សហគមន៍​ថា​​វៀតណាម​​បន្ត​លួច​ចូល​កាប់​ឈើ​ក្នុង​ដី​ខេត្ត​មណ្ឌលគិរី

សហគមន៍​ការពារ​ព្រៃឈើ ឃុំ​ក្រង់តេះ ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី អះអាង​ថា ឈើ​ក្នុង​ដី​ខ្មែរ​នៃ​ខេត្ត​នេះ ជាប់​តំបន់​ព្រំដែន​ខេត្ត​ដាក់ឡាក់ ប្រទេស​វៀតណាម ត្រូវ​បាន​ពលរដ្ឋ​វៀតណាម ចូល​មក​លួច​កាប់​ជា​ថ្មី​ទៀត។ ចំណែក​មន្ត្រី​ព្រៃឈើ​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​លួច​កាប់​ឈើ​នោះ និង​បាន​ចាត់​វិធានការ​បង្ក្រាប​ករណី​នេះ​ហើយ។

ជនជាតិ​វៀតណាម ជា​ក្រុម ត្រូវ​បាន​សហគមន៍​ការពារ​ព្រៃឈើ​ឃុំ​ក្រង់តេះ ប្រទះ​ឃើញ​ចូល​មក​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​សហគមន៍​អភិរក្ស​ជាប់​តំបន់​ព្រៃ​ការពារ​ខេត្ត​មណ្ឌលគិរី ហើយ​ដឹក​ជញ្ជូន​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​វៀតណាម។

ក្រុម​ពលរដ្ឋ​វៀតណាម ដែល​លួច​កាប់​ឈើ​នោះ​ធ្វើ​ឡើង​ប្រមាណ ១​ខែ​កន្លង​ទៅ ចាប់​ពី​ចំណុច​អូរប្លាយ រហូត​ព្រំដែន​វៀតណាម។ រី​ឯ​សហគមន៍​មិន​មាន​លទ្ធភាព​ទប់ស្កាត់​ក្រុម​កាប់​ឈើ​ជនជាតិ​វៀតណាម បាន​ទេ ពីព្រោះ​ក្រុម​ល្បាត​សហគមន៍​មាន​គ្នា​តិច​ជាង​ក្រុម​អ្នក​លួច​កាប់​ឈើ​នោះ។

ប្រធាន​សហគមន៍​ក្រង់តេះ លោក កិ កើញ មាន​ប្រសាសន៍​ថា ត្រាក់ទ័រ​ច្រើន​គ្រឿង​ត្រូវ​បាន​ជនជាតិ​វៀតណាម ប្រើប្រាស់​សម្រាប់​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ដី​ខ្មែរ។ លោក​អំពាវនាវ​សុំ​ឲ្យ​មន្ត្រី​ជំនាញ​ទប់ស្កាត់​ជា​បន្ទាន់ ដើម្បី​ការពារ​ព្រៃឈើ​ខ្មែរ​បាន​នៅ​គង់វង្ស៖ «»។

សហគមន៍​ក្រង់តេះ ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​ព្រៃ​សហគមន៍​ជិត ៩​ពាន់​ហិកតារ ឋិត​នៅ​ជាប់​នឹង​ព្រៃ​ការពារ​ខេត្ត​មណ្ឌលគិរី រហូត​ទៅ​ទល់​នឹង​ព្រំដែន​ប្រទេស​វៀតណាម ខេត្ត​ដាក់ឡាក់។

ទាក់ទិន​សេចក្ដី​រាយការណ៍​របស់​សហគមន៍​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី លោក វង សុកសិរី ទទួល​ស្គាល់​ថា លោក​ទទួល​បាន​ព័ត៌មាន​នេះ​នឹង​បាន​ចាត់​មន្ត្រី​ចុះ​បង្ក្រាប​កាល​ពី​បី​ថ្ងៃ​មុន​នេះ។ លោក​ថា ព្រៃ​តំបន់​នោះ​ឋិត​នៅ​ដាច់ស្រយាល​ជាប់​តំបន់​ព្រំដែន​ចម្ងាយ​ជាង ២០០​គីឡូម៉ែត្រ​ពី​ស្រុក​ពេជ្រាដា គ្មាន​ផ្លូវ​ធ្វើ​ដំណើរ ទើប​ពលរដ្ឋ​វៀតណាម មាន​លទ្ធភាព​លួច​ចូល​មក​កាប់​ឈើ​បាន។ លោក​ថា មន្ត្រី​ព្រៃឈើ​បាន​រឹប​អូស​ត្រាក់ទ័រ​មួយ​គ្រឿង​នៅ​ក្នុង​បេសកកម្ម​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ​នេះ៖ «»។

សហគមន៍​ព្រៃឈើ​ក្រង់តេះ បាន​ចាត់​ក្រុម​ល្បាត ១០​ក្រុម ចុះ​ទៅ​កាន់​តំបន់​នោះ​ជា​ថ្មី​កាល​ពី ២​ថ្ងៃ​កន្លង​ទៅ​នេះ។ រហូត​មក​ទល់​នឹង​ថ្ងៃ​នេះ ក្រុម​ល្បាត​សហគមន៍​មិន​ទាន់​វិល​ត្រឡប់​នៅ​ឡើយ។

មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កត់សំគាល់​ថា នៅ​តំបន់​ព្រំដែន​ខេត្ត​មណ្ឌលគិរី ការ​ឆ្លង​ដែន​ចូល​កាប់​ឈើ​ក្នុង​ដី​ខ្មែរ​កើត​មាន​ច្រើន​ករណី បើ​ទោះ​បី​សហគមន៍​បាន​ចាប់​ជនជាតិ​វៀតណាម ទាំង​នោះ​ប្រគល់​ជូន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​យ៉ាង​ណា​ក្តី។ លោក​ថា តម្រួត​ព្រំដែន មន្ត្រី​មូលដ្ឋាន និង​មន្ត្រី​ជំនាញ មិន​ទាន់​អនុវត្ត​តួនាទី​របស់​ខ្លួន​បាន​​ត្រឹមត្រូវ​ទាក់ទិន​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​នេះ​នៅ​ឡើយ៖ «»។

របាយការណ៍​អង្កេត​បឋម​របស់​មន្ត្រី​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី ចាប់​ពី​ឆ្នាំ​២០១០ រហូត​បច្ចុប្បន្ន បង្ហាញ​ថា សកម្មភាព​ពលរដ្ឋ​វៀតណាម ចូល​មក​កាប់​ឈើ​ក្នុង​ដី​ខេត្ត​មណ្ឌលគិរី មាន​ស្ទើរ​គ្រប់​ស្រុក គិត​ជា​មធ្យម​មាន​ប្រមាណ ៥០​ករណី ដែល​សហគមន៍​បាន​រាយការណ៍​និង​បង្ក្រាប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។