ហា​នេះ​។ បញ្ជា​របស់​សម្តេច​តេ​ជោ គឺ​ត្រូវ​រក្សា​សន្តិសុខ​ព្រំដែន​»៕