ព្រឹកស្អែក រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ប្រជុំជាមួយ ព្រះរាជអាជ្ញា នៅទូទាំងប្រទេស ពាក់ព័ន្ធករណី ឆក់ ប្លន់ កំពុងកក្រើក

ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលទេនោះ ថ្ងៃស្អែក វេលាម៉ោង៨ព្រឹក លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នឹងប្រជុំជាបន្ទាន់ ជាមួយព្រះរាជអាជ្ញា នៅទូទាំងប្រទេស ពាក់ព័ន្ធករណីឆក់ប្លន់ ដែលកំពុងកក្រើកក្នុងប្រទេស នាទីស្ដីការក្រសួងយុត្តិធម៌។

បើតាម លិខិតជូនដំណឹងជាផ្លូវការ របស់លោក អង្គ វឌ្ឍានាចុះ ថ្ងៃទី១៤ ខែធ្នូ នេះ បានឲ្យដឹងថា កិច្ចប្រជុំ ក្នុងគោលបំណង ដើម្បីពិនិត្យ ពិភាក្សាអំពីការងារ របស់ស្ថាប័នអយ្យការ ជាពិសេស លើគោលការណ៍ក្នុងការដឹកនាំ និងសម្របសម្រួលព្រហ្មទណ្ឌ។

លិខិតបន្តថា អង្គប្រជុំនេះ ផ្តោតសំខាន់ នឹងសំណុំរឿងពាក់ព័ន្ធ អំពើលួច ឆក់ និងប្លន់ ដែលកំពុងស្ថិត ក្នុងចំណាត់ការ អយ្យការ និងតុលាការ ដែលបានចាត់ការរួច និងដែលទណ្ឌិត ត្រូវបានដោះលែង ចេញពីពន្ធនាគារ។

គួរបញ្ជាក់ថា ការកោះប្រជុំបន្ទាន់នេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការណ៍ជាបន្ទាន់ ក្រោយពីករណី ឆក់ ប្លន់ ដែលបានកើតមានឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ ជាងនេះសម្តេច ស ខេង បានលើកឡើងថា ក្នុងករណីសមត្ថកិច្ចណា ដែលគ្រប់គ្រងអាណាចក្រខ្លួនមិនបាននោះ ស្នងការនគរបាលខេត្តទាំងនោះ បកតួនាទីចេញដោយខ្លួនឯង៕

ព្រឹកស្អែក រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ប្រជុំជាមួយ ព្រះរាជអាជ្ញា នៅទូទាំងប្រទេស ពាក់ព័ន្ធករណី ឆក់ ប្លន់ កំពុងកក្រើក