រថយន្តបុក​ម៉ូតូ​ស្រប​ទិស​គ្នា​ពីក្រោយ របួសធ្ងន់​២​នាក់​នៅ​កៀនស្វាយ​

កណ្តាល: គ្រោះថ្នាក់​ចរាចរ បង្កឡើង​ដោយ​រថយន្ត​កាមរី​បា​ឡែ​ន បើក​បុក​ម៉ូតូ​ក្នុងទិសដៅ​ស្របទិស​គ្នា ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​២​នាក់​​រងរបួស​ក្បាល​និង​បាក់ជើង​និង​ដៃ​ម្ខាង​។​

​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី​១៧ ខែធ្នូឆ្នាំ​២០១៥ នៅលើ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​៥១-៥២ ភូមិ​គគីរ​ធំ ឃុំគគីរ​ធំ ស្រុក កៀនស្វាយ ខេត្តកណ្តាល ។​

​លោក​ព្រំ សំណាង អធិការរង​ទទួល​ការងារ​សណ្តាប់ធ្នាប់​ចរាចរ​ស្រុក​កៀនស្វាយបានអោយដឹងថា​៖​ជនរងគ្រោះ​ទាំង​២​នាក់​មានឈ្មោះ​វ៉ា រ័ត្ន​ធី ភេទ​ប្រុសអាយុ​២២​ឆ្នាំ មាន​ទីលំនៅ ភូមិ​បា​យ៉ាប ឃុំ​បាសាក់ ស្រុក​ស្វាយជ្រុំខេត្តស្វាយរៀង រងរបួស​ក្បាល ចំណែក​អ្នករួមដំណើរ​ជាមួយ​មានឈ្មោះ​ណៃ គឹម​ស្រី ភេទ​ស្រី អាយុ១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឪម៉ាល់ ឃុំ​បាធាយ ស្រុក​បាធាយ ខេត្តកំពង់ចាម រងរបួសបាក់ជើង​ស្តាំ​ម្ខាង​និង​បាក់ដៃ​ស្តាំ​ម្ខាង ។ រីឯ​អ្នកបើករថយន្ត​បង្ក​មានឈ្មោះ​គី ឌី​ណា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៤៥ អឺ​សូន្យ ភូមិ​១១ សង្កាត់​ជ័យ ជំនៈ ខណ្ឌដូនពេញ ។​
 
​លោក​ព្រំ សំណាង បាន​បន្ត​ដឹងថា មុនពេល​កើតហេតុ​សាក្សី​បានឃើញ រថយន្ត​បង្កម៉ាក តូយ៉ូតា កាមរី​បា​ឡែ​ន ពណ៍​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2AD -5986ក្នុងទិសដៅ​ស្របគ្នា​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង លុះ​មកដល់​ចំណុចកើតហេតុ ក៏បានជ្រុល​ទៅបុក​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​​លេខ​ស្វាយរៀង 1D-8970​ឌុប​គ្នា​ពី​នាក់​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ទាំង​២នាក់​រងរបួស​ធ្ងន់​ទាំងអស់គ្នា ។​ក្រោយពី​កើតហេតុ​ជនរងគ្រោះ​ទាំង​២​នាក់​ដឹកយកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្សី ។​រី​ឫ​រថយន្ត​បង្ក​និង​ម៉ូតូ ត្រូវបញ្ជូន​មកកាន់អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ។​

​លោក​អធិការរង​បន្តទៀតថា ករណីនេះ​គឺ​ខុស​ទាំងសង្ខាង ទី​១-​ជនរងគ្រោះ​ដែល​ជិះម៉ូតូ បើក​ប្រជែង​រ៉ឺម៉ក​ម៉ូតូ​ចូលមក​គន្លង​ផ្លូវ​សម្រាប់​រថយន្ត ពោលគឺ​បើក​ប្រជែង​មិនប្រយ័ត្ន , ទី​២-​អ្នកបើកបរ​រថយន្ត បើកបរ​ក្នុង​ល្បឿន​លឿន​ពេល​ជួប​ឧបសគ្គ​នៅពីមុខ​គេច​មិនទាន់​ក៏​បុក​ពីក្រោយ​តែម្តង ៕R​